ជ័យជម្នះ​៥​ប្រកួត​របស់​ ប្រាក់​ សុវណ្ណារ៉ា នាំ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​


ជ័យជម្នះ​៥​ប្រកួត​របស់​ ប្រាក់​ សុវណ្ណារ៉ា នាំ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​

ចុង​ឆ្នាំ​២០១៥​ និង​ដើម​ឆ្នាំ​២០១៦​​នេះ​​ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ទំនង​ជា​ចាប់​អារម្មណ៍​ខ្លាំង​នឹង​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​តាម​រយៈ​ជ័យជម្នះ​​៥​ប្រកួត​របស់​លោក​ ប្រាក់​ សុវណ្ណារ៉ា​ ​សម្រាប់​ការ​ប្រកួត​​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។ លទ្ធផល​​ទាំង​៥​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​ជ័យជម្នះ​លើ​ក្រុម​កំពូល​ៗ​​ប្រចាំ​ប្រទេស​៤​នៅ​អាស៊ាន។

ជ័យជម្នះ​៥​ប្រកួត​របស់​ ប្រាក់​ សុវណ្ណារ៉ា នាំ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​

 

១- បឹងកេត​អង្គរ​ ឈ្នះ​ Lao Toyota ២-០​
ម្ចាស់​ជើង​ឯក​លីគ​កំពូល​ឡាវ​ Lao Toyota បាន​រង​បរាជ័យ​ក្នុង​ដី​របស់​ខ្លួន​ដោយ​ក្រុម​កំពូល​តារាង​កម្ពុជា​ បឹងកេត​អង្គរ​ក្នុង​លទ្ធផល​ ២-០ ​នៃ​​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Mekong Toyota Club Championship 2015។ ជ័យជម្នះ​ពេល​នោះ​ ​បណ្តា​ប្រទេស​​នៅ​តំបន់​អាស៊ាន​ និង​ក្លឹប​នៅ​ប្រទេស​ជប៉ុន​បាន​ចាប់​អារម្មណ៍​នឹង​ក្លឹប​របស់​កម្ពុជា​មួយ​នេះ​ ជា​ពិសេស​កីឡាករ​ ចាន់ វឌ្ឍនាកា​ ដែល​​ជា​អ្នក​ស៊ុត​ចូល​ទី​ទាំង​ពីរ​គ្រាប់។

 

២- បឹងកេត​អង្គរ​ ឈ្នះ​ Yangong United ៣-០
បន្ទាប់​មក​លោក​ ប្រាក់​ សុវណ្ណារ៉ា បាន​ដឹក​នាំ​បឹងកេត​អង្គរ​បំបាក់​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ Yangong United ដោយ​លទ្ធផល​ ៣-០ នៃ​ពាន​រង្វាន់​ Mekong Toyota Club Championship 2015 នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ។ ពេល​នោះ​គ្រូ​បង្វឹក​របស់​ Yangong United បាន​កោត​សរសើរ​លើ​ក្រុម​របស់​កម្ពុជា​ថា ពិត​ជា​លេង​បាន​ល្អ​ និង​មាន​ទំនុក​ចិត្ត​ខ្លាំង និង​ជា​ពេល​ដែល​​មហាជន​​ចាប់​អារម្មណ៍​ខ្លាំង​នឹង​បាល់ទាត់​កម្ពុជា​ដែរ។

 

ជ័យជម្នះ​៥​ប្រកួត​របស់​ ប្រាក់​ សុវណ្ណារ៉ា នាំ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​ ក្រុម​បឹងកេត​អង្គរ

 

៣- បឹងកេត​អង្គរ​ ឈ្នះ​ Becamex Bing Doung ៣-២
អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ​ ក្រុម​ជើង​ឯក​វៀតណាម Becamex Bing Doung ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​ខ្លាំង​ជាង​​ក្រុម​របស់​កម្ពុជា​ និង​បាន​ឈរ​ចាំ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Mekong Toyota Club Championship 2015។ នៅ​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ក្រុម​ជើង​ឯក​វៀតណាម​មួយ​នេះ​បាន​​ខក​ចិត្ត​យ៉ាង​ខ្លាំង​ក្រោម​ថ្វី​ជើង​ក្រុម​បឹងកេត​អង្គរ​ក្នុង​លទ្ធផល​ ៣-២​ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន។ ​​លទ្ធផល​នេះ​​បាន​រុញ​ច្រាន​កេរ្តិ៍​ឈ្មោះ​ក្លឹប​របស់​កម្ពុជា​មួយ​នេះ​កាន់​តែ​ល្បី​ល្បាញ​ទៅ​កាន់​ឆាក​អន្តរជាតិ។ បឹងកេត​អង្គរ​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ជួប​ក្រុម​ជើង​ឯក​ថៃ​ Buriram United ប៉ុន្តែ​ចាញ់​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​ទាំង​មិន​អស់​ចិត្ត។

 

៤- Cambodia All Stars ឈ្នះ​ SCG Muangthong United ៤-៣
ក្រោយ​​​ជ័យជម្នះ​សម្រាប់​ការ​ដឹក​នាំ​បឹងកេត​អង្គរ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ សហព័ន្ធ​បាល់​ទាត់​កម្ពុជា​បាន​ផ្តល់​ទំនុក​ដល់​លោក​​ ប្រាក់​ សុវណ្ណារ៉ា​ សម្រាប់​ការ​ដឹក​នាំ​ក្រុម​ Cambodia All Stars ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​មក​ពី​ប្រទេស​ថៃ។ ​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៦ ក្រុម​របស់​លោក​ប្រាក់​ សុវណ្ណារ៉ា ​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​រង​លីគ​កំពូល​ថៃ​ SCG Muangthong United ដោយ​លទ្ធផល​ ៤-៣។ ​ក្រុម​ជើង​ឯក​រង​ថៃ​នេះ​​ជា​ក្រុម​​ខ្លាំង​មួយ​​ប្រចាំ​ប្រទេស​ថៃ​​ដែល​សំបូរ​កីឡាករ​ឆ្នើម​ៗ​ទាំង​ជាតិ​ និង​អន្តរជាតិ។ លទ្ធផល​នេះ​​ក៏​ធ្វើ​ឲ្យ​សាធារណ​ជន​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​ប្រទេស​ថៃ​តែ​ម្តង​ទទួល​ស្គាល់​ថា​ កម្រិត​បាល់ទាត់​កម្ពុជា​ក៏​មិន​ធម្មតា​ដែរ​នា​ពេល​បច្ចុប្បន្ន។
​​

ជ័យជម្នះ​៥​ប្រកួត​របស់​ ប្រាក់​ សុវណ្ណារ៉ា នាំ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​ក្រុម​ Cambodia All Stars

 

៥- Cambodia All Stars ឈ្នះ​ Buriram United ៦-៥
លទ្ធផល​ចុង​ក្រោយ​បំផុត​នេះ​ ក្រុម Cambodia All Stars ​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ​ Buriram United ដោយ​លទ្ធផល​បាល់​ប៉េណាល់​ទី​៤-៣ បន្ទាប់​ពី​បញ្ចប់​៩០​នាទី​​ដោយ​លទ្ធផល​ស្មើ​គ្នា​២-២។ ជ័យជម្នះ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ​ ​​គ្មាន​នរណា​ម្នាក់​មិន​ចាប់​អារម្មណ៍​​ឡើយ​​ ដោយ​​​គ្រប់​គ្នា​ដឹង​ហើយ​ថា​ Buriram United ជា​ក្រុម​យក្ស​មួយ​នៅ​តំបន់​អាស៊ី​ដែល​សំបូរ​​​ធនធាន​កីឡាករ​​ល្អៗ​ និង​ធន​ធាន​ហិរញ្ញវត្ថុ។ ច្បាស់​ណាស់​ថា​ ​​​ក្រុម​ជើង​ជើង​ឯក​ថៃ​នេះ​ ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​នឹង​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ ព្រម​ទាំង​​កំណើន​នៃ​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លប់​ដែល​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​មួយ​ដល់​កីឡាករ​របស់​ខ្លួន។

 

ជ័យជម្នះ​៥​ប្រកួត​របស់​ ប្រាក់​ សុវណ្ណារ៉ា នាំ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​ ទិដ្ឋភាព​អបអរ​សម្រាប់​ជ័យជម្នះ​លើ​ក្រុម Buriram United

 

និយាយ​​ជា​មួយ​ចំណុច​ពីរ​ដែល​​ធ្វើ​ឲ្យ​បរទេស​ចាប់​អារម្មណ៍​បំផុត​គឺ​ទី​មួយ​ ចំនួន​នៃ​អ្នក​គាំទ្រ​កម្ពុជា​​ដែល​បាន​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​ប្រៀប​ដូច​ជា​បណ្តា​ប្រទេស​​​ដែល​​មាន​បាល់ទាត់​ល្បី​ល្បាញ​ដូច​ជា​តំបន់​អឺរ៉ុប​​ទៅ​ហើយ។ ទី​ពីរ​គឺ​ក្រុម​របស់​កម្ពុជា​អាច​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ៗ​ជាង​ខ្លួន៕

 

ជ័យជម្នះ​៥​ប្រកួត​របស់​ ប្រាក់​ សុវណ្ណារ៉ា នាំ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​