លោក Jean Claude ប្ដេជ្ញារៀបចំ Ultra Trail Angkor ឲ្យជោគជ័យ ក្នុងរយៈពេល ១០ឆ្នាំ

ភ្នំពេញ៖ កម្មវិធីរត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail Angkor លើកទី១ ដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយ អ្នកជំនាញបារាំង នៅទីលានប្រជល់ដំរី ក្រុងអង្គរ ខេត្ដសៀមរាប បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី២៤ ខែមករាម្សិលមិញ ជាមួយនឹងសមិទ្ធិផល ដ៏ល្អប្រសើរមួយ ក្រោយមានអត្តពលិកប្រមាណ ២៥០នាក់ មកពី ២៦ប្រទេសលើពិភពលោកចូលរួម ។

ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ រត់ចម្ងាយឆ្ងាយ ៣២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង ១២៨គីឡូម៉ែត្រ កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានមានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលកម្ពុជា រៀបចំឲ្យមានព្រឹត្តិការណ៍កីឡាប្លែកបែបទេសចរណ៍នេះ ប៉ុន្ដែជាជំហានដំបូង វាមិនទាន់ទទួល បានជោគជ័យអ្វីធំដុំភ្លាមៗនោះទេ គ្រាន់តែយើងបានបញ្ចប់យ៉ាងរលូន ដោយគ្មានការរាំងស្ទះអ្វីឡើយ ។

ដោយឡែកលោក Jean Claude អ្នកជំនាញជនជាតិបារាំង ដែលជាអ្នករៀបចំព្រឹត្តិការណ៍ Ultra Trail Angkor នេះ បានលើកឡើងថា ថ្វីត្បិតនេះជាការរៀបចំលើកទី១ ប៉ុន្ដែបើប្រៀបធៀបនឹងបទពិសោធន៍ ២០ឆ្នាំ ដែលលោក ធ្លាប់រៀបចំកម្មវិធី Ultra Marathon នៅលើពិភពលោកវិញ លោកគិតថា ការរៀបចំនេះ(Ultra Trail Angkor) ពិតជាទទួលបានលទ្ធផល ល្អប្រសើរអាចទទួលយកបាន ។

លោកបន្ដថា ចំពោះអត្តពលិកចូលរួមវិញ មិនអាចរៀបចំភ្លាម ហើយមានអ្នកចូលរួមច្រើនភ្លាមៗនោះទេ ពោលគឺត្រូវប្រើ ពេលវេលាមួយ ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវ អន្ដរជាតិបានដឹង ទើបគេមកចូលរួម ។ តែសម្រាប់ការរៀបចំ Ultra Trail Angkor នៅតំបន់វប្បធម៌ នៃប្រាសាទ អង្គរវត្តរបស់កម្ពុជានេះ លោកជឿជាក់ថា នឹងមិនប្រើពេលយូនោះទេ ភ្ញៀវនឹងមកចូលរួមច្រើនជាមិនខាន ។

អ្នកជំនាញបារាំងដដែលរូបនេះ បានបញ្ជាក់ថា «ទោះបីការរៀបចំលើកទី១នេះ មិនទាន់ទទួលបានជោគជ័យខ្លាំង ប៉ុន្ដែខ្ញុំនឹងចំណាយពេល ១០ឆ្នាំទៀត ដើម្បីរៀបចំព្រឹត្តិការណ៍ Ultra Trail Angkor ឲ្យបានទទួលបានជោគជ័យខ្លាំង ព្រោះខ្ញុំមានប្រព័ន្ធផ្សព្វផ្សាយបរទេសច្រើន ដែលជាផ្នែកមួយ អាចអូសទាញភ្ញៀវ ទេសចរណ៍ឲ្យចូលរួម ពិសេសគឺតំបន់អង្គរ ដែលជាទីលាន ដ៏ទាក់ទាញបំផុត ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ ចង់មកចូលរួម និងឆ្លៀតឱកាសបានទស្សនា កម្សាន្ដជាមួយនឹងប្រាង្គប្រាសាទបុរាណរបស់កម្ពុជា» ៕

លោក Jean Claude ប្ដេជ្ញារៀបចំ Ultra Trail Angkor ឲ្យជោគជ័យ ក្នុងរយៈពេល ១០ឆ្នាំ

លោក Jean Claude ប្ដេជ្ញារៀបចំ Ultra Trail Angkor ឲ្យជោគជ័យ ក្នុងរយៈពេល ១០ឆ្នាំ

លោក Jean Claude ប្ដេជ្ញារៀបចំ Ultra Trail Angkor ឲ្យជោគជ័យ ក្នុងរយៈពេល ១០ឆ្នាំ

លោក Jean Claude ប្ដេជ្ញារៀបចំ Ultra Trail Angkor ឲ្យជោគជ័យ ក្នុងរយៈពេល ១០ឆ្នាំ