អូស្ត្រាលី៖ លោក តូនី អាប់បុត នឹងតស៊ូយក តំណែងខ្លួនវិញ នៅអណត្តិក្រោយ

កង់បេរ៉ា៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប់បុត បានប្រកាសនៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ ២០១៦ នេះថា លោកនឹងធ្វើការប្រកួតប្រជែង យកតំណែងដែលខ្លួនធ្លាប់បាន កាន់កាប់នោះមកវិញ នៅក្នុងការបោះឆ្នោតនាអណត្តិក្រោយ បន្ទាប់ពីលោកត្រូវបានគេ ទម្លាក់ ចេញពីតំណែងកាលពីឆ្នាំមុន។ នេះបើតាមការផ្សាយ របស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

លោក អាប់បុត បានធ្លាក់ចេញពី តំណែងជានាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ ២០១៥ និងត្រូវបាន ជំនួសដោយ លោក ម៉ាល់ខូម ធឺនប៊ូល ក្រោយការបោះឆ្នោតផ្តល់ទំនុក ចិត្ត ដែលបានធ្វើ ឡើងនៅក្នុងជួរសមាជិកនៃ គណបក្សកាន់អំណាចមួយនេះ។ ប៉ុន្តែ បើទោះបីជាពេលនេះ លោក ហាក់ចំណាយពេលវេលាច្រើន ដើម្បីបំពេញសេចក្តីសុខ ក្នុងក្រុមគ្រួសារក៏ដោយ ក៏ លោកអះអាងថា នឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសហព័ន្ធ នៅឆ្នាំ ២០១៦ នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ នេះលោក អាប់បុត បានបញ្ជាក់ថា លោកបានទទួល ការលើកទឹកចិត្តពីក្រុមគ្រួសារ និង មិត្តភក្តិជិតស្នីទជាច្រើន ដើម្បីឲ្យរូបលោកបន្តប្រឡូកក្នុង ឆាកនយោបាយ។ អតីតមេដឹកនាំអូស្ត្រាលីរូបនេះ អះអាងដូច្នេះថា “ខ្ញុំបានទទួលការលើក ទឹកចិត្ត និង គាំទ្រ អស់ពីបេះដូង។ ដូច្នេះខ្ញុំត្រូវតែបន្តនយោបាយទៀត ដើម្បីបម្រើប្រទេស ជាតិ បើទោះបីស្ថិតក្នុងតំណែង ត្រឹមជាសមាជិកសភា ក៏ដោយ៕”

អូស្ត្រាលី៖ លោក តូនី អាប់បុត នឹងតស៊ូយក តំណែងខ្លួនវិញ នៅអណត្តិក្រោយ