ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​វាយ​ដណ្តើម​យក​បាន​មូលដ្ឋាន​យុទ្ធសាស្ត្រ​មួយ​របស់​ពួក​ឧទ្ទាម​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ខណៈ​អ​.​ស​.​ប រៀបចំ​យ៉ាង​លំបាកលំបិន​នូវ​ការ​ចរចា​សន្តិភាព​ដែល​គ្រោង​ធ្វើ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅ​ក្រុង​ហ្សឺ​ណែវ ។

ទូរទស្សន៍​រដ្ឋ​ស៊ី​រី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ មក​រា ថា នា​ភាគ​ពាយ័ព្យ​ប្រទេស កងទ័ព​បន្ត​ការ​វាយលុក​ជាមួយ​ការ​ដណ្តើម​យក​បាន​មូលដ្ឋាន RABIA ។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី SANA រៀបរាប់​ពី​ពួក​ឧទ្ទាម​ច្រើន​នាក់​ត្រូវ​ស្លាប់​។

ទីក្រុង RABIA ត្រួតត្រា​តាំងពី​ឆ្នាំ​២០១២ មក ដោយ​បណ្តា​ក្រុម​ឧទ្ទាម ក្នុង​នោះ​មាន​ក្រុម​ឧទ្ទាម​តួ​ួ​ក​មេ​នី​ស្ថាន​ស៊ី​រី និង​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ជា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី ។

លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ នាយក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​អះអាង​ប្រាប់ AFP ថា រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ​កងទ័ព​ស៊ី​រី​បាន​ឡោម​ព័ទ្ធ​មូលដ្ឋាន​នោះ​ពី​ទិស​ខាងត្បូង ខាងលិច និង​ខាងជើង រួច​ដណ្តើម​យក​បាន​ភូមិ​២០​នៅ​ជុំវិញ ។

ការ​វាយ​ដណ្តើម​យក​បាន​ទីក្រុង RABIA និង​ក្រុង SALMA ជាទី​តាំង​មួយទៀត​របស់​ពួក​ឧទ្ទាម​កាលពី​១០​ថ្ងៃមុន​នេះ អាច​ឱ្យ​របប​ក្រុង​ដា​ម៉ាស់​ពង្រឹង​ការ​ត្រួតត្រា​លើ​ខេត្ត LATTAQUIE ជា​ស្រុក​កំណើត​នៃ​គ្រួសារ​លោក​ប្រធានាធិបតី​បា​ចា​អាល់ អាសា​ដ ។

មេបញ្ជាការ​កងទ័ព​ស៊ី​រី​ម្នាក់​គូសបញ្ជាក់​ប្រាប់ AFP ថា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ យើង​នឹង​អាច​ប្រកាស​ថា LATTAQUIE ទាំងមូល​ទាំង​ក្រុង និង​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ​នឹង​អាច​រំដោះ​ទាំងស្រុង​ពី​បណ្តា​ក្រុម​ប្រដាប់​អាវុធ ។

យោង​តាម​លោក​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន់​ថា​បណ្តា​អ្នក​ទទួលខុសត្រូវ​យោធា​រុ​ស្ស៊ី​បាន​ដឹកនាំ​ការ​ប្រយុទ្ធ​ដណ្តើម​យក​ក្រុង RABIA ហើយ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ដើរតួ​នាទី​សំខាន់ ។

យោង​តាម OSDH ថា ការ​ប្រយុទ្ធ​គ្នា​នានា​ក៏​កើត​មាន​ដែរ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ នៅ​ខេត្ត DEIR EZZOR ភាគ​ខាងកើត​ស៊ី​រី ដោយ​ជន​ស៊ី​វិល​៤៧​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៣ មក​រា ក្នុងភូមិ KHASHAM ប្រហែលជា​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី ។ ចំណែក​មនុស្ស​៤៤​នាក់​ទៀត​ស្លាប់​នា​ពេល​មុន​នេះ​នៅ​ជិត​ទីក្រុង DEIR EZZOR ៕