ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កាលពី​ថ្ងៃអាទិត្យ​ទី​២៤ មក​រា ត្រូវ​គេ​កត់​សម្គាល់ថា​កីឡាករ​កម្ពុជា​៣​រូប​គឺ​កីឡាករ​ពេជ្រ ម្ទេសខ្មាំង និង​កីឡាករ​ឡូញ វ៉ា​ន់​ឌី ដែល​ម្នាក់​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ម្នាក់​ឡើង​ប្រកួត​ដណ្ដើម​កៅអី​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ គឺជា​អ្នក​ឈ្នះ ។ ប៉ុន្តែ សម្រាប់​កីឡាករ​រឿង សោ​ភ័​ណ្ឌ ជា​ម្ចាស់​ខ្សែក្រវាត់​ដែល​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ដែរ​នោះ បែរជា​រង​ការ​អាម៉ាស់​ម្នាក់ឯង បន្ទាប់​ពី​មិន​អាច​យកឈ្នះ​កីឡាករ​ថៃ​បាន ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍  យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធភាព​របស់​កីឡាករ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា ក្នុង​ពេល​ដែល​គេ​ប្រកួត​ឈ្នះ​លើ​កីឡាករ​ថៃ​Kong Sak​កាលពី​ថ្ងៃអាទិត្យ ។ តាំងពី​ដើម​ទឹក​ទី​៣​គេ​ឃើញ​កីឡាករ​កម្ពុជា​រូប​នេះ មាន​ប្រៀប​ល្អ​ប្រសើរ​ទៅ​លើ​កីឡាករ​ថៃ បើ​ទោះជា​កីឡាករ​ថៃ​ក៏​ជា​ជើង​ខ្លាំង​មួយ​រូប ដែល​មាន​សមត្ថភាព​មិន​ណ​យ​ក្ដី ។ ថ្វី​ដ្បិតតែ​កីឡាករ​ថៃ​ឆ្លង​ផុត​ឱកាស​សន្លប់​ដូច​កីឡាករ​ថៃ​មុន​ៗ ប៉ុន្តែ​គេ​ក៏​ឃើញ​កីឡាករ​រូប​នេះ​ទ្រម​ខ្លួន​ណាស់​ដែរ ជា​ពិសេស​នៅ​ពេល​កីឡាករ​ពេជ្រ ម្ទេសខ្មាំង​វាយ​សម្រុក​ម្ដង​ៗ​។

ទោះបី​យ៉ាងណា កីឡាករ​ខាង​កម្ពុជា​ឯណេះ​វិញ ក៏​ទ្រម​ខ្លួន​មិន​អន់​ដែរ​ជាមួយនឹង​ការ​វាយបក​យ៉ាង​ចាសដៃ​របស់​គូប្រកួត ។  ក្នុង​ទឹក​ទី​៤  និង​ទី​៥ កីឡាករ​ថៃ​កាន់តែ​ប្រឹង​សម្រុក​កាន់តែ​ត្រូវ​ពេជ្រ ម្ទេសខ្មាំង​ស្វាគមន៍​ដោយ​កែង និង​ម៉ាត់​។ ក្នុង​នោះ​កម្លាំង​ទាត់ ក៏​មើលទៅ​រហ័ស​ជាង​កីឡាករ​ថៃ​ដែល​មាន​ថ្វីដៃ​នោះ​ផង​ដែរ ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកាស​លទ្ធផល គឺ​កីឡាករ​ថៃ​ជា​អ្នក​ចាញ់​ពិន្ទុ ដែល​លទ្ធផល​នេះ មាន​អ្នក​ទស្សនា​ច្រើន​កុះករ​នៅ​ក្នុង​ទីលាន​លើក​មេដៃ​ថា​ល្អ ។

