បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដោយ​ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​

តាកែវ: ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ ២០១៦ ដោយ​ជាប់ចោទ​ពីបទ​លួងលោម​រំលោភ​សេពសន្ថវៈ ទៅលើ​នារី​ជា​ជនពិការ​ម្នាក់ បានសម្រេច​ចំនួន ២​ដង​។ ករណី​រំលោភ​សេពសន្ថវៈ​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ១ និង ៣០ នាទី ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ខណៈដែល​នារី​រងគ្រោះ នៅផ្ទះ​ម្នាក់ឯង​។
​លោក ឆាយ សាវុធ អធិការនគរបាល​ក្រុង​ដូន​កែវ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ឈិន សារ៉ាត់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​។ ចំណែក​នារី​រងគ្រោះ អាយុ​២២​ឆ្នាំ ជា​ជនពិការ (​ខ្វិន​ជើង​) ស្នាក់នៅ​ក្នុងផ្ទះ​ជាមួយ​ឈ្មោះ ឆឹង សុ​ខេន ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ត្រូវជា​បងប្អូន​ធម៌​នឹង​គ្នា រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។

​ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បានរួម​ភេទ​ជាមួយ​នារី​រងគ្រោះ បានសម្រេច​ចំនួន ២​ដង ពិតប្រាកដ​មែន  ដោយបាន​លួងលោម​នារី​រងគ្រោះ​ថា នឹង​យក​ធ្វើជា​ប្រពន្ធ​។ លុះដល់​ថ្ងៃទី​២៤ មករា រូបគេ បាន​ទៅផ្ទះ ដែល​នារី​រងគ្រោះ​ស្នាក់ ដោយ​ឃើញ​ឱកាសល្អ រូបគេ​បានរួម​ភេទ​ជាមួយ​នារី​រងគ្រោះ​ម្តងទៀត ខណៈដែល​កំពុង​ធ្វើ​សកម្មភាព  ស្ត្រី​ឈ្មោះ ឆឹង សុ​ខេន មក​ទាន់​។ រួច​ក៏​ហៅ​ក្រុមគ្រួសារ​របស់​ជនសង្ស័យ មក​សម្របសម្រួល​គ្នា ដោយ​អោយ​ជនសង្ស័យ និង​នារី​រងគ្រោះ សែនព្រេន យកគ្នា​ជា​ប្តី​ប្រពន្ធ​។ តែ​ភាគី​ក្រុមគ្រួសារ​របស់​ជនសង្ស័យ មិន​ព្រម ទើប​ស្ត្រី​ឈ្មោះ ឆឹង សុ​ខេន ប្តឹង​សមត្ថកិច្ច អោយ​ឃាត់ខ្លួន​តែម្តង​៕​

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដោយ​ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​