លោក កឹម សុខា នឹង​លើក​របៀបវារៈ​បី​សំខាន់ៗ​ទៅ​ជជែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា នៅ​ថ្ងៃស្អែក​នេះ នឹង​លើកយក​របៀបវារៈ​បី​សំខាន់ៗ​ទៅ​ជជែក​ជាមួយ លោក ច​ន ឃើ​រី រដ្ឋមន្ត្រីក្រសួង​ការ​ទេស​សហរដ្ឋអាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​ទេស​សហរដ្ឋអាមេរិក និង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​រំពឹងថា​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ដល់​កម្ពុជា​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​ទេស​សហរដ្ឋអាមេរិក លោក ច​ន ឃើ​រី និង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នឹង​ត្រូវយក​របៀបវារៈ​ចំនួន​បី​មក​ពិភាក្សា ក្នុងនោះ​រួមមាន​៖ ជុំវិញ​ដំណើរការ​អនុវត្ត​ន៍ល​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា បញ្ហា​ការ​គោរ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បញ្ហា​ដំណើរការ​បោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ដែល​ធានាបាន​នូវ​យុត្តិធម៌​។

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ការដក​អភ័យ​ឯក​សិទ្ធ​សភា​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ការដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា និង​បញ្ហា​ការកាត់ទោស និង​ចាប់ឃុំខ្លួន​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បាន​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អះអាងថា​នឹងត្រូវ​លើក​យកទៅ​ពិភាក្សា​ផងដែរ​នៅ​ថ្ងៃស្អែក រវាង​លោក ច​ន ឃើ​រី រដ្ឋមន្ត្រីក្រសួង​ការ​ទេស​សហរដ្ឋអាមេរិក និង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

គួរ​បញ្ជាក់ថា លោក ច​ន ឃើ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​។ ក្នុង​ដំណើរ​ទស្ស​កិច្ច​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង អន្តរជាតិ បានដាក់​លិខិត​ផ្ញើ​ទៅកាន់​លោក ច​ន ឃើ​រី ជា​បន្តបន្ទាប់ ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​រូបនេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស ការបំពាន​លើ​ប្រព័ន្ធតុលាការ  ការប្រើ​ហិង្សា​លើ​មន្ត្រី​គណបក្សជំទាស់ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បញ្ឈប់​និ​រ​ទណ្ឌ​ភាពជា​ដើម​៕

12507687_1263032560380707_2374563018646708629_n​    ​