ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​ជាប់​ជា​ប្រទេស​កំពូល​ដែល​មាន​ភាព​ច្នៃប្រឌិត​ល្អ​ជាងគេ​នៅ​លើ​ពិភពលោក ដោយ​ការ​វាយតម្លៃ​ស​ន្ទ​ស្សន៍​ភាព​ច្នៃប្រឌិត​របស់ Bloomberg ប្រចាំឆ្នាំ​២០១៦ ដែល​ដាក់​ពិន្ទុ​លើ​វិស័យសេដ្ឋកិច្ច​ផ្អែក​លើ​ការ​ស្រាវជ្រាវ និង​ការ​ចំណាយ អភិវឌ្ឍន៍ ព្រមទាំង​ផ្តោត​ទៅ​លើ​បណ្តា​ក្រុមហ៊ុន​ជា​សាធារណៈ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​អា​ល្លឺ​ម៉​ង់ ជប៉ុន និង​ណូ​វែ​ល​សេ​ឡង់ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មានគំនិត​ច្នៃប្រឌិត​កំពូល​ទាំង​៥ នៅ​លើ​សកលលោក ។

កូរ៉េ​ខាងត្បូង​បាន​នាំ​មុខជា​ប្រទេស​ដែល​មាន​ពិន្ទុ​ខ្ពស់​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​វិស័យ​ឧស្សាហកម្ម ក៏​ដូច​ជា​វិស័យ​ឧស្សាហកម្ម សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ វិធានការ​នេះ​រួម​មាន ឈ្មោះ​របស់​និស្សិត​អប់រំ​ជាន់ខ្ពស់​មានការ​កើនឡើង ជា​ពិសេស វិស័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​តែ​ម្តង ។ 

ក្នុង​នាម​ជា​ប្រទេស​នាំមុខ​គេ​ខាង​ភាព​ច្នៃប្រឌិត​ខ្ពស់​នៅ​លើ​ពិភពលោក​នេះ នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាងត្បូង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ដែល​នឹង​ចូលរួម​ចំណែក​ដល់​វិស្វកម្ម​របស់​ខ្លួន​ក្នុង​ពិភពលោក​ផង​ដែរ ។ ជាង​នេះ​ទៀត នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាងត្បូង​មាន​ពន្លឺ​ថ្មី​ក្នុង​ការ​រើប​ឡើង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ខ្លាំង ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Marcus Noland អគ្គនាយក​វិទ្យាស្ថាន Peterson ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន សម្រាប់ សេដ្ឋកិច្ច​អន្តរជាតិ ដែល​ផ្តោត​ទៅ​លើ​ប្រទេស​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង ។

លោក Marcus Noland បន្ត​ថា ៖ « កូរ៉េ​ខាងត្បូង​មានការ​អភិវឌ្ឍ​លឿន​ជាង​ប្រទេស​ជប៉ុន និង​ចិន សម្រាប់​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី  ។ កូរ៉េ​ខាងត្បូង​មាន​អត្រា​ប្រាក់ខែ​តិច​ជាង​ប្រទេស​ចិន ប៉ុន្តែ​មាន​បច្ចេកវិទ្យា​ខ្ពស់​ជាង​ប្រទេស​ជប៉ុន ដូច្នេះ​ហើយ​កូរ៉េ​ខាងត្បូង​ចាំបាច់​ត្រូវ​រក្សា​ជំហរ​ប្រតិបត្តិ​ល្អ​របស់​ខ្លួន​ជា​បន្ទាន់ » ។

បណ្តា​ប្រទេស​ជា​ច្រើន​ក្រៅពី​កូរ៉េ​ខាងត្បូង គឺ​អាច​ជួប​ប្រទះ​នឹង​ហានិភ័យ​នេះ​ដូច​គ្នា ជាមួយនឹង​វិបត្តិ​កំណើនសេដ្ឋកិច្ច ការ​កើនឡើង​នៃ​វិសមភាព ឱកាស​ការងារ​កាន់តែ​តិច ដែល​ធ្វើ​ឲ្យ​អ្នក​បង្កើត​ច្បាប់ និង​បណ្តា​ប្រទេស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​មានការ​ខ្វល់ខ្វាយ​ពី​កំណើនសេដ្ឋកិច្ច​នេះ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ទីផ្សារ​ចិន​បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាងត្បូង​រង​នូវ​ភាព​រំជើបរំជួល​យ៉ាង​ខ្លាំង ដែល ធនាគារកណ្តាល​បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​ទៅ​លើ​កំណើនសេដ្ឋកិច្ច ។ ការ​ព្យាករ​នេះ ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ផលិតផល​ក្នុងស្រុក​សរុប​មាន​អត្រា​៣% ក្នុង​ឆ្នាំ​២០១៦ ទាប​ជាង​ការ​ព្យាករ​លើក​ដំបូង​មាន​អត្រា​៣,២% ។ ជាង​នេះ​ទៀត ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥ ត្រូវ​បាន​បន្ថយ​មក​នៅ​ត្រឹម​២,៦% ដែល​ទាប​ជាង​ការ​ព្យាករ​លើក​ដំបូង​២,៧% ។ 

សេដ្ឋវិទូ​សកល​នៃ​ក្រុមហ៊ុន​មូលប័ត្រ Wells Fargo Securities LLC ប្រចាំ​ទីក្រុង Charlotte សហរដ្ឋអាមេរិក លោក Jay Bryson លើក​ឡើង​ថា ៖ « ប្រសិនជា​ប្រទេស​មានការ​ច្នៃប្រឌិត​ខ្ពស់​លើ​កំណើនសេដ្ឋកិច្ច​នោះ​វិស័យ​ផ្សេង​ទៀត ក៏​មានការ​រីក​ចម្រើន​ដូច​គ្នា ហើយ​ប្រទេស​នោះ​នឹង​មាន​កំណើន​ផលិតកម្ម​ខ្ពស់ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នឹង​កើន​ឡើងជា​បន្តបន្ទាប់ » ។ 

លោក Jay Bryson បន្ត​ទៀត​ថា ៖ « មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក សហរដ្ឋអាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​៨, មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​២១ ក្នុង​ការ​វាយតម្លៃ​ស​ន្ទ​ស្សន៍​ភាព​ច្នៃប្រឌិត​សកល ដែល​ប្រទេស​ទាំង​ពីរ​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ចម្លង​ជា​ជាង​បង្កើត​ដោយ​ខ្លួនឯង » ។

ដូច​គ្នា​នេះ​ដែរ បណ្តា​ប្រទេស​ដទៃ ក៏​មាន​អត្ថប្រយោជន៍​លើ​កម្លាំង​ពលកម្ម​ថោក​ជាង​អត្ថប្រយោជន៍​បច្ចេកវិទ្យា​ខ្ពស់ ។ ជាក់ស្តែង អាហ្វ្រិក និង​ប្រទេស​ទុ​យ​នេ​ស៊ី​ជាប់​លេខ​៤៦ ចំណែក​ប្រទេស​ម៉ា​រ៉ុ​ក អា​មេ​រិ​កឡា​ទី​ន និង​អា​ហ្ស​ង់​ទីណា ជាប់​លេខ​៤៩ គឺ​ជាប់​ក្នុង​ចំណោម​ប្រទេស​៥០ ដែល​មាន​សេដ្ឋកិច្ច​ច្នៃប្រឌិត ។ ដោយឡែក ៦​ប្រទេស​ទៀត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ច្នៃប្រឌិត​ខ្ពស់​ទាំង​១០ បាន​ទៅ​លើ​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប និង​៣​ប្រទេស​ទៀត​មក​ពី​អាស៊ី ៕