សមត្ថកិច្ច​ច្រក​ព្រែក​ចាក បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទឹក​ស៊ុប​ដោយ​មិន​គិតពី​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មានការ​រិះគន់​ខ្លាំងៗ​ទៅលើ​សមត្ថកិច្ច​គយ កាំកុងត្រូល និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ច្រក​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំចូល​ទឹក​ស៊ុប​ពី​ប្រទេស​យួន មក​ចែកចាយ​លើទឹក​ដី​ខ្មែរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា ទឹក​ស៊ុប​ទាំងនោះ​ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​យកមកចែក​ចាយ​ដល់​ហាង​លក់​ស៊ុប​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ហើយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។ គេ​មិនដឹងថា ទឹក​ស៊ុប​នោះ​មាន​លាយ​សារ​ធាតុគីមី​ឬ​យ៉ាងណា​នោះទេ ទើប​គេ​អាច​រក្សាទុក​បានយូរ​ដោយ​មិន​ខូចគុណភាព​និង​ជួយ​ឲ្យ​ស៊ុប​មាន​រសជាតិ​ឆ្ងាញ់​។

តាម​រូបភាព​បង្ហាញ​អំពី​ទឹក​ស៊ុប​ច្រក​ប៊ីដុង​ធំៗ​ចំណុះ​៣០​លីត្រ​រាប់រយ​ប៊ីដុង​ដែល​ឈ្មួញ​យកមក​ស្តុក​ទុក​នៅ​ច្រកទ្វារ​ព្រែក​ចាក កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ធ្វើ​ឲ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាកទំនង​សង្គម​(Facebook)​។ ជាមួយគ្នានេះ​មហាជន​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​សមត្ថកិច្ច​គយ​និង​កាំកុងត្រូល​ច្រក​ព្រែក​ចាក ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទឹក​ស៊ុប​ពី​ប្រទេស​យួន និង​រិះគន់​ទៅលើ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផងដែរ ដែល​មិន​បង្ក្រាប​ទំនិញ​របៀបនេះ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ប្រហែល​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​នាំចូល​ទឹក​ស៊ុប​ពី​ប្រទេស​យួន ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​បង្កើន​ការ​នាំចូល​កាន់តែ​ច្រើនឡើងៗ​។

កន្លងមក​ធ្លាប់មាន​ការចុះផ្សាយ​តាម​គេហទំព័រ សារព័ត៌មាន និង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ករណី​ហាង​លក់​ស៊ុប​ធំៗ​មួយចំនួន​ដែល​ប្រើប្រាស់​ទឹក​ស៊ុប​នាំចូល​ពី​ប្រទេស​យួន ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​ឈ្មួញ​នៅតែ​អាច​នាំចូល​ទឹក​ស៊ុប​តាម​ច្រក​ព្រែក​ចាក​ស្រេច​តែ​អំពើ​ចិត្ត ដោយ​សមត្ថកិច្ច​កាំកុងត្រូល​មិន​អើពើ​ពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នកទទួល​ទាន​ឡើយ​។ ប្រការនេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គួរ​ចាត់វិធានការ​លើ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ព្រែក​ចាក​ផងដែរ ព្រោះ​ពួកគេ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

12573726_877339429053871_7880556150926909228_n 12512810_877339452387202_2293076165823045263_n​    ​