ក្រុមអ្នក ការពារបរិស្ថាន​​​​​​​​​​ ៖ ពេលដែល ប្រព័ន្ធអេកូឡូស៊ី មានដំណើរការល្អវា នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់មនុស្ស

ភ្នំពេញ ៖ ថ្លែងនៅក្នុងសិក្ខាសាលា ស្តិពីពី «វិធីសាស្ត្រចម្រុះ សម្រាប់ទស្សនៈវិស័យរួម ការធ្វើផែនទី និង ការវាស់វែងសេវាកម្មបរិស្ថាន សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយ និរន្តរភាពនៅកម្ពុជា» ឯសណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅថ្ងៃទី២៥ មករា នេះ លោក ឈិត សំអាត នាយកអង្គការ WWF បានថ្លែងថា “នៅពេលដែលប្រព័ន្ ធអេកូឡូស៊ីមានដំណើរការល្អ នោះវានឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់មនុស្ស”។

លោកថា “ប្រព័ន្ធអេកូឡូស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រជីវិតសត្វ រុក្ខជាតិ ដើម្បីរក្សាបាននូវលំនឹងនៅក្នុងធម្មជាតិ។ នៅពេលដែល ប្រព័ន្ធអេកូឡូស៊ី មានដំណើរការល្អ វានឹងផ្តល់ អត្ថប្រយោជន៍ជាច្រើន ដល់សុខភាព ជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់មនុស្ស ដែលរួមមានដូចជា ការស្រូបយកកាបូនពីបរិយាកាស ដើម្បីកាត់បន្ថយកំណើនឧស្ម័នផ្ទះ កញ្ចក់ ការធ្វើនិយ័តកម្មអាកាសធាតុ បន្សុទ្ធ និងផ្គត់ផ្គង់ទឹកបានទៀងទាត់ ផ្តល់ចំណីអាហារ ឱសថ ការចិញ្ចឹមជីវិតពីអនុផលព្រៃឈើ និងកាលានុវឌ្ឍភាពសម្រាប់ការស្រាវជ្រាវពីវប្បធម៌ និងជំនឿជាដើម”។

ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាដ៏សំខាន់មួយនៅ ក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយប្រសិទ្ធិភាព នោះគឺការខ្វះខាតព័ត៌មាន ឬទិន្នន័យអំពីសេវាកម្មអេកូឡូស៊ី។

លោក ឈិត សំអាត បន្តថា “សម្រាប់ប្រទេសកម្ពុជា ទិន្នន័យពីអេកូឡូស៊ីនេះ នៅមិនទាន់មានការវាស់វែងនៅឡើយ ហេតុដូច្នេះហើយ ទើបជាការគ្រប់គ្រង សេវាកម្មអេកូឡូស៊ីមិនទាន់មានប្រសិទ្ធភាព ហើយកំពុងមានការថយចុះជាលំដាប់ ប្រសិនបើមិនមាន ការរាប់បញ្ចូលនូវអត្ថប្រយោជន៍ទាំងនេះឲ្យបានត្រឹមត្រូវនោះទេ”។

លោក យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា “ប្រព័ន្ធធម្មជាតិបានផ្តល់ ធនធានដែលជាប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់មនុស្ស រួមមាន៖ ម្ហូបអាហារ ថ្នាំព្យាបាលជំងឺ ឈើសំណង់ និងថាមពលសម្រាប់ចម្អិនអាហារ សមត្ថភាពរបស់ប្រព៧ន្ធអេកូឡូស៊ី ព្រៃលិចទឹក ក្នុងការបន្សុតទឹក សកម្មភាពរបស់ពពួកសត្វល្អិត ក្នុងការបំបែកសំណល់សរីរាង្គ និងរក្សាវដ្ដនៃគីមីចំណីអាហារ សមត្ថភាពព្រៃឈើក្នុងការរក្សាលំនឹង និងតុល្យភាពអាកាសធាតុ នាវាចរ និងកន្លងទេសចរណ៍ធម្មជាតិ ជាដើម ដែលទាំងនេះមនុស្ស យើងទទួលបានស្ទើរ តែទទេៗមិនមានគិតថ្លៃអ្វីទាំងអស់ពីធម្មជាតិ”។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ  បានសម្តែងនូវការកោតសរសើរចំពោះអង្គការ WWF កម្ពុជា ក្រុមការងារ In WEST របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមការងារ In WEST ខេត្តមណ្ឌលគិរី ដែលបានខិតខំក្នុងការធ្វើការាស់វែង វាយតម្លៃ និងរៀបចំផែនទី សេវាកម្មអេកូឡូស៊ីនៅខេត្តមណ្ឌលគិរីចេញជារូបរាងឡើងសម្រាប់ពិភាក្សាក្នុងពេលនេះ និងជាប្រយោជន៍ ក្នុងការការពារ ថែរក្សា បរិស្ថាន  និងជីវចម្រុះរបស់យើងឲ្យមាននិរន្តរភាព យូអង្វែង៕

ក្រុមអ្នក ការពារបរិស្ថាន​​​​​​​​​​ ៖ ពេលដែល ប្រព័ន្ធអេកូឡូស៊ី មានដំណើរការល្អវា នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់មនុស្ស