ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ កាលពី​ថ្ងៃ​ទី​២៥ មក​រា បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី ដើម្បី​ប៉ុនប៉ង​ដោះស្រាយ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លក់​យន្តហោះ​ចម្បាំង​ធុន RAFALE ឱ្យ​ឥណ្ឌា ហើយ​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ ដែល​នោះ​ជា​ការ​អនុវត្ត​ជាក់ស្តែង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តី​ពី​បរិយាកាស ។

ប្រធានាធិបតី​បារាំង នា​ថ្ងៃ​ទី​២៤ មក​រា ហាក់​មានការ​ប្រយ័ត្នប្រយែង​នា​ថ្ងៃ​ដំបូង​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ​របស់​លោក​នៅ​ឥណ្ឌា ចំពោះ​ទស្សនវិស័យ​នៃ​ការ​លក់​យន្តហោះ​ប្រដេញ​ធុន RAFALE របស់​ក្រុមហ៊ុន DASSAULT ៣៦​គ្រឿង​ដែល​លោក​ម៉ូ​ឌី ស្នើ​ទិញ​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុងប៉ារីស​កាលពី​ខែមេសា ឆ្នាំ​២០១៥ ។

ពេល​មក​ដល់ទី​ក្រុង CHANDIGARH ភាគ​ខាងជើង​ឥណ្ឌា លោក​ហូ​ឡង់ មាន​