ម៉ៅ សំអឿន មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា លោក ម៉ៅ សំអឿន មេ​គយ​ច្រក​នេះ ឃុបឃិត​បើកដៃ​ឲ្យ​ក្រុមហ៊ុន​មួយ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ស្រុក​ខ្មែរ ធ្វើ​ឲ្យ​រដ្ឋ​ខាត់​បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធ​ក​សន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ៅ សំអឿន មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ែ​លិ​ន​។ ដោយហេតុថា ក្រុមហ៊ុន​មួយ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ សំអឿន អាច​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្នុង​មួយខែៗ​មិនតិចជាង​៣០០​រថយន្ត​ធំៗ​នោះទេ​។

​តាម​ការ​បង្ហើប​ពី​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា នៅពេលដែល​ក្រុមហ៊ុន​មួយ​នោះ ត្រូវការ​ដឹកជញ្ជូន​ទំនិញ​ដែលមាន​តម្លៃ​ថ្លៃៗ​និង​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់ លោក ម៉ៅ សំអឿន តែងតែ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ផ្សេងទៀត​បើកដៃ​ឲ្យ​ក្រុមហ៊ុន​នោះ​យក​រថយន្ត​ចូលទៅ​ដឹកទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​របស់​ក្រុមហ៊ុន​នោះ​ក្នុង​១​រថយន្ត​បង់ពន្ធ​តែ​៧​លាន​ទៅ​៨​លាន​ប៉ុណ្ណោះ បើទោះបី​គេ​ដឹកជញ្ជូន​ទំនិញ​ថ្លៃ​ដូចជា ស្រា និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ក៏ដោយ​។ ដោយសារតែ​ក្រុមហ៊ុន​នោះ​បង់ពន្ធ​ក្នុង​១​រថយន្ត​ត្រឹម​៧​លាន​ទៅ​៨​លាន​រៀល គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធ​ក​សន្ធាប់ ហើយ​លុយ​ក្រោម​តុ​ត្រូវបាន​ទៅលើ​លោក ម៉ៅ សំអឿន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​។

​តាម​ការអះអាង​របស់​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដូចគ្នា​ត្រូវ​បង់ពន្ធ​ក្នុង​១​រថយន្ត​ចាប់ពី​២០​លាន​រៀល​ឡើងទៅ ដោយ​ពិនិត្យ​ទៅតាម​ប្រភេទ​ទំនិញ​។ ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញថា​លោក ម៉ៅ សំអឿន បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​មួយ​នោះ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​ក្នុង​មួយខែៗ ព្រោះ​ឈ្មួញ​នាំចូល​ទំនិញ​ពី​ទឹកដី​សៀម​ដូចគ្នា​តែ​ត្រូវ​បង់ពន្ធ​ខុសគ្នា​យ៉ាងច្រើន​។ ប្រការ​នេះហើយ​ដែល​ឈ្មួញ​មួយចំនួន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម ពិនិត្យ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ៅ សំអឿន មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ជាបន្ទាន់​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា គយ​ចល័ត​ដែល​ឈរជើង​តាមផ្លូវ​ជាតិ​ពី​ខេត្ត​ប៉ៃលិន ចូលមក​ខេត្តបាត់ដំបង បាន​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ឲ្យ​ឈ្មួញ​បង់លុយ​ក្នុង​១​រថយន្ត​ពី​១០០​ទៅ​២០០​ដុល្លារ​តាម​ប្រភេទ​ទំនិញ​។ ក្រុម​គយ​ចល័ត​ទាំងនោះ​មិន​ខ្វល់​ពី​រឿង​ត្រួតពិនិត្យ​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​អ្វី​ឡើយ ឲ្យ​តែ​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​បង់លុយ​ឲ្យ​ពួកគេ​តាម​ការកំណត់ គឺជា​រឿង​ស្រេច​ទៅហើយ​។ ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ៅ សំអឿន មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ នៅមាន​ជាច្រើន​ករណី​ទៀត​ដែល មនសិការ​ខ្មែរ នឹង​លើក​យកមក​ចុះផ្សាយ​ជូន​ប្រិយមិត្ត​អ្នកអាន​ជា​បន្តបន្ទាប់​៕

kunnhoem2លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