នាយករដ្ឋមន្ត្រី ឲ្យបង្វែរការដឹកទំនិញធ្ងន់ៗលើ ផ្លូវជាតិលេខ៤ មកដឹកតាមផ្លូវដែកវិញ

ភ្នំពេញ៖ ខណៈផ្លូវដែក ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានជួសជុលឡើងវិញ និងរថភ្លើងអាចបើកបរបាននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យបង្វែរការដឹកទំនិញធ្ងន់ៗ តាមផ្លូវជាតិលេខ៤ មកដឹកតាមផ្លូវដែក វិញម្តង។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៥ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គឺមានផ្លូវដែកដែលដំណើរការ ទន្ទឹមជាមួយគ្នានោះ ផ្លូវជាតិលេខ៤ ក៏មិនត្រូវបង់ប្រាក់ទៀតទេ ក៏អាចជួយសម្រួលដល់បញ្ហាការប្រកួតប្រជែង សម្រួលដល់ប្រជាពលរដ្ឋ និងសម្រួលដល់បញ្ហាពាណិជ្ជកម្មរបស់កម្ពុជា ផងដែរ។

សម្តេចបានបន្តថា “ប៉ុន្តែបញ្ហាដែលត្រូវគួរឲ្យយកចិត្តទុកដាក់នៅត្រង់ថា ការដឹកជញ្ជូនខ្លះវាធ្ងន់ហួស អីចឹងការដែលដឹកជញ្ជូនធ្ងន់ហួសនេះ តម្រូវឲ្យមានការគិតគូរបង្វែរទៅកាន់ការដឹកជញ្ជូនតាមផ្លូវរថភ្លើងវិញ សម្រាប់បម្រើឲ្យការនាំចេញ និងការដែលត្រូវនាំចូល។ អាធ្ងន់ៗជាដែក ជាស៊ីម៉ងតិ៍ អាស្អីមួយចំនួនវាលែងពួយដល់ ៨០តោនអីចឹង វាមិនងាប់ផ្លូវហើយ អីចឹងទេបញ្ហានេះ ក៏ត្រូវគិតឲ្យបានម៉ត់ចត់ជាមួយនឹងការបង្វែរទិស ហើយធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន អ្នកដែលត្រូវដឹកជញ្ជូន ដើម្បីឲ្យគេផ្ទេរបណ្តើរៗ”។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ពីមុនមកផ្លូវដែករបស់កម្ពុជាមានបញ្ហា ឥឡូវផ្លូវដែកបានដំណើរការហើយ អីចឹងត្រូវបង្វែរទិស ទៅកាន់ការដឹកជញ្ជូនតាមផ្លូវដែក ដែលតម្រង់ឆ្ពោះពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីព្រះសីហនុ មកកាន់ភ្នំពេញ ទៅលើមុខទំនិញមួយចំនួនគឺមិនទាំងអស់នោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវ៉េ បានធ្វើការសាកល្បងដឹកភ្ញៀវទេសចរតាមរថភ្លើង ចំនួន៣ទូអាចផ្ទុកមនុស្សចំនួន ១៥០នាក់  ហើយទូរថភ្លើងទាំង៣ទូនោះ មានទូរថភ្លើង សម្រាប់ប្រភេទ VIP និង២ទូទៀត សម្រាប់ភ្ញៀវទេសចរធម្មតា។ ការចេញ ដំណើរពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ និងពីខេត្តព្រះសីហនុ មកកាន់ភ្នំពេញប្រើរយៈពេល៨ម៉ោង ផ្លូវដែកមានចម្ងាយ ២៦០គីឡូម៉ែត្រ ហើយបើកក្នុងល្បឿន ៣៥គីឡូម៉ែត្រ ក្នុង ១ម៉ោង៕

នាយករដ្ឋមន្ត្រី ឲ្យបង្វែរការដឹកទំនិញធ្ងន់ៗលើ ផ្លូវជាតិលេខ៤ មកដឹកតាមផ្លូវដែកវិញ

នាយករដ្ឋមន្ត្រី ឲ្យបង្វែរការដឹកទំនិញធ្ងន់ៗលើ ផ្លូវជាតិលេខ៤ មកដឹកតាមផ្លូវដែកវិញ

នាយករដ្ឋមន្ត្រី ឲ្យបង្វែរការដឹកទំនិញធ្ងន់ៗលើ ផ្លូវជាតិលេខ៤ មកដឹកតាមផ្លូវដែកវិញ