​​ប្រទេស១០​ មាន​ផ្លូវ​រថភ្លើង​វែង​ជាង​គេ​ក្នុង​​ពិភពលោក


​​ប្រទេស១០​ មាន​ផ្លូវ​រថភ្លើង​វែង​ជាង​គេ​ក្នុង​​ពិភពលោក

​​​បើ​និយាយ​ពី​ខ្សែ​​រថភ្លើង​ ស្ទើរ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​​ជុំ​វិញ​ពិភព​លោក​​​​​មាន​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ​សម្រាប់​ដឹក​​​ទំនិញ ​​​និង​ភ្ញៀវ​ទេសចរ ​​ប៉ុន្តែ​មនុស្ស​​មួយ​ចំនួន​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​​ថា​ផ្លូវ​រថភ្លើង​​ប្រទេស​ណា​វែង​ជាង​គេ​នៅ​ឡើយ​ទេ។

 

​​ប្រទេស១០​ មាន​ផ្លូវ​រថភ្លើង​វែង​ជាង​គេ​ក្នុង​​ពិភពលោក

ប្រទេស​ដែល​មាន​​ផ្លូវ​រថភ្លើង ឬ​ផ្លូវ​ដែក​​​វែង ​តែង​តែ​ជា​ប្រទេស ​មាន​សេដ្ឋកិច្ច​​រីក​លូត​លាស់​លឿន ព្រោះ​ចាំបាច់​ក្នុង​​បញ្ជូន​ទំនិញ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ឬ​រវាង​​ប្រទេស​និង​​ប្រទេស។ ​ក្នុង​ចំណាត់​ថ្នាក់​ជាក់​ស្ដែង ​សហរដ្ឋអាមេរិក ​មាន​បណ្ដាញ​ផ្លូវ​​រថភ្លើង ​វែង​ជាង​គេ​បំផុត ​ដែល​តាម​ពីក្រោយ​ដោយ​ប្រទេស​​មហាយក្ស​ចិន និង​​ឥណ្ឌា។

 

ខាង​ក្រោម​នេះ​​ជា​ប្រទេស​មាន​​ផ្លូវ​ដែក​​វែង​ជាង​គេ​បំផុត​​ទាំង​​១០ ក្នុង​លោក៖

 

១. សហរដ្ឋអាមេរិក ២៥០ ០០០គីឡូម៉ែត្រ

​​​​​បណ្ដាញ​ផ្លូវ​ដែក​ទាំង​នោះ​​​​មាន ២១៥​ ០០០​គីឡូម៉ែត្រ​​សម្រាប់​ដឹក​ទំនិញ និង ៣៥ ០០០​គីឡូម៉ែត្រ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ។

 

២. ចិន ១០០ ០០០​គីឡូម៉ែត្រ

​​ក្នុង​ឆ្នាំ ២០១៣ ​ខ្សែ​រថភ្លើង​ទាំង​នោះ ​បាន​ដឹក​មនុស្ស​​ជាង ​២​ពាន់​លាន​នាក់​​ គឺ​ច្រើន​បំផុត​បន្ទាប់​ឥណ្ឌា និង​ទំនិញ​ជាង ៣,២២​ពាន់​លាន​តោន ​ច្រើន​បំផុត​បន្ទាប់ពី​​អាមេរិក។ ​បណ្ដាញ​​ផ្លូវ​​ទាំង​អស់​​​ប្រតិបត្តិការ​​​ដោយ​សាជីវកម្ម​​ផ្លូវដែក​រដ្ឋ​ចិន។

 

៣. រុស្ស៊ី ៨៥ ៥០០​គីឡូម៉ែត្រ

​​ក្នុង​ឆ្នាំ ២០១៣ ​ផ្លូវ​ទាំង​នេះ​ដឹក​អ្នក​ដំណើរ​ជាង ១,០៨​ពាន់​លាន​នាក់ ​និង​ទំនិញ ១,២​ពាន់​លាន​តោន។ ​​​​

 

៤. ឥណ្ឌា ៦៥ ០០០​គីឡូម៉ែត្រ

​ក្នុង​ឆ្នាំ​ដូច​គ្នា​ខាង​លើ ​ផ្លូវ​ដែក​នេះ​​ដឹក​អ្នក​ដំណើរ​​បាន ៨​ពាន់​លាន​នាក់ និង​ទំនិញ ១,០១​ពាន់​លាន​តោន។

 

៥. កាណាដា ៤៨ ០០០គីឡូម៉ែត្រ

​​​បណ្ដាញ​ផ្លូវ Canadian National Railway (CN) និង Canadian Pacific Railway (CPR) ជា​ផ្លូវ​​​ដែក​ដឹក​ទំនិញ​សំខាន់​​​ជាង​គេ ប៉ុន្តែ​ប្រទេស​នេះ​មិន​មាន​​ដាក់​ឲ្យ​ដំណើរ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឡើយ។

 

៦. អាល្លឺម៉ង់ ៤១ ០០០​គីឡូម៉ែត្រ

​​​ក្នុង​នោះ ផ្លូវ​រថភ្លើង​​​​ល្បឿន​លឿន​​មាន​ប្រវែង​ជិត ២០០០គីឡូម៉ែត្រ ដែល​​ភ្ជាប់​ទីក្រុង​ទៅកាន់​ប្រទេស​ក្បែរ​ខាង​ដូច​ជាង​បារាំង ស្វីស បែលហ្សិក ហូឡង់ និង​អូទ្រីស។ ​​ក្រុម​ហ៊ុន​ឯកជន​​​ចំនួន​ជាង ១៥០​ បាន​ចូល​រួម​ស្ថាបនា​ផ្លូវ​ដែក​ទាំង​នោះ។

 

៧. អូស្ត្រាលី ៤ ០ ០០០​គីឡូម៉ែត្រ

​ផ្លូវ​រថភ្លើង​ភាគ​ច្រើន​កាន់​កាប់​ និង​​ជួសជុល​ដោយ​រដ្ឋាភិបាល​ផ្ទាល់។​

 

៨. អាហ្សង់ទីន ៣៦ ០០០​គីឡូម៉ែត្រ

​អាហ្សង់ទីន​​ ​ធ្លាប់​ប្រើ​ប្រាស់​ផ្លូវ​ដែក​ជាង ៤៧ ០០០​គីឡូម៉ែត្រ​នៅ​ចុង​សង្គ្រាម​លោក​លើក​ទី​ពីរ ដែល​ប្រតិបត្តិការ​ដោយ​ក្រុម​ហ៊ុន​អង់គ្លេស បារាំង តែ​ត្រូវ​ធ្លាក់​​ចុះ​វិញ​ដោយ​បាត់​បង់​ចំណូល និង​ការ​សាង​សង់​ផ្លូវ ហាយវេ ។

 

៩. បារាំង ២៩ ០០០​គីឡូម៉ែត្រ

​​បណ្ដាញ​ផ្លូវ​ដែក​បារាំង​ ជា​របស់​រដ្ឋ ​និង​ជាង​ ៥០% ​​ រថភ្លើង​ដើរ​ដោយ​​ថាមពលអគ្គិសនី។ ផ្លូវ​ល្បឿន​លឿន​មាន​ជាង ១ ៥៥០​គីឡូម៉ែត្រ ​និង​ ​បន្ថែម ៣០២​គីឡូម៉ែត្រ​ដល់​ឆ្នាំ ២០១៧។ ​​​​

 

១០. ប្រេស៊ីល ២៨ ០០០​គីឡូម៉ែត្រ

​ផ្លូវ​ដែក​​​ទាំង​នេះ​ប្រតិបត្តិការ​ដោយ​​ក្រុមហ៊ុន​ឯក​ជន និង​របស់​រដ្ឋ​ ដែល​ភាគ​ច្រើន​​សម្រាប់​ដឹក​ទំនិញ​​ដែក រួម​ទាំង​រ៉ែដែក​​ជា​សំខាន់។​
​កាល​ឆ្នាំ ​២០១២ រដ្ឋាភិបាល​ ​បាន​ប្រកាស​​ឲ្យ​ប្រើ​ផ្លូវ​ថ្មី​​ប្រវែង ​១ម៉ឺន​គីឡូ ​និង​ផ្លូវ​ល្បឿន​លឿន ​៥១១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​នឹង​មាន​នៅ​ឆ្នាំ ២០៤២​ ដែល​ភ្ជាប់​ពី​ទីក្រុង​សៅប៉ូឡូ និង​ រ៉ីអូ ឌឹ​ ចេនីរ៉ូ៕

 

ចុចអាន៖ កំពូល​រថភ្លើង​ល្បឿន​លឿន​ ដែល​ប្រទេស​មួយ​ចំនួន​កំពុង​ប្រើ​

ចុចអាន៖ ​​ជប៉ុន​បំបែក​កំណត់​ត្រា​រថភ្លើង​ល្បឿន​លឿន​បំផុត​ក្នុង​លោក​​ជា​ថ្មី

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Railway-technology