ក្រុមហ៊ុន​OCIC របស់​មេ​ឈ្មួញ ពុង ឃាវ​សែ នៅតែ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ជ្រោយចង្វា​

ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ចំនួន​៦​នៃ​ខណ្ឌ​ជ្រោយចង្វា ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​OCIC របស់​មេ​ឈ្មួញ ពុង ឃាវ​សែ ម្ចាស់​ធនាគារ​កាណាឌីយ៉ា បំពាន​លើ​ដីធ្លី​របស់​ពួកគាត់​បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ធ្វើយ៉ាងណា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចាត់វិធានការ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​។ ក្នុង​សន្ន​សីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ តំណាង​សហគមន៍​ដែល​រស់​នៅជាប់​ផ្លូវជាតិ​លេខ​៦​អា ក្នុង​សង្កាត់​ព្រែកលៀប បាន​អះអាងថា​ក្រុមហ៊ុន​OCIC បំពាន​លើដី​ធ្លី​លំនៅដ្ឋាន​និង​ដីចម្ការ​របស់​ពួកគាត់​យ៉ាង​កំរោល ហើយ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនទាន់​ជួយ​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅឡើយ​។​

​តំណាង​សហគមន៍​ទាំង​៦​ដែល​ត្រូវ​ក្រុមហ៊ុន​OCIC របស់​មេ​ឈ្មួញ ពុង ឃាវ​សែ រំលោភ​យក​ដី​លំនៅដ្ឋាន​និង​ដីចម្ការ​បាន​ឲ្យ​ដឹងថា ដី​ទំហំ​១៤០​ហិកតា ត្រូវបាន​ប្រជាពលរដ្ឋ​២៤៤​គ្រួសារ​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩​រហូតមក ដោយមាន​ការទទួលស្គាល់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ក៏ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមហ៊ុន​OCIC បាន​បូម​ខ្សាច់​ពន្លិច​យក​ដី​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក ហើយ​នៅ​មិនទាន់មាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សន្ន​សីទ​សារព័ត៌មាន​ដើម្បី​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ព​ន្លឿ​ន​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​ករណី​ជម្លោះដីធ្លី​នៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា បាន​លើកឡើងថា​ក្រុមហ៊ុន​OCIC របស់​មេ​ឈ្មួញ ពុង ឃាវ​សែ ដែលជា​ម្ចាស់​ធនាគារ​កណា​ឌី​យ៉ា និង​ជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​កោះ​ពេជ្រ បាន​ប្រើ​អំណាច​បំពាន​លើ​ដីធ្លី​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៦​សហគមន៍​យ៉ាង​គឃ្លើន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ក្រុមហ៊ុន​OCIC ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​ត្រឹម​១០​ទៅ​១៥​ដុល្លារ​ក្នុង​ម៉ែត្រការ៉េ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួលយក ព្រោះ​តម្លៃ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន គឺ​៤០០​ទៅ​៦០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​OCIC របស់​មេ​ឈ្មួញ ពុង ឃាវ​សែ បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះសម្បែង​និង​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។ ជុំវិញ​ជម្លោះដីធ្លី​នេះ​ប្រជាពលរដ្ឋ​តវ៉ា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​និង​អាជ្ញាធរ​រាជធានី ជួយ​ដោះស្រាយ​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​៕

Pug Keavseaមេឈ្មួញ ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុនOCIC  160124-land-dipute-1-2016-01-24 160124-land-dipute-5 160124-land-dipute-4