ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ត្រីមាស​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក ដែល​ជា​សញ្ញា​វិជ្ជមាន​នៃ​កំណែ ទម្រង់​ថ្មី​របស់​ប្រធានាធិបតី លោក Joko Widodo បាន​ចាប់ផ្តើម​ទាក់ទាញ​ការ​វិនិយោគ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ។

ការ​វិនិយោគ​ពី​បរទេស​បាន​កើនឡើង​រហូត​ដល់​៧,៩​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​តែ​បី​ខែ ប៉ុណ្ណោះ បើ​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៥ គឺ​បាន​កើនឡើង​៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ត្រីមាស​មុន​ៗ ។ សរុប​មក ការ​វិនិយោគ​ពី​បរទេស​បាន​កើនឡើង​៣% ស្មើនឹង​ទឹកប្រាក់ ២៩,៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​មាន​អត្រា​ថេរ​នៅ​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម ប្រសាសន៍​របស់​ក្រុមប្រឹក្សា​សម្រប​សម្រួលការ​វិនិយោគ បានឱ្យ​ដឹង​ក្នុង​ទីក្រុង​ហ្សា​ការ​តា នា​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក ។

ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នូវ​រូបិយប័ណ្ណ​រូពី ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស និង​កំណើនសេដ្ឋកិច្ច​ខ្សោយ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក លោក Joko Widodo  បាន​ធ្វើ​កំណែទម្រង់​កាលពី​ខែសីហា ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល ។ ខណៈ​ដែល​វិធានការ​មួយ​ចំនួន រួម​មាន វិធានការ​កែប្រែ​បទ​ប្ប​ញ្ញ​តិ្ត​ដែល​តឹង​រ៉ឹ​ង​ហួសហេតុ វិធានការ​កម្ចាត់​អំពើ​ពុក​រលួយ និង​ខ្វះ​ចំណាត់ការ​តាម​ច្បាប់ បណ្តាល​ឲ្យ​រាំងស្ទះ​ដល់​ការ​ទាក់ទាញ​វិនិយោគិន ដែល​អាច​នឹង​ប្រើ​ពេល​យូរ​ជាង​នេះ​ទៀត ។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​វាយនភ័ណ្ឌ លោក Vishnu Swaroop Baldwa ដែល​បាន​បោះទុន​ចំនួន​៣៥០​លាន​ដុល្លារ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ បាន​លើក​ឡើង​ថា ៖ « វា​គឺ​ជំហាន​វិជ្ជមាន​មួយ ខ្ញុំ​គិត​ថា ឆន្ទៈ​គោលនយោបាយ​គឺ​មាន​ហើយ ដែល​ការិយាធិបតេយ្យ​កំពុង​តែ​អនុវត្ត​លើ​វិធានការ​ទាំងនោះ ប៉ុន្តែ​វា​នៅ​មានការ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ត្រូវធ្វើ » ។

គួរ​បញ្ជាក់​ដែរ​ថា ឥណ្ឌូ​ណេ​ស៊ី​មាន​គម្រោង​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​របស់​ខ្លួន​ស្តី​ពី​ឧស្សាហកម្ម​បរទេស​អាច​វិនិយោគ​នៅ​ឥណ្ឌូ​ណេ​ស៊ី​បាន​ក្នុង​ខែមីនា ខាង​មុខ​នេះ ។ ជាមួយនឹង​ការ​កែប្រែ​ច្បាប់​ថ្មី​នេះ ឥណ្ឌូ​ណេ​ស៊ី​រំពឹង​ថា ខ្លួន​នឹង​អាច​ទាក់ទាញ​ការ​វិនិយោគ​បរទេស​១០០% លើ​ឧស្សាហកម្ម​ភាពយន្ត ភោជនីយដ្ឋាន និង​គេហទំព័រ​ពាណិជ្ជកម្ម​តាម​អន​ឡាន​ធំ​ៗ ខណៈ​នឹង​រឹត​បន្តឹង​លើ​វិស័យ​ធនាគារ ។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​វិនិយោគ​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​មាន​សុទិដ្ឋិនិយម​ថា នឹង​ទទួល​បានការ​វិនិយោគ​ប្រមាណ​ជា​៥៩៤,៨​ទ្រី​លាន​រូពី​នៅ​ឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Franky Sibarani  អគ្គនាយក​នៃ​ភ្នាក់ងារ​ក្រុមហ៊ុន BKPM ។

គួរ​រំឭក​ផង​ដែរ​ថា ឧស្សាហកម្ម​ដែនសមុទ្រ​ទទួល​បានការ​វិនិយោគ​ទ្វេ​ដង គិត​ជា​ទឹកប្រាក់​រូពី​កាលពី​ឆ្នាំ​មុន ខណៈ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ពលកម្ម​បាន​ធ្លាក់​ចុះ​១២%​។ ចំណែក​ប្រាក់​ឈ្នួល​អប្បបរមា​បាន​កើនឡើង​ច្រើន​ជាង​១០%​ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ៕