ឧកញ៉ា ប៉េង ជា ត្រូវបាន​ពលរដ្ឋ​ជាង​១០០​គ្រួសារ លើកគ្នា​តវ៉ា​រឿង​ចាក់ដី​រំលោភ​យក​អូរ​

សកម្មជន​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​បាន​រាយការណ៍​មក​ថា​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ បាន​ប្តឹងទៅ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​នូវ​ការចាក់ដី​រំលោភ​ចំណី​អូរ​ពី​សំណាក់ លោក​ឧកញ៉ា ប៉េង ជា បន្ទាប់ពី​ពួកគាត់​បានឃើញ​រថយន្ត និង​គ្រឿងចក្រ​របស់លោក​ឧកញ៉ា​កំពុង​ធ្វើ​សកម្មភាព​ចាក់ដី​លុប​អូរ ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ នៅ​ចំណុច​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បញ្ហា​ជម្លោះដីធ្លី​នៅតែ​បន្ត​កើតមាន​ច្រើន​ករណី​នៅឡើយ​ទេ​នៅលើ​ទឹកដី​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ព្រោះ​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ពី​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​លេខ​៤ បាន​រៀបរាប់ថា តាំងពីដើម​មក​អូរ​នៅមាន​ទំហំ​៨​ម៉ែត្រ ផ្ទះ​របស់​ពួកគាត់​បាន​លិច​ទឹក​ម្តងម្កាល តែ​ពេល​លោក​ឧកញ៉ា ប៉េង ជា ចាក់ដី​លើក​ទី​១ ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគាត់​លិច​ស្ទើរ​រាល់ពេល​ដែលមាន​ភ្លៀង ហើយ​នៅពេលនេះ​លោក​ឧកញ៉ា ប៉េង ជា ដដែល​បានធ្វើ​សកម្មភាព​ចាក់ដី​រំលោភ​អូរ​ជា​លើក​ទី​២​បន្ថែមទៀត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សកម្មភាព​គឃ្លើន​របស់​ឧកញ៉ា ប៉េង ជា ម្តង​ហើយ​ម្តងទៀត​ទើប​ពួកគាត់​ចេញមុខ​ប្រឆាំង​ជាដាច់ខាត មិន​អនុញ្ញាត​ឲ្យ​លោក​ឧកញ៉ា ប៉េង ជា ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះទេ​។​

​សកម្មជន​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា បន្ទាប់ពី​មានការ​តវ៉ា​យ៉ាង​ផុសផុល​ពី​សំណាក់​ពលរដ្ឋ​សង្កាត់​លេខ​៤​រួចមក អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង ត្រូវគេ​សង្កេតឃើញថា​បាន​អញ្ជើញ​តំណាង​ពលរដ្ឋ​មក​ធ្វើការ​សាកសួរ និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​មាន​អំណះអំណាង ព្រមទាំង​ដាក់ពាក្យ​បណ្តឹង​ជាមុនសិន បន្ទាប់មក​លោក​នឹង​អញ្ជើញលោក​ឧកញ៉ា ប៉េង ជា មក​សាកសួរ​ជុំវិញ​បញ្ហា​ចាក់ដី​នេះ​ថា តើ​មាន​ឯកសារ​អ្វីខ្លះ​ដែលជា​សំអាង​កម្មសិទ្ធិ​នោះ​។

​យ៉ាងណាក្តី​ប្រជាពលរដ្ឋ​សង្កាត់​លេខ​៤ បាន​បញ្ជាក់ថា ពួកគាត់​គ្មាន​ប័ណ្ណកម្មសិទ្ធិ​លើដី​អូរ​សាធារណៈ​របស់​រដ្ឋ​នោះទេ ពួកគាត់​មានតែ​ប័ណ្ណកម្មសិទ្ធិ​លើផ្ទះ និង​ដី​របស់​ពួកគាត់ ហើយ​លោក ឧកញ៉ា ក៏​មិន​ត្រូវមាន​ប័ណ្ណកម្មសិទ្ធិ​លើ​អូរ​សាធារណៈ​របស់​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​រួមគ្នា​រាប់សិប​ឆ្នាំ​មកហើយ​នោះដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​អាជ្ញាធរ​ណា​ហ៊ាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​លើ​អូរ​សាធារណៈ​ឲ្យ​អ្នកមានអំណាច​មកចាក់​ដី​រំលោភ​យក​ជា​ប្រយោជន៍​ឯកជន​វា​ជា​អំពើ​ល្មើសច្បាប់ និង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​៕

Pic04