ជា ចាន់តូ​៖ ទស្សនវិស័យ​ចម្បង​បី​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ប្រាក់រៀល ស្ថិរភាព និង​អភិវឌ្ឍន៍​

ភ្នំពេញ​: ​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជម្រាបជូន​អំពី​ទស្សនវិស័យ​ចម្បង​បី​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​បាវចនា​មួយ គឺ​ប្រាក់រៀល ស្ថិរភាព និង​អភិវឌ្ឍន៍​។ គោលដៅ​ទាំងបី​នេះ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។​

ការ​ជម្រាបជូន​របស់លោក​ជា​ចាន់តូ ត្រូវបាន​ធ្វើឡើង ក្នុងឱកាស​បិទ​សន្និបាត​បូកសរុប​ទ្ធ​ផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ធនាគារជាតិ កាលពី​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ កន្លងមកនេះ នៅ​សាលសន្និសីទ​ចតុមុខ​។​

​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ប្រាក់រៀល គឺជា​រូបយ​វត្ថុ​ជាតិ​របស់​កម្ពុជា​យើង និង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​អត្តសញ្ញាណ​ជាតិ មោទនភាព​ជាតិ និង​អធិបតេយ្យ​សេដ្ឋកិច្ចជាតិ​។ ការរក្សា​អត្តសញ្ញាណ​ជាតិ ជា​កាតព្វកិច្ច​មូលដ្ឋាន​របស់​ស្ថាប័ន​និង​ប្រជាជន​ខ្មែរ​គ្រប់រូប ដើម្បី​លើកស្ទួយ​កេរ​មរតក និង​កិត្តិនាម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​លោក​បាន​បន្តថា ប្រាក់រៀល​ក៏បាន​ដើរតួនាទី​ជា​ឧបករណ៍​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដែល​ចាំបាច់​សម្រាប់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​សម្រេចបាន​នូវ​បេសកកម្ម​របស់ខ្លួន ក៏ដូចជា​ពង្រឹង​ភាព​ធន់​មាំ​នៃ​សេដ្ឋកិច្ច អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​សំដៅ​រួមចំណែក​រក្សា​ស្ថិរភាព​ទាំង​ម៉ាក្រូសេដ្ឋកិច្ច​និ ង​ហិរញ្ញវត្ថុ​។ ដូចដែល​យើង​រាល់គ្នា​បានដឹងហើយថា រូបិយវត្ថុ​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ប្រជាជាតិ​មួយ​ពោល គឺ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ជា​លក្ខខណ្ឌ​ចាំបាច់ ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ភាពរុងរឿង​។​

​លោក​បាន​បន្ថែមថា ក្រៅពី​ទស្សនវិស័យ​ទីមួយ ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​គោលដៅ​ទី​ពីរ​នៃ​បាវចនា​របស់​យើង គឺ​ស្ថិរភាព​។ យើង​បានឃើញ​ពាក្យ "​ស្ថិរភាព​" នេះ នៅក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​ច្បាប់​.​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ទៀត ដែល​បាន​និយាយ​ទាក់ទង​នឹង​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល​។ ទន្ទឹមនេះ ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ស្ថិរភាព ក៏​ឃើញ​មាន​លើ​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ផងដែរ ដូចជា​តួនាទី​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​គ្រប់គ្រង និង​រក្សា​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ ការរក្សា​និរន្តរភាព​ប្រព័ន្ធ​ទូទាត់ និង​ការគ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​។​