នេះ​ជា​លើក​ទី​៦​ហើយ ដែល ពេជ្រ ម្ទេសខ្មាំង​ឡើង​វាយ​ជាមួយ​កីឡាករ​ថៃ ហើយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​បាក់មុខ បន្ទាប់​ពី​ដំណាច់ឆ្នាំ​២០១៥​មុន​នេះ គេ​ក៏​ឈ្នះ​កីឡាករ​ថៃ​Deth Div ក្នុង​ទឹក​ទី​២ ធ្វើ​ឱ្យ​មានការ​កោតសរសើរ​ម្ដង​ហើយ ។ ជ័យជម្នះ​លើក​នេះ បាន​ជួយ​ឱ្យ​ពេជ្រ ម្ទេសខ្មាំង ឈាន​ឡើង ហើយ​ក៏​មាន​អ្នក​ស្រឡាញ់ និង​ចូល​ចិត្ត​កម្រិត​ប្រកួត​របស់​គេ​ជាង​មុន​ផង​ដែរ ។ ម្នាក់​ៗ​បាន​លាន់មាត់​ថា ការ​ប្រកួត​របស់​កីឡាករ​កម្ពុជា​រូប​នេះ ល្អ​ជាង​មុន និង​សមជា​កីឡាករ​ជើង​ខ្លាំង​ដែល​ពួក​គេ​ម្នាក់​ៗ​បាន​ផ្ដល់​ទំនុកចិត្ត ។ បើ​ទោះជា​គេ​មិន​មាន​ខ្សែក្រវាត់ និង​មិនសូវ​មានបទពិសោធន៍​ក្រាស់​នៅ​លើ​សង្វៀន ប៉ុន្តែ​ក្រេ​ឌី​តរបស់​គេ​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​អាច​វាយបំបាក់​កីឡាករ Kong Sak​ថែម​ម្នាក់​ទៀត​កាលពី​ថ្ងៃអាទិត្យ​។

មិន​ខុស​ពី​កីឡាករ​ពេជ្រ ម្ទេសខ្មាំង​នោះ​ដែរ កីឡាករ​មួយ​រូប​ដែល​មានឈ្មោះ​ថា ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល​រឹ​ទ្ធី​ពោធិ​សែន​ជ័យ ក៏​ទទួល​បាន​ក្រេ​ឌី​ត​ក្នុង​ចង្កោម​អ្នក​ស្នេហា​ប្រដាល់ បន្ទាប់​ពី​គេ​បាន​ឈ្នះ​កីឡាករ​នួន ភី​រ័ក្ស មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ក្នុង​ការ​ប្រកួត​ដណ្ដើម​គ្នា​យក​កៅអី​១៦​នាក់ ទៅ​ប្រកួត​យក​ប្រាក់​លាន និង​ជើងឯក ។ នេះ​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​ផ្ដោត​ការ​ចាប់អារម្មណ៍​ខ្លាំងក្លា​នៅ​ប៉ុស្ដិ៍​លេខ​៥ សង្វៀន​Tiffy​ជ្រោយចង្វា ដែល​បាន​ធ្វើ​ឡើង​រៀង​រាល់​ល្ងាច​ថ្ងៃអាទិត្យ ដោយ​មាន​កីឡាករ​៣២​រូប​ធ្វើការ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង ថ្វី​ដ្បិតតែ​មាន​អ្នក​ទស្សនា​ដោយ​ផ្ទាល់​មិន​ច្រើន​កក​ក្ដាំង ប៉ុន្តែ​បើ​ក្រឡេក​ក្នុង​រង្វង់​អ្នក​ចូល​ចិត្តការ​ប្រដាល់​គឺ​មាន​អ្នក​រង់ចាំ​ភ្នាល់​ចំពោះ​កីឡាករ​ដែល​ឡើង​ប្រកួត​ចាញ់​ធ្លាក់​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ច្រើន ។

ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ឡូញ វ៉ា​ន់​ឌី ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​នួន ភី​រ័ក្ស រឹតតែ​មាន​អ្នក​ឃ្លាំមើល​លទ្ធផល​ខ្លាំង​ឡើង បើ​ទោះជា​អ្នក​ទាំង​ពីរ​ទើបនឹង​ឈាន​ឡើង​ក្នុង​ចំណោម​អ្នក​ល្បី ដែល​មាន​ន័យ​ថា​មិន​ទាន់​សុសសាយ​កេរ្តិ៍ឈ្មោះ ។ គាប់​ជួន​ជា​អ្នក​ទាំង​ពីរ​បញ្ចេញថ្វីដៃ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោកញ្ជ្រៀវ​ទាំង​នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ និង​នៅ​តាម​ផ្ទះ​ផង​នោះ ទើប​ធ្វើ​ឱ្យ​កីឡាករ​ឡូញ វ៉ា​ន់​ឌី ដែល​ទទួល​បាន​ជ័យជម្នះ​រឹតតែ​ត្រូវ​គេ​កោតសរសើរ​ថា ខ្លាំង​ទម្រាំ​តែ​ឈ្នះ​ការ​ប្រកួត ។ កីឡាករ​រូប​នេះ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់​ចិត្តនឹង​កម្រិត​ប្រកួត ជា​ពិសេស​ចំពោះ​សមត្ថភាព​វាយ​កែង និង​ទាត់​ឆ្វេង​ស្ដាំ មុន​ពេល​ទម្លាក់​កីឡាករ​នួន ភី​រ័ក្ស ឱ្យ​ធ្លាក់​ពី​កៅអី​វគ្គ​១៦​នាក់​របស់​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក Tiffy Super Fight របស់​ប៉ុស្ដិ៍​លេខ​៥​។ បន្ទាប់​ពី​កីឡាករ​ឡូញ វ៉ា​ន់​ឌី បាន​ក្លាយជា​អ្នក​ដណ្ដើម​បាន​កៅអី​១៦​នាក់ សម​នឹង​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​រូប​នេះ កាន់តែ​ត្រូវ​បាន​គេ​កត់សម្គាល់​។ ទោះបី​យ៉ាងណា​គេ​មិន​ទាន់​ដឹង​ថា វាសនា​របស់​កីឡាករ​រូប​នេះ​នឹង​ក្លាយទៅជា​បែប​ណា​នោះ​ទេ ក្នុង​វគ្គ​១៦​នាក់​ជម្រុះ​យក​៨​នាក់​ក្នុង​ពេល​បន្ទាប់ ។

ងាក​មក​កាន់ការ​ប្រកួត​របស់​កីឡាករ​រឿង សោ​ភ័​ណ្ឌ​ឯណេះ​វិញ មិន​មានសំណាង​ដូច​ពេជ្រ ម្ទេសខ្មាំង និង​ឡូញ វ៉ា​ន់​ឌី​នោះ​ទេ ក្នុង​ពេល​ដែល​គេ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​KhumPhath នៅ​ថ្ងៃអាទិត្យ​ដូច​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ​ថៃ រូប​នេះ​មិន​ដែល​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ទើប​គេ​ឃើញ​កីឡាករ​រឿង សោ​ភ័​ណ្ឌ ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់ និង​បញ្ចេញ​សកម្មភាព​វាយ​ច្រឡោត​យ៉ាង​ខ្លាំង​នៅ​ដើម​ទី​ប្រកួត ក្នុង​ពេល​កីឡាករ​ថៃ​ទប់​ស្នៀត​ជាប់​ម្ដង​ៗ​។ នៅ​ទឹក​ទី​១ និង​ដើម​ទឹក​ទី​២ គេ​ឃើញ​កីឡាករ​កម្ពុជា​បញ្ចេញ​សកម្មភាព​វាយ​ឌឺ​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​អ្នក​សើចចំអក​ឱ្យ​ខ្លាំង​ណាស់​ដែរ​នៅ​ពេល​សកម្មភាព​របស់​គេ​ត្រូវ​បាន​កីឡាករ​ថៃ​វាយ​ឡើង​ស្ពឹក​មុខ​នៅ​ចុង​ទឹក​ទី​២ ។ មុន​ស្នូរ​ជួង​ចប់​ទឹក​ទី​២​នោះ គេ​ឃើញ​កីឡាករ រឿង សោ​ភ័​ណ្ឌ កាត់​បន្ថយ​ភាព​ក្អេងក្អាង និង​វាយ​ច្រឡោត ដោយសារ​កាន់តែ​ចូល កាន់តែ​ឌឺ កាន់តែ​ត្រូវ​កីឡាករ​ថៃ​ឈ្មោះ KhumPhath​វាយ​ឱ្យ​ទ្រម​ខ្លួន ។  ក្នុង​ទឹក​ទី​៣ កីឡាករ​ថៃ​នៅ​តែ​រក្សា​ជំហរ​វាយ​ចេញ​បាន​ល្អ ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា បញ្ចប់​ការ​វាយ​ច្រឡោត​ហើយ​ប្ដូរ​ពី​ភាព​ឌឺដង​ទៅ​ជា​ប្រើ​បច្ចេកទេស​ដើម្បី​វាយ​ចេញ​ស្រប​តាម​លក្ខខណ្ឌ​របស់​កីឡាប្រដាល់​វិញ ។ នៅ​ចុង​ទឹក​ទី​៤ កីឡាករ​កម្ពុជា​ទទួល​បាន​ឱកាស​ខ្លះមក​វិញ ប៉ុន្តែ​ក៏​នៅ​តែ​ត្រូវ​ថៃ​វាយ​ចំ​គោលដៅ​ធ្វើ​ឱ្យ​គេ​ពិបាក​ស៊ូ​ផង​ដែរ ។

អ៊ីចឹង​ហើយ​ទើប​លទ្ធផល​បញ្ចប់​ទឹក​ទី​៥ គឺ កីឡាករ​ថៃ​បាន​ឈ្នះ​ពិន្ទុ ប៉ុន្តែ​មិនមែន​ឈ្នះ​ដាច់​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​រឿង សោ​ភ័​ណ្ឌ ក៏​ទទួល​បាន​ផ្លែផ្កា​មក​វិញ​ខ្លះ
ដែរ​នៅ​ចុង​ទឹក​ទី​៤ និង​ដើម​ទឹក​ទី​៥ ។ ការ​បរាជ័យ​លើក​នេះ រឿង សោ​ភ័​ណ្ឌ  មិន​បាន​បញ្ចេញ​ប្រតិកម្ម​ដូច​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កន្លង​មក​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គេ​បែរជា​ញញឹម​ទទួលយក​លទ្ធផល​ដែល​ទំនង​មក​ពី​គេ​ដឹង​ថា​សមត្ថភាព និង​កម្រិត​ប្រកួត​របស់​កីឡាករ​ថៃ ពិតជា​វាយ​ត្រូវ​គេ​ចូល​ច្រើន​តាំងពី​ចុង​ទឹក​ទី​២​រហូត​ដល់​ចប់ ។ អ្នក​ទស្សនា​ភាគច្រើន​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​លទ្ធភាព​ដែល​គេ​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ ប៉ុន្តែ​ក៏​មាន​អ្នក​សើចចំអក​ឱ្យ​ច្រើន​ដែរ​នៅ​ពេល​ដែល​គេ​ឃើញ​សកម្មភាព​ក្អេងក្អាង និង​វាយ​ឌឺ​នៅ​ដើម​ទី ហើយ​ចុង​ក្រោយ​បែរជា​ត្រូវ​គូប្រកួត​វាយបំបាក់ ។ ការ​បរាជ័យ​លើក​នេះ បាន​រុញ​ឲ្យ​គេ​ធ្លាក់​កម្រិត​ចុះ​មួយ​លេខ​បន្ថែម​ទៀត បន្ទាប់​ពី​ការ​ប្រកួត​លើក​មុនគេ​បាន​ឡាំប៉ា​មិន​ទទួលយក​លទ្ធផល​ក្នុង​ពេល​ឱ្យ​ស្មើ ។

យ៉ាងណា​ក៏​ដោយ​គេ​ជឿជាក់​ថា កីឡាករ​ល្បីឈ្មោះ​រូប​នេះ នឹង​កែទម្រង់​ការ​ប្រកួត​របស់​ខ្លួន​រហូត​ឈាន​ឡើងជា​ថ្មី ។ រឿង សោ​ភ័​ណ្ឌ គឺជា​ម្ចាស់​ខ្សែក្រវាត់​ធ្លាប់​ប្រកួត​បាន​១៤០​លើក ឈ្នះ​១២៦​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​មានបទពិសោធន៍​ប្រកួត​តិច​ជាង​នេះ ៕