ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អតីត​ប្រធានាធិបតី​អីុ​ស្រា​អែ​ល និង​ជា​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព លោក​ស៊ី​ម៉ុ​ន ប៉េ​រេស អាយុ​៩២​ឆ្នាំ បាន​ចូល​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​២៤ មក​រា បន្ទាប់​ពី​លោក​មានការ​ឈឺ​ចុកចាប់​ក្នុង​ទ្រូង​មក ។

ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​គូសបញ្ជាក់​ថា លោក​ស៊ី​ម៉ុ​ន ប៉េ​រេស បាន​ចូល​មន្ទីរពេទ្យ​ក្រុង​តែ​ល​អា​វីវ ដើម្បី​ធ្វើការ​តាមដាន​ជំងឺ ព្រមទាំង​ធ្វើការ​វិភាគ​ផ្សេង​ៗ ។ ក្នុង​សេចក្តី​ប្រកាស​មួយ ស្ត្រី​អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា អតីត​ប្រធានាធិបតី​រូប​នោះ ទើប​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១៩ មក​រា បន្ទាប់​ពី​ស្ថិត​នៅ​ទីនោះ​អស់​រយៈពេល​៥​ថ្ងៃ ហើយ​ទទួល​ការ​វះកាត់​ក្រោយ​ពី​មាន​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ​មក ។

ជា​អ្នក​ដើរតួ​សំខាន់​ម្នាក់​ដែល​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​អូ​ស្លូ​កាលពី​ឆ្នាំ​១៩៩៣ លោក​ស៊ី​ម៉ុ​ន ប៉េ​រេស ទទួល​ពានរង្វាន់​ណូបែល សន្តិភាព​កាលពី​ឆ្នាំ​១៩៩៤ រួម​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​ឃិ​ត​ហ្សា​ក់ រ៉ា​ប៊ី​ន និង​អតីត​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​យ៉ា​ស៊ែរ អា​រ៉ា​ហ្វា​ត ដែល​អ្នក​ទាំង​២​នេះ​ស្លាប់​បាត់​ទៅ​ហើយ ។

ជា​អ្នកនយោបាយ​មាន​ប្រភព​ពី​ជំនាន់​បណ្តា​បិតា​ស្ថាបនិក​អីុ​ស្រា​អែ​ល​ចុង​ក្រោយ​គេ ដែល​នៅ​រស់ លោក​ស៊ី​ម៉ុ​ន ប៉េ​រេស ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ជា​ច្រើន ហើយ​ជា​ច្រើន​លើក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី បន្ទាប់​មក​កាន់​តំណែង​ប្រធានាធិបតី​អីុ​ស្រា​អែ​ល​ពី​ឆ្នាំ​២០០៧ ដល់​២០១៤ ។

មាន​អាយុ​៩២​ឆ្នាំ​ហើយ​តែ​លោក​ប៉េ​រេស នៅ​តែ​មាន​សកម្មភាព​ក្នុង​មជ្ឈមណ្ឌល​ប៉េ​រេស ដើម្បី​សន្តិភាព​របស់​លោក​ដែល​ចង់ឱ្យ​មាន​សន្តិ​សហ​វិជ្ជមាន​រវាង​ពួក​ជ្វី​ហ្វ និង​ពួក​អា​រ៉ាប់ ៕