លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិន​ខ្វល់​រឿង​ឈ្មួញ​ជីករណ្ដៅ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ មាន​ឈ្មួញ​៤​នាក់​ធ្វើ​អាជីវកម្ម​ជីករណ្ដៅ​ដី​និង​ដឹកជញ្ជូន​អាចម៍ដី​លក់​បំផ្លាញ​ផ្លូវថ្នល់ ធ្វើ​ឲ្យ​ដី​ហុយ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់ ហើយ​អភិបាលក្រុង​បាត់ដំបង ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ឈ្មួញ​ទាំង​៤​នាក់​នោះ​មានឈ្មោះ ហេង អេង ឈ្មោះ ហុង ឆាយ ឈ្មោះ ព្រួញ ស៊ីថា និង​ឈ្មោះ ហុង ហួន ដែល​ធ្វើ​សកម្មភាព​ជីករណ្ដៅ​ដី​និង​ដឹកជញ្ជូន​អាចម៍ដី​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​។ ក្នុងនោះ​ឈ្មួញ​ឈ្មោះ ហេង អេង មានអំណាច​ខ្លាំងជាងគេ​ដោយសារតែ​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​មួយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង​។

​រណ្ដៅ​ដី​ធំៗ​របស់​ឈ្មួញ​ទាំង​៤​នាក់​នេះ មាន​ជម្រៅ​ដល់​ក្បាល​ប្រេត បើ​ទោះ​ច្បាប់​អនុញ្ញាត​ឲ្យ​ជីក​ត្រឹម​៥​ម៉ែត្រ​ក៏ដោយ ហើយ​មិន​ដែលមាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ​រណ្ដៅ​ដី​របស់​ឈ្មួញ​ទាំង​៤​នាក់​នេះឡើយ​។ ទីតាំង​ដែល​ឈ្មួញ​ទាំង​៤​នាក់​នេះ កំពុង​ធ្វើ​សកម្មភាព​ជីករណ្ដៅ​ដី គឺ​នៅ​ក្នុងភូមិ​ព្រៃ​កូន​សេក ភូមិ​អូរ​ចារ ភូមិ​ច្រាប​ក្រសាំង និង​ភូមិ​អន្លង់​វិល​ជាដើម ក្នុង​មួយថ្ងៃៗ​គេ​ដឹកជញ្ជូន​អាចម៍ដី​រាប់រយ​រថយន្ត​លក់​ឲ្យ​អតិថិជន​ក្នុង​ក្រុង​បាត់ដំបង​។ ទីតាំង​រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ហេង អេង មាន​ទំហំ​ធំជាងគេ​និង​ជ្រៅ​ជាងគេ​ក្នុងភូមិ​ច្រាប​ក្រសាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនចៅ​ពួកគាត់ ក៏ដូចជា​សត្វពាហនៈ​ដែល​អាច​ធ្លាក់​ទៅក្នុង​រណ្ដៅ​ដី​នោះ​នៅ​រដូវវស្សា​។

អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ឈ្មួញ​ឈ្មោះ ហេង អេង បាន​និយាយ​ជា​សាធារណៈ​ថា តាមច្បាប់​ខ្លួន​អាច​កាយ​អាចម៍ដី​ត្រឹម​ជម្រៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ តែបើ​អនុវត្តន៍​តាមច្បាប់​គឺ​គ្មាន​ចំណេញ​នោះទេ​។ ហេតុនេះហើយ​ទើប​អ្នក​ប្រកប​អាជីវកម្ម​ជីករណ្ដៅ​ដី បាន​ជីក​ជម្រៅ​ដល់​ក្បាល​ប្រេត​ដើម្បី​មាន​ផលចំណេញ ហើយ​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត លោក អ៊ា​ន មាឃ​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ប្រសិនបើ​គ្មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី​ទាំង​៤​នាក់​នោះទេ គួរ​ចាត់វិធានការ​ទៅលើ​ឈ្មួញ​ទាំងនោះ​ជាបន្ទាន់​។ ដោយហេតុថា ឈ្មួញ​ទាំងនោះ​មិន​គោរព​តាមច្បាប់​អនុញ្ញាត​របស់​មន្ទីរ​ពា​ក់​ព័ន្ធ​នោះទេ ហើយ​កំពុង​ជីករណ្ដៅ​ដី​ទំហំ​ធំៗ​ជ្រៅៗ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​និង​ដឹកជញ្ជូន​អាចម៍ដី​បំផ្លាញ​ផ្លូវថ្នល់​ក្នុងភូមិ​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​៕

03លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង land-dick-bbong