ជនបរទេស​ចូលមក​កម្ពុ​ជាជាង ៤​លាន​នាក់ និង​ពលរដ្ឋ​ខ្មែរ ចេញទៅ​ក្រៅប្រទេស​ជាង ១ លាន​នាក់​

ភ្នំពេញ: ​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៥ ជនបរទេស ចូល​ជា​លក្ខណៈ​អន្តរជាតិ មក​កម្ពុជា មាន​ចំនួន​ជាង ៤​លាន​នាក់ ( ៤.៣២៦.០២០ នាក់ ) មាន ២០០ សញ្ជាតិ គឺមាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៤​។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើដំណើរ​ចេញពី​កម្ពុជា​លក្ខណៈ​អន្តរជាតិ មាន​ចំនួន​ជាង ១​លាន​នាក់​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា ការគ្រប់គ្រង ការចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ដាស់តឿន រំលឹក​ជាប្រចាំ​ដល់​សមត្ថកិច្ច​អន្តោប្រវេសន៍ នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ឲ្យ​យកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង​អ្នកដំណើរ​គ្រប់រូប​ចេញ ចូល​ប្រទេស ក្នុងនោះ មាន​ទិន្នន័យ​៖ ជនបរទេស​​ចូល​ជា​លក្ខណៈ​អន្តរជាតិ ចំនួន ៤.៣២៦.០២០ នាក់ លើ ៤.៣០១.០៣៧ នាក់ មាន ២០០​សញ្ជាតិ ប្រៀបធៀប​ឆ្នាំ​២០១៤ មានការ​កើនឡើង ២៤.៩៨៣ នាក់ ស្មើនឹង ០,៥៨%​។ ដោយឡែក​ចូល​មកជា​លក្ខណៈ​ក្នុង​ក្របខណ្ឌ​តំបន់​ព្រំដែន ចំនួន ១០១.៦៩១ នាក់ លើ​១០៤.៤៨០​នាក់ មានការ​ថយចុះ​ចំនួន ២,៦៦%​។ ចំណែក​ជនបរទេស ធ្វើដំណើរ​ចេញ​ជា​លក្ខណៈ​អន្តរជាតិ មាន​ចំនួន ៤.២៧៣.១៣៨​នាក់ លើ​៤.២៦២.៥០១​នាក់ មាន​ចំនួន​២០០​សញ្ជាតិ ប្រៀបធៀប​ឆ្នាំមុន​មានការ​កើនឡើង ០,២៤% និង​ចេញ​ជា​លក្ខណៈ​ក្របខណ្ឌ​តំបន់​ព្រំដែន​ចំនួន ៩៧.៦៨៨ នាក់ លើ ១០១.៥៦៩​នាក់ មានការ​ថយចុះ​ចំនួន ៣.៨៨១​នាក់​។​
​    ​
​ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើដំណើរ​ចូលមក​វិញ​ជា​លក្ខណៈ​អន្តរជាតិ មាន​ចំនួន ១.០៤៨.១៩២​នាក់ លើ ៨៥២.៧៨៧ នាក់ មានការ​កើនឡើង​ស្មើនឹង ២២,៩១% និង​ចូល​ជា​លក្ខណៈ​ក្នុង​ក្របខណ្ឌ​ព្រំដែន​សរុប​មាន​ចំនួន ៣.៩៦៤.៧១៥​នាក់ មានការ​កើនឡើង​ចំនួន ៣២៤.៤០៦​នាក់​។​
​    ​
​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ​ចេញពី​កម្ពុជា​ជា​លក្ខណៈ​អន្តរជាតិ មាន​ចំនួន ១.១២៤.២៤០​នាក់ លើ ៩៤៧.៦៧៨ នាក់ មានការ​កើនឡើង ១៨,៦៣%​។ ដោយឡែក​ធ្វើដំណើរ​ចេញ​ជា​លក្ខណៈ​ក្នុង​ក្របខណ្ឌ​តំបន់​ព្រំដែន មាន​ចំនួន ២.៩៧៣.០៥១ នាក់ លើ ៣.៦០៨.៤០៤ នាក់ មានការ​ថយចុះ​ចំនួន ៦៣៥.៣៥៣ នាក់​៕​