សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​និង​កំពុង​ចូលរួម​ចំណែក​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​។

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នៅ​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ បាន​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ​មួយ​ចំនួន​ធំ​ដល់​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ចុះ​ទៅ​ដល់​មណ្ឌលកុមារ​កំព្រា​ដំបូង​លោកស្រី​នាយិកា​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ​បាន​ស្នើ​សុំ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ឱ្យ​ជួយ​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ និង​អាហារ ។ ក្នុង​ការ​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ និង​ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​កុមារ​កំព្រា​ដែល​កំពុង​តែ​ជួប​ប្រទះ​នៅ​ទីនោះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​សម្រេចចិត្ត​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ និង​អាហារ​ដល់​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា​យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ដើម្បី​ជួយ​សម្រួល​ដល់​កុមារ ។ ពួក​គេ​គឺ​ដូច​ជា​កូនចៅ​របស់​យើង ហើយ​ពួក​គេ​គួរតែ​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​ពី​យើង ។ យើង​សប្បាយ​រីករាយ​ដែល​ឃើញ​ពួក​គេ​រស់នៅ​ដោយ​សេច​ក្តីសុខ និង​មាន​អាហារ​ញាំ​ុ​គ្រប់គ្រាន់​។ យើង​សង្ឃឹមថា កុមារ​ទាំង​អស់នោះ​នឹង​ខិត​ខំរៀន​បន្ថែម​ទៀត​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន និង​សម្រាប់​ប្រទេស​កម្ពុជា ។    

លោក​បន្ថែម​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​១២​អង្គការ ក្នុង​ប្រទេស​កម្ពុជា ។ យើង​បាន​ចែករំលែក​នូវ​សេចក្តី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​របស់​យើង​តាម​រយៈ​កម្មវិធី «​សេចក្តី​ប្រាថ្នា​ក្លាយជា​ការ​ពិត​» ក្នុង​ឱកាស​បុណ្យ​ណូអែល​របស់​យើង ដែល​មាន​កុមារ​ក្រីក្រ​ជាង​៥០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួលផល​ប្រយោជន៍​ជាមួយនឹង​កាដូ​បុណ្យ​ណូអែល​របស់​យើង​ដែល​ឧបត្ថម្ភ​ដោយ​បុគ្គលិក​ណា​ហ្គា​វើ​ល ។ អ្វី​ទាំងអស់​ដែល​បាន​ធ្វើ​កន្លង​មក​ដោយ​ក្តី​សង្ឃឹមថា កុមារ​ក្រីក្រ កុមារ​កំព្រា និង​កុមារ​ផ្ទុកមេរោគ​អេ​ដស៍​ដែល​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា និង​ស្ត្រី​មេម៉ាយ នឹង​រីករាយ​ជាមួយនឹង​ការ​រីក​ចម្រើន​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោកស្រី ប្រាក់ សុខា នាយក​ប្រតិបត្តិ​នៃ​អង្គការ​បណ្តុះបណ្តាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ បាន​មាន​ប្រសាសន៍​ថា នា​ពេល​កន្លង​មក ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​នូវ​កាដូ​បុណ្យ​ណូអែល និង​អាហារ​ដល់​កុមារ​និង​អង្គការ​របស់​យើង ។ ថ្ងៃនេះ ណា​ហ្គា​វើ​ល​បាន​ឧបត្ថម្ភ​សម្ភារ​ចង្ក្រាន​បាយ​ដល់​ពួក​យើង ។ អ្វី​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​កំពុង​ធ្វើ​នេះ គឺជា​វប្បធម៌​ចែករំលែក ហើយ​យើង​សង្ឃឹមថា វប្បធម៌​នេះ​នឹង​បន្ត​ទៅ​ថ្ងៃ​អនាគត​ទៀត ។ យើង​អាច​និយាយ​បាន​ថា ណា​ហ្គា​វើ​ល​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​ចែករំលែក ដូច្នេះ​ក្រុមហ៊ុន​ផ្សេង​ៗ​គួរតែ​អនុវត្ត​តាម ៕