មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ ចាប់ផ្ដើម​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ដូច​មុន​ទៀតហើយ​

ក្រោយពេល​លោក ឆែ សុធា មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ថោង សុខាំ​ភូ រួចមក​ត្រូវបាន​មន្ត្រីរាជការ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​កត់សម្គាល់ថា មន្ត្រី​គយ​នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​និង​ភាពអនាធិបតេយ្យ​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។ ជាក់ស្តែង​លោក ឆែ សុធា បាន​ឲ្យ​កូនចៅ​បោះទីតាំង​ប្រមូល​លុយ​នៅ​ចំណុច​សាលា​ក្រហម​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត យ៉ាង​គឃ្លើន​។ មន្ត្រី​គយ​ឈរជើង​នៅ​ទីតាំង​នេះ​មាន​រថយន្ត​សម្រាប់​ប្រដេញ​រថយន្ត​ដឹកទំនិញ​យ៉ាង​អនាធិបតេយ្យ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផងដែរ​។ ដូច្នេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​គយ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​រិះគន់​យ៉ាង​ពេញបន្ទុក​។​

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​លោក ឆែ សុធា បាន​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ កុងត្រូលជជុះ​ដែល​លោក ឆែ សុធា បង្កើតឡើង​គឺ​ឈរជើង​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងភូមិ​សាស្ត្រ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត និង​នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ​។ ឥឡូវនេះ​ស្រាប់តែ​មានការ​បង្កើត​ទី​តាំង​ប្រមូល​លុយ​នៅ​ចំណុច​សាលា​ក្រហម​ក្នុងភូមិ​កូនដំរី​មួយកន្លែង​ទៀត ហើយ​មាន​រថយន្ត​ចាំ​ប្រដេញ​បង្ក្រាប​រថយន្ត​ដឹកទំនិញ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។

មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ការប្រមូល​ពន្ធ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ គួរតែ​ធ្វើ​ឲ្យ​បាន​រួចរាល់​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកព្រំដែន​នានា មិនចាំបាច់​បង្កើត​កុងត្រូលជជុះ​ឬ​ទីតាំង​ប្រមូល​លុយ​ផ្សេងៗ​ទៀត​នោះទេ​។ ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​ចូលកាន់​តំណែង​ជា​មេ​គយ​ខេត្តបន្ទាយមានជ័យ​រួចមក លោក ឆែ សុធា កំពុង​ប្រព្រឹត្ត​អំពើអាក្រក់​ខ្លាំង​ជាង​លោក ថោង សុខាំ​ភូ ទៅទៀត​ដោយ​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ចាំ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​។ ជាងនេះទៅទៀត​លោក ឆែ សុធា នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​មាន​លេស​បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​៕

WAT-23017