បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់លែង ធ្វើ​ឲ្យ​មានការ​រិះគន់​លោក សោម ភា​រុណ កាន់តែខ្លាំង​

​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ត្រូវ​ប្រជា​នេសាទ​ក្នុងស្រុក​បរិបូរណ៍ ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ជាក់ស្តែង​ឥឡូវនេះ​បទល្មើស​ហ៊ុម​សម្រាស់​ចាប់​ត្រី​នៅក្នុង​បឹង​ទន្លេសាប ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ស្រុក​កំពង់លែង និង​លោក សោម ភា​រុណ មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សោម ភា​រុណ និង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ផ្លូវ​ទូក បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ ប្រើ​សម្រាស់​ហ៊ុមព័ទ្ធ​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​កំពុងតែ​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​គេ​ប្រើ​មង​ក្រឡា​ញឹក​ចាប់យក​ទាំង​កូន​ត្រី​តូចៗ ហើយ​កាប់​ព្រៃរនាម​លិច​ទឹក​យ៉ាង​មហន្តរាយ​ផងដែរ​។ ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​បាន​កាប់​ដើមឈើ មែកឈើ ជា​ជម្រក​ត្រី​ពង​កូន​យកមក​ទម្លាក់​នៅ​ទីកន្លែង​ដែល​ពួកគេ​មាន​គម្រោង​ហ៊ុមព័ទ្ធ​ចាបយក​ត្រី​តាំងពី​អំឡុង​ខែកញ្ញា ខែតុលា និង​ខែ​វិ​ច្ឆ​កា ចុងឆ្នាំ​២០១៥ ហើយ​មិនឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ បើទោះបី​ក្រុម​ជនល្មើស​កាប់​ឈើ​ដឹក​តាម​ទូក កាណូត តូចធំ​យកទៅ​ទម្លាក់​ក្នុង​ទន្លេ​ធ្វើជា​សម្រាស់​ទុក​ហ៊ុម​ព័ទ្ធចាប់​ត្រី​យ៉ាងណាក៏ដោយ ក៏​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់លែង និង​លោក សោម ភា​រុណ មិនដែល​រវល់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ហ៊ុមព័ទ្ធ​សម្រាស់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា បទល្មើស​ហ៊ុមព័ទ្ធ​សម្រាស់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ធនធាន​មច្ឆជាតិ​គ្រប់​ប្រភេទ​រាប់ទាំង​កូន​ត្រី​តូចៗ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​នាំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃរនាម​លិច​ទឹក​តាម​មាត់បឹង​ទន្លេសាប​ដែលជា​ជម្រក​ត្រី​ពង​កូន​យ៉ាង​មហន្តរាយ​ផងដែរ​។ ប្រជា​នេសាទ​ក្នុងស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា លោក ពុំ សុផល នាយ​សង្កាត់រដ្ឋបាល​កំ​ពង់​លែង និង​លោក សោម ភា​រុណ មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ទើប​បណ្តោយ​ឲ្យ​បទល្មើស​ដាក់​សម្រាស់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​រាលដាល​កាន់តែខ្លាំង​ឡើងៗ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​៕

11058236_1642876705983862_8040766391971512374_nលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ki-fish-chnang ki-fish-chnang1