​លោក​ទេសាភិបាល​បាន​បន្ថែមទៀតថា ចក្ខុវិស័យ​ក្នុងការ​រក្សាបាន​នូវ​ស្ថិរភាព​ទាំងនេះ​នឹង​ឈានទៅ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំងមូល​។ ជំនឿ​ទុកចិត្ត​នេះហើយ​ជា​បុ​រេ​លក្ខខណ្ឌ​ដើម្បី​ពង្រឹង​អន្តរការី​យក​ម្ម​ហិរញ្ញវត្ថុ​ដែល​បង្ក​បរិយាកាស​អំណោយ​ផល​ដល់​ការរីកចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​និង​ការអនុវត្ត​គោលនយោបាយ​នានា​។ ដូច្នេះ​ការរក្សា​ស្ថិរភាព​ថ្លៃ ក៏ដូចជា​ស្ថិរភាព​ហិរញ្ញវត្ថុ គឺជា​ទស្សនវិស័យ និង​គោលដៅ​សំខាន់​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ឈាន​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​លោក​មានប្រសាសន៍​បន្ត​ថា ចំណែក​ទស្សនវិស័យ​ចុងក្រោយ​នៃ​បាវចនា​របស់​យើង គឺ​អភិវឌ្ឍន៍ ដែល​នេះ​គឺជា​គោលដៅ​ចម្បង​របស់​ពិភពលោក និង​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើន​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស​។ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ហើយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​លោក​បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បានកំណត់​ទស្សនវិស័យ​យ៉ាងច្បាស់​លាស់​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន សំដៅ​គាំទ្រ​និង​រួមចំណែក​ក្នុង​គោលនយោបាយ​អភិវឌ្ឍ​ជាតិ តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ការរក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ​នានា​។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍ​ក៏ត្រូវ​ធ្វើឡើង​ប្រកបដោយ​ស្ថិរភាព ឧទាហរណ៍ ដូចជា​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឲ្យ​បាន​ខ្ពស់ ប៉ុន្តែ​ត្រូវ​គិតពី​ស្ថិរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ជាដើម​។​

​ជាមួយគ្នា​នោះ លោក​បានស្នើ​ដល់​អ្នកចូលរួម​សន្និបាត​ទាំងអស់ ចងចាំ​នូវ​បាវចនា ដែល​បង្ហាញ​ពី​ទស្សនវិស័យ​ទាំងបី​របស់​ធនាគារជាតិ​នៃ​កម្ពុជា ឲ្យ​បាន​ច្បាស់ និង​ចូលរួមចំណែក​ឲ្យ​បាន​ផុសផុល​ទាំងអស់គ្នា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ទាំងនេះ ដូច​ពាក្យចាស់​លោក​ពោលថា ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់ សាមគ្គីភាព គឺជា​កម្លាំង​ដ៏​រឹងមាំ​។​

​ក្រៅពី​ការ​ជម្រាបជូន​បាវចនា ដែល​បង្ហាញ​ពី​ទស្សនវិស័យ​ទាំងបី​របស់​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ បាន​ឲ្យ​ដឹងផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ព្យាករណ៍​កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៦​នេះ​ថា សម្រេចបាន​ក្នុង​អត្រា ៧​ភាគរយ ជាមួយ​អត្រា​អតិផរណា​ក្នុង​រង្វង់ ៣​ភាគរយ និង​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ក្នុង​កម្រិត​មធ្យម​ប្រមាណ ៤.០៥០​រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ការព្យាករណ៍​ដោយ​សុទិដ្ឋិនិយម​នេះ ត្រូវបាន​ធ្វើឡើង​ស្របពេល ដែល​សេដ្ឋកិច្ចពិភពលោក​រំពឹង​ថា នឹង​កើន​ឡើងដល់​កម្រិត​ស្មើនឹង​អត្រា​ពេលមុន​វិបត្តិ​។​

​គួររំលឹកថា ឆ្នាំ​២០១៥ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​អត្រា ៦,៩​ភាគរយ ដែល​គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​ការនាំចេញ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍ ខណៈដែល​វិស័យ​កសិកម្ម​បន្ត​មាន​កំណើន​ទាប​។ ដោយឡែក អត្រា​អតិផរណា​រួម​ជា​មធ្យម មាន​កម្រិត​ត្រឹម ១,២ ភាគរយ នៅ​ឆ្នាំ​២០១៥ ទាប​ជាង​ឆ្នាំ​២០១៤(៣,៩​ភាគរយ​)៕​

ជា ចាន់តូ​៖ ទស្សនវិស័យ​ចម្បង​បី​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ប្រាក់រៀល ស្ថិរភាព និង​អភិវឌ្ឍន៍​

ជា ចាន់តូ​៖ ទស្សនវិស័យ​ចម្បង​បី​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ប្រាក់រៀល ស្ថិរភាព និង​អភិវឌ្ឍន៍​