ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងមកថា​ ក្រុមកម្មករជិត១០០នាក់បម្រើការងារ​នៅរោងចក្រអ៊ែរជ្យាយ័ន​ មានទីតំាងស្ថិត​នៅ​ក្នុុង​ភូមិ​តាឱង​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ បានមកប្រមូលផ្តុំគ្នា​នៅមុខក្រសួងការងារនិង​ ​បណ្តុះបណ្តាលវិជ្ជាជីវៈប្រយោជន៍ដើម្បី​ទាមទារ​លក្ខខណ្ឌការងារ ៩​ចំណុច​ដូចជា សុំដកប្រធានរដ្ឋបាល​រោងចក្រ​សុំឲ្យ​ថៅកែ​រោងចក្រអនុញ្ញាតឲ្យកម្មករ​ឈប់ពេលមានធុរៈចំបាច់​ ផ្តល់បា្រក់ធ្វើដំណើរ៣ដុល្លារ​ សុំឲ្យថៅកែដកពាក្យ​បណ្តឹង​ (ប្តឹង​កម្មករនិងតំណាង) ​សុំកុំបញ្ឈប់កម្មករអំឡុងពេលចូលរួមធ្វើកូដកម្ម ​សុំដំឡើងតម្លៃឡូតាមកម្រិតនៃអាវដែលដេរ ​បន្ថែមបា្រក់បាយពេលល្ងាច ២០០០រៀល​និងស្នើក្រុមហ៊ុន​គិត​បា្រក់ឈ្នួលគុណ​នឹងពីរ២អំឡុងពេលធ្វើការ​ក្នុងថ្ងៃបុណ្យឈប់សម្រាក ។

សេចក្តីរាយការណ៍បានបន្តថា​ ការតវ៉ារបស់ក្រុមកម្មករ​នៅមុខទីស្តីការក្រសួងការងារ​វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ មករា ​២០១៦នេះ ​បានធ្វើឡើងបន្ទាប់ពីក្រុម​កម្មករ​បានអះអាងថា ​ពួកគេបានធ្វើកូដកម្មតវ៉ាជិតមួយ​ខែមកហើយនិងការឡើងមកតវ៉ា​នៅក្រសួងនាពេលនេះក៍ជាលើកទី៧ផងដែរ ​ប៉ុន្តែនៅតែមិនទាន់មាន​ដំណោះ​ស្រាយ ៕