លោក ពេជ្រ ប្រាថ្នា អនុប្រធាន​កាំកុងត្រូល​ច្រក​ភ្នំ​ដី​មិន​ទប់ស្កាត់​ការហូរ​ទំនិញ​ខូចគុណភាព​

ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​បាន​រាយការណ៍​មក​ថា​សព្វថ្ងៃនេះ​ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ​នៅតែ​បន្ត​នាំ​ចេញពី​ប្រទេស​សៀម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ជា​បន្តបន្ទាប់​តាម​ច្រ​ទ្វារ​ព្រំដែន​ភ្នំ​ដី​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។ សេចក្តីរាយការណ៍​រប​ស់​ប្រជាពលរដ្ឋ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី លោក ពេជ្រ ប្រាថ្នា អនុប្រធាន​កាំកុងត្រូល ច្រកទ្វារព្រំដែន​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មន្ត្រី​កាំកុងត្រូល​បាន​ឈរ​ពិនិត្យមើល​ការដឹក​ទំនិញ​ជា​រៀងរាល់ថ្ងៃ​មិន​បានឃើញ​ទំនិញ​ខូចគុណភាព​នោះទេ​។​

បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​បាន​ដឹកទំនិញ និង​ចំណី ត្រី សាច់​ជាច្រើន​ប្រភេទ​ឆ្លងកាត់​តាម​ច្រក​តំបន់ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន ហើយ​មិនដែល​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ចេញមក​ធ្វើការ​ត្រួតពិនិត្យ​ឡើយ​ឃើញតែ​ឈរ​ចាំ​យកលុយ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា នៅ​ច្រកទ្វារព្រំដែន​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង មិន​ត្រឹមតែ​បើកដៃ​ឲ្យ​នាំចូល​ទំនិញ​គ្មាន​គុណភាព​នោះទេ តែ​ក៏មាន​មន្ត្រី​ជំនាញ​មួយចំនួន​ឃុបឃិត​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិពល​នាំចូល​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ពី​ប្រទេស​សៀម​។​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​បញ្ជាក់ថា បទល្មើស​សេដ្ឋកិច្ច​នៅតាម​ព្រំដែន​មាន​ភាពស្មុគស្មាញ ព្រោះ​នៅពេល​មាន​បទល្មើស​សេដ្ឋកិច្ច ឬ​ការ​បើកដៃ​ឲ្យ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ មន្ត្រី​ជំនាញ​បើទោះជា​មិន​ឆ្លើយ​ទម្លាក់កំហុស​ដាក់​លើ​មន្ត្រី​ជំនាញ​មកពី​អង្គភាព​ផ្សេង ក៏​ពួកគេ​តែងតែ​ឆ្លើយ​ពង្វាង​យករួចខ្លួន​ដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ពេល​មាន​បញ្ហា​កើតឡើង​សមត្ថកិច្ច​តែងតែ​រុញ​បញ្ហា​ដាក់គ្នា ដើម្បី​យករួចខ្លួន​តាម​គ្រប់រូប​ភាព​។​

បើទោះជា​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារព្រំដែន​ភ្នំ​ដី​បាន​ព្យាយាម​ថ្លែង​ការពារ​ខ្លួន​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា ឈ្មួញ​ធំៗ​មន្ត្រី​ជំនាញ​មិន​ទាំង​ហ៊ាន​ទៅ​ក្បែរ ឬ​រុះរើ​ទំនិញ​គេ​ឡើយ គឺ​មានតែ​សម្រួល​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ដោយ​រលូន ខណៈ​ឈ្មួញ​តូចតាច​ត្រូវ​ក្រុមមន្ត្រី​ជំនាញ​បង្ក​ការរាំងស្ទះ​តាម​គ្រប់​រូបភាព​។ ចំពោះ​បញ្ហា​ខាងលើនេះ ត្រូវបាន​គេ​សង្ស័យថា​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ភ្នំ​ដី​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ ៕

goodfromthai_1-3