មេបញ្ជាការ យោធាភូមា ប្រកាសជាថ្មី គាំទ្ររដ្ឋាភិបាលថ្មី របស់លោកស្រី អ៊ុងសាន ស៊ូជី

រ៉ង់ហ្គូន៖ អគ្គមេញ្ជាការយោធា របស់សហភាពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុង ហ្លេង បានប្រកាស នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ ២០១៦ នេះថា ស្ថាប័នយោធា នឹងគាំទ្រយ៉ាងពេញ ទំហឹង ចំពោះរដ្ឋាភិបាលនិងសភាថ្មី ដែលនឹងឡើងកាន់អំណាចជាផ្លូវការ នៅខែមីនា ខាងមុខ។ នេះ បើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ។

ការប្រកាសគាំទ្រនេះ បន្ទាប់ពីគណបក្សឈ្នះឆ្នោត របស់លោកស្រី អ៊ុង សានស៊ូជី បាន បំពេញការងារជា ច្រើននៅក្នុងសភា រួចទៅហើយ ដើម្បីឈានទៅកាន់តំណែងក្នុងពេល ឆាប់ៗ។ ក្នុងនោះ លោកស្រី ស៊ូជី បានលើកឡើងកាលពីសប្តាហ៍មុននេះថា នឹងសម្រេច ឲ្យបាននូវការអនុវត្តន៍ច្បាប់ យ៉ាងពេញលេញ ដើម្បីរក្សាឲ្យបាននូវសន្តិភាព យូរអង្វែងសម្រាប់ប្រទេសជាតិ។

ចំពោះការថ្លែងរបស់លោកឧត្តមសេនីយ៍ មីន អ៊ុង ហ្លេង នោះដែរ បានធ្វើឡើងនៅចំពោះ មុខមន្ត្រីនៃក្រុម ប្រឹក្សាព័ត៌មាន ក្នុងកិច្ចប្រជុំដែលប្រារព្ធឡើងនៅរដ្ឋធានី ណៃពិដោ។ នៅក្នុង នោះដែរ លោកបានអំពាវនាវ ឲ្យស្ថាប័នសារព័ត៌មានទាំងអស់ ព្យាយាមបំពេញការងារ ប្រកប ដោយការទទួលខុសត្រូវ ដើម្បីដើរតួនាទី សំខាន់ក្នុងការបម្រើសង្គម និង សមស្របទៅតាម លទ្ធិប្រជាធិបតេយ្យ ដែលមីយ៉ាន់ម៉ា កំពុងអនុវត្តន៍។

គួរបញ្ជាក់ថា បញ្ហាធំនៅឡើយ ដែលមីយ៉ាន់ម៉ា កំពុងជួបប្រទះ និងត្រូវការរដ្ឋាភិបាលថ្មី ដោះស្រាយដោយ ប្រុងប្រយ័ត្ននោះ គឺ ការពិភាក្សាស្វែងរកសន្តិភាព រវាងក្រុមជនជាតិភាគ តិចប្រដាប់អាវុធ ដែលបាន និង កំពុងរៀបចំធ្វើឡើងនៅឡើយ៕

មេបញ្ជាការ យោធាភូមា ប្រកាសជាថ្មី គាំទ្ររដ្ឋាភិបាលថ្មី របស់លោកស្រី អ៊ុងសាន ស៊ូជី