កម្មកររោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺជាង១៥០នាក់ ហែរក្បួនសុំកិច្ច អន្ដរាគមន៍ពី រដ្ឋមន្រ្តីក្រសួងការងារ

ភ្នំពេញ៖ ជាថ្មីម្តងទៀតក្រុមកម្មករ-កម្មការិនីរោងចក្រកាត់ដេរ អ៊ែជ្យាយល៍ ស្វេតថឺ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទីចន្ទ ទី២៥ ខែមករា ឆ្នាំ២០១៦នេះ បាននាំគ្នាដើរដង្ហែរមកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធនានាឲ្យយកតំណាងពួកខ្លួនចូលធ្វើការវិញ។

តំណាងសម្ព័ន្ធសហជីពចលនាកម្មករលោក ទួន សារ៉ែន បានថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នៅព្រឹកថ្ងៃទី២៥  មករាថា កម្មករ-កម្មការិនីរោងចក្រនេះ បានធ្វើកូដកម្មរយៈពេលជិត ១ខែទៅហើយ ប៉ុន្ដែនៅព្រឹកថ្ងៃចន្ទនេះ កម្មករប្រមាណ ១៥០នាក់ បាននាំគ្នាដើរដង្ហែរក្បួននៅមុខក្រសួងការងារ ដើម្បីសុំកិច្ចអន្ដរាគមន៍ ទាមទារលក្ខណ្ឌការងារ ៩ចំណុច ក្រោយពីខាងភាគីក្រុមហ៊ុនមិនមានដំណោះស្រាយសមស្រប ជាពិសេសឲ្យទទួលយកតំណាង៥នាក់ចូលធ្វើការវិញ ក្រោយពីពួកគេត្រូវបានដោះលែង។

លោកបានបន្ដទៀតថា ទាក់ទៅនឹងលក្ខខណ្ឌការងារ ៩ចំណុចនេះខាងភាគីក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ទីរការងារខេត្តកំពង់ស្ពឺ ពុំបានជំរុញឲ្យមានការចរចា ដើម្បីឈានដល់ការបញ្ចប់បញ្ហាទាំង ស្រុងនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ មករា ក្រុមកម្មករ បានផ្ទុះកូដកម្មយ៉ាងធំម្តងរួចមកហើយ ក្នុងនោះ ក៏បានចាប់ខ្លួនមន្រ្តីសហជីព៥នាក់ឃុំខ្លួននៅតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការដឹកនាំកម្មករធ្វើកូដកម្ម៕

កម្មកររោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺជាង១៥០នាក់ ហែរក្បួនសុំកិច្ច អន្ដរាគមន៍ពី រដ្ឋមន្រ្តីក្រសួងការងារ