សម្តេច​ហ៊ុនសែន​៖ ប្រសិនបើ​មានការ​ធ្វើបាតុកម្ម នៅ​អាមេរិក ដូច្នេះ​សិទ្ធិ​ការធ្វើ​បាតុកម្ម នៅក្នុង​ប្រទេស ក៏មានដែរ​

ភ្នំពេញ: មុន​ដំណើរ​ទៅកាន់​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាសថា ប្រសិនបើ​មានការ​ធ្វើបាតុកម្ម នៅ​អាមេរិក ប្រឆាំង​សម្តេច នោះ​នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥​មករា សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដោយ​ឆ្លើយតប​នឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា "​បើ​ក្មួយ​យល់ថា បាតុកម្ម​ប្រឆាំង​ពូ មាន​ប្រយោជន៍ ក៏​សុំ​ធ្វើតាម​ចិត្ត​ចុះ ព្រោះ​វា​ជា​មុខជំនាញ​របស់​ពួក​ក្មួយ​ទៅហើយ​។ អ្វីដែល​ក្មួយ​ត្រូវ​ចាំ ហើយ​ប្រាប់ត​គ្នា ទៅ​មេ​ក្មួយ ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​នោះ គឺ​ត្រូវ​ទទួលស្គាល់​សិទ្ធិ​បាតុកម្ម​របស់​អ្នកគាំទ្រ​ពូ ប្រឆាំង​មេដឹកនាំ​ក្មួយ នៅក្នុង​ប្រទេស​វិញ​ដែរ​"​។​
 
សម្តេច​ហ៊ុនសែន បន្តថា "​មេដឹកនាំ​បក្សប្រឆាំង បាន​បដិសេធន៍​ថា មិន​ពាក់ព័ន្ធ​ជាមួយ​បាតុកម្ម​នៅ​ញី​វ​យ៉​ក​ទេ តែ​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​បក្សប្រឆាំង នៅ​រដ្ឋ​មួយ បាន​បញ្ជាក់ថា បាន​ចំណាយ​ធ្វើបាតុកម្ម ថ្ងៃ​២៦ កញ្ញា ២០១៥ នៅ​ញី​វ​យ៉​ក​។ លាក់​ក្បាល តែ​ចេញ​កន្ទុយ​។ ដូចនេះ បាតុកម្ម​នៅក្នុង​ស្រុក ជា​លទ្ធភាព អាច​កើតមាន ដើម្បី​ប្រឆាំង​មេដឹកនាំ​បក្សប្រឆាំង​"​។​

​ការលើកឡើង​ខាងលើនេះ ត្រូវបាន​សម្តេច​ហ៊ុនសែន ឆ្លើយតប​នឹង​សកម្មជន​របស់​គណបក្ស​ប្រឆាំង នៅ​សហរដ្ឋអាមេរិក ដែល​បានប្រកាស​រៀបចំ​ធ្វើបាតុកម្ម ដើម្បី​ប្រឆាំង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នៅពេលដែល​សម្តេច​ហ៊ុនសែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។

​សកម្មជន​បក្សប្រឆាំង បាន​សរសេរ​នៅលើ Facebook ថា "​សួស្តី​សម្តេច​, ខ្ញុំ​ចង់​ជំរាប​សំ​ដាច់​ថា​.. ពួកយើង​ជា​ខ្មែរ​អាមេរិកកាំង បានរៀបចំ​បាតុកម្ម​អហឹ​ង្សា សម្រាប់​ទទួល​ស្វាគមន៍​វត្តមាន​សំ​ដាច់​នៅ Palm Springer, Ca"៕​

សម្តេច​ហ៊ុនសែន​៖ ប្រសិនបើ​មានការ​ធ្វើបាតុកម្ម នៅ​អាមេរិក ដូច្នេះ​សិទ្ធិ​ការធ្វើ​បាតុកម្ម នៅក្នុង​ប្រទេស ក៏មានដែរ​