ប្រវត្តិរូបសង្ខេប របស់ រដ្ឋមន្រ្តីការបរទេស អាមេរិក ចន ឃើរី

ភ្នំពេញ៖ លោក ចន ឃើរី កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ១៩៤៣ ក្នុងទីក្រុង អូរ៉ូរ៉ា នៃរដ្ឋ ខូឡូរ៉ាដូ។ លោក គឺជាអ្នកនយោបាយដ៏ជំនាញ មួយរូបរបស់សហរដ្ឋអាមេរិក ដែលបានឡើងកាន់តំណែងជា រដ្ឋមន្ត្រីការបរទេស អាមេរិក ទី ៦៨ នាពេលបច្ចុប្បន្ន ក្នុងនោះលោកក៏ជា សមាជិកព្រឹទ្ធសភា និង ជាប្រធាននៃ គណៈកម្មាធិការ កិច្ចការបរទេសរបស់ព្រឹទ្ធសភា ថែមទៀត។

លោក ចន ឃើរី គឺជាបេក្ខជនឈរ ឈ្មោះប្រកួតយកតំណែង ប្រធានាធិបតីអាមេរិក មកពីគណបក្ស ប្រជាធិបតេយ្យ ប៉ុន្តែលោកពុំបានជាប់នោះឡើយ ដោយកាលណោះ ជ័យ ជម្នះបានទៅលើលោក ចច ដាប៊ែលយូ ប៊ូស។ រំលឹកក្នុងវ័យសិក្សា លោកបានចូលរៀននៅ សាលាមួយនៅរដ្ឋ ម៉ាស្សាជូសេតស៍ និង ញូហេមភ័ស៊ឺ។ លោកបាន បញ្ចប់ថ្នាក់មហាវិទ្យាល័យ Yale កាលពីឆ្នាំ ១៩៦៦ ជាមួយនឹងមុខវិជ្ជា ផ្នែកវិទ្យាសាស្ត្រនយោបាយ។

បន្ថែមពីនេះទៀត លោកបានក៏បាន ចុះឈ្មោះចូលចម្រើ កងទ័ពជើងទឹក នៅឆ្នាំ ១៩៦៦ ហើយ ចាប់ពីអំឡុងឆ្នាំ ១៩៦៨ ដល់ ១៩៦៩ លោកបានចួលរួមក្នុង បេសកកម្ម រយៈពេលខ្លី ៤ខែ ដែលជាកាតព្វកិច្ច ផ្នែកយោធាមួយ នៅវៀតណាម ខាងត្បូង។ បន្ទាប់ពីបំពេញកតព្វកិច្ចនោះ ចប់លោក ចន ឃើរី បានទទួលមេដាយប្រាក់មួយ និង សំរិទ្ធមួយ ព្រមទាំងមេដាយ កិត្តិយស ថ្នាក់ខ្ពស់មួយចំនួនទៀតផងដែរ។

កន្លងមករាប់ទសវត្សរ៍ លោកបានបម្រើការងារ ជាច្រើនទាំងលើផ្នែកយោធា និង នយោបាយ ជាពិសេសកាល ពីឆ្នាំ ២០០៤ លោកបានចេញមុខ រិះគន់ធ្ងន់ៗ ចំពោះរដ្ឋបាលលោក ចច ដាប៊ែលយូ ប៊ូស ដែលបានបង្កើត សង្គ្រាមនៅប្រទេសអ៊ីរ៉ាក់។ លោក ចន ឃើរី បានក្លាយជា ប្រធានគណកម្មាធិការ នៃទំនាក់ទំនងការបរទេស របស់ព្រឹទ្ធសភា កាលពីឆ្នាំ ២០០៩។

ក្រោម ការជម្រុញរបស់លោក ប្រធានាធីបតី អាមេរិក បារ៉ាក់ អូបាម៉ា លោក ចន ឃើរី បានក្លាយ ជារដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៣ ដោយទទួល បានសំឡេង គាំទ្រ ៩៤ ទល់នឹង ៣ ក្នុងព្រឹទ្ធសភា អាមេរិក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៣។

សូមរំលឹកផងដែរថា លោក ចន ឃើរី ដែលពេលនោះជា ព្រឹទ្ធសមាជិក ក៏ធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាទសវត្សរ៍ ឆ្នាំ២០០០ ដោយបានលើកឡើងពីការបង្កើត សាលាក្តីខ្មែរក្រហម៕

(ចងក្រងសង្ខេបដោយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដកស្រង់ចេញពីក្រសួងការបរទេសអាមេរិក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥)

ប្រវត្តិរូបសង្ខេប របស់ រដ្ឋមន្រ្តីការបរទេស អាមេរិក ចន ឃើរី