វេទិកាសេដ្ឋកិច្ច និងនយោបាយអឺរ៉ុប អ៊ុយក្រែន ចាប់ផ្ដើមនៅប៉ូឡូញ

វ៉ាសូវី៖ វេទិកាពិភាក្សាលើកទី៩ ស្ដីពីសេដ្ឋកិច្ច និងនយោបាយរវាងប្រទេសអ៊ុយក្រែន និងអឺរ៉ុប បានចាប់ផ្ដើមឡើង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងទីក្រុងឡូដស៍ ប្រទេសប៉ូឡូញ ដែល វេទិកាពិភាក្សានេះ ស្ថិតក្រោមកាលៈទេសៈថ្មី នៅលើរបៀបវារៈខ្ពស់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះឲ្យដឹងទៀត ថា វេទិកាពិភាក្សារយៈពេល ២ថ្ងៃ រួមជាមួយនឹងគោលដៅពិភាក្សាជិត ៤០ចំណុច និង ក្រុមអ្នកជំនាញជិត ៥០០នាក់មកពីអ៊ុយក្រែន អឺរ៉ុប រុស្ស៊ី និងបណ្ដាប្រទេសជិតខាង រួមទាំង អាមេរិកផងដែរ។

ភ្ញៀវចូលរួមក្នុងព្រឹត្តិការណ៍ នៃវេទិកាពិភាក្សានេះដែរ រួមមានតំណាងរដ្ឋាភិបាល អ្នកនយោបាយ អ្នកជំនួញ ក្រុមមន្រ្តីក្នុងតំបន់ បណ្ដាអង្គការអន្ដរជាតិ ក្រុមការងារ អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាអ្នកមកពីមជ្ឈមណ្ឌលវិភាគនានា។

គួរបញ្ជាក់ថា ក្នុងអំឡុងព្រឹត្តិការណ៍នេះ ក្រុមអ្នកជំនាញ នឹងពិភាក្សាការធ្វើទំនើបកម្ម សក្ដានុពលសេដ្ឋកិច្ចរបស់អ៊ុយក្រែន ថាមពល និងសន្ដិសុខរបស់ប្រទេស រួមទាំងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ជាមួយនឹងប្រទេសប៉ូឡូញ និងបណ្ដាប្រទេសនៅអឺរ៉ុប៕

វេទិកាសេដ្ឋកិច្ច និងនយោបាយអឺរ៉ុប អ៊ុយក្រែន ចាប់ផ្ដើមនៅប៉ូឡូញ