វិចារណកថាៈ ស្វាគមន៍លោក ចន ឃែរី មកកម្ពុជា

 តាមគម្រោងលោក ចន ឃែរី រដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក មកបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ ។ ដំណើរទសន្សកិច្ច របស់ប្រមុខការទូត សហរដ្ឋអាមេរិក មកកម្ពុជា បានធ្វើឲ្យមជ្ឈដ្ឋាននានា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះលោក ចន ឃែរី បានយកចិត្តទុក ដាក់មកលើបញ្ហាក្នុងប្រទេសកម្ពុជា តាំងពីពេលដែលលោក នៅធ្វើជាសមាជិកព្រឹទ្ធសភា សហរដ្ឋ អាមេរិក។ មានការវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី មកកម្ពុជា អាចធ្វើឲ្យទំនាក់ទំនងការទូត ក៏ដូចជាបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-កម្ពុជា មានសភាពកាន់តែប្រសើរ ជាងមុនទៅទៀត។ ដូច្នេះហើយ ទើបកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់ប្រមុខការ ទូតអាមេរិកលោក ចន ឃែរី មកកាន់ប្រទេសកម្ពុជា នៅដើមឆ្នាំ២០១៦នេះ។

 លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជា ពង្រឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការទូតរវាង ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី ពេល នេះ ធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកម្ពុជា ក្នុងបំណងពង្រឹង និងពង្រីក បន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ។ ប្រការនេះហើយ ដែលមជ្ឈដ្ឋាននានា វាយតម្លៃថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក-កម្ពុជា កាន់តែរឹងមាំ និងល្អប្រសើរ ដើម្បីផលប្រយោជន៍ ប្រទេសទាំងពីរ។ លើសនេះទៅទៀត សហរដ្ឋអាមេរិក នឹងមើលឃើញកាន់តែច្បាស់ចំពោះស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ពេលដែលលោក ចន ឃែរី មកកម្ពុជាដោយផ្ទាល់។

 សូមបញ្ជាក់ដែរថា កាលនៅធ្វើជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ចន ឃែរី តែងតែយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះបញ្ហា ដែលកើតមាននៅកម្ពុជា ជាពិសេសទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិប តេយ្យ និងករណីជួញដូរមនុស្សជាដើម ។ ទន្ទឹមនឹងនេះ លោក ចន ឃែរី គឺជាអ្នកជួយជំរុញយ៉ាងខ្លាំង ដើម្បីបង្កើតសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ហើយរហូតមកដល់ពេលនេះ សាលាក្តីខ្មែរក្រហម កំពុងដំណើរការទៅមុខ។ ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី នៅពេលនេះ គឺជាបញ្ហាសំខាន់បំផុត ដើម្បីឲ្យសហរដ្ឋអាមេរិកមើលឃើញកាន់តែច្បាស់ចំពោះស្ថានភាពគ្រប់វិស័យនៅកម្ពុជា។ ដោយហេតុថា ក្រៅពីជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន គឺលោក ចន ឃែរី ត្រូវជួបជាមួយមេដឹកនាំគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។

 អ្នកតាមដានស្ថានភាពនយោបាយ នៅកម្ពុជាបានកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ សហរដ្ឋអា មេរិកបានបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ជាក់ស្តែងសមាជិកសភា អាមេរិកជាច្រើនរូប បានបង្ហាញនូវជំហរគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ។ មិនតែប៉ុណ្ណោះ ថ្មីៗកន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានចេញលិខិតអបអរថ្ងៃ ៧មករា ដែលជាថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។ ប្រការនេះហើយ ដែលធ្វើឲ្យទំនាក់ទំនង ការទូត កម្ពុជា-អាមេរិក កាន់តែប្រសើរ រហូតដល់លោក ចន ឃែរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក មកបំពេញទស្សន កិច្ចនៅកម្ពុជា។ ចំណងទាក់ទងនេះ មានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យកម្ពុជាកាន់តែមានការរីកចម្រើន ឆាប់រហ័ស ហើយមានភាពរឹងមាំទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាបញ្ហាសង្គមកិច្ចផ្សេងៗទៀត។

 ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក មកកាន់ប្រទេសកម្ពុជាបានកើតឡើង មុនពេលដែលសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ាន ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅពាក់កណ្តាលខែកុម្ភៈខាងមុខ។ ដូច្នេះដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី គឺជាបញ្ហាដ៏សំខាន់ ដែល កំពុងតែធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា។ កិច្ចពិភាក្សា រវាងលោក ចន ឃែរី ជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា អាចធ្វើឲ្យសហរដ្ឋអាមេរិក មើលឃើញកាន់តែច្បាស់រាល់បញ្ហានៅកម្ពុជា។ តាមរយៈកិច្ចសហ ប្រតិបត្តិការនេះ សហរដ្ឋអាមេរិក នឹងជួយដល់កម្ពុជាកាន់តែច្រើនថែមទៀត លើគ្រប់វិស័យ ដូចជាវិស័យអប់រំ វិស័យសុខាភិបាល បន្ថែមទៅលើវិស័យការពារជាតិ ។

សរុបសេចក្តីមក កម្ពុជាស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក រយៈពេល ២ថ្ងៃ ព្រោះដំណើរទស្សនកិច្ចនេះ អាចធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាកាន់តែប្រសើរ។ មានន័យថា លោក ចន ឃែរី នឹងមើលឃើញកាន់តែច្បាស់រាល់បញ្ហា ដែលកើតឡើង ព្រោះលោក ចន ឃែរី ត្រូវជាជួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ។ ក្រៅពីនេះ លោក ចន ឃែរី នឹងជួបពិភាក្សាជាមួយមេដឹកនាំគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល ដើម្បីស្វែងយល់ពីស្ថានការណ៍ នយោបាយ និងបញ្ហាផ្សេងៗជាច្រើនទៀត នៅកម្ពុជាបច្ចុប្បន្ន។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក កាន់តែរឹងមាំ ហើយសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយកាន់តែច្រើនសម្រាប់ កម្ពុជា ហើយធ្វើឲ្យស្ថានភាពនយោបាយកាន់តែប្រសើរ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កាន់តែ ល្អជាងមុនជាមិនខាន ព្រោះលោក ចន ឃែរី តែងយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា៕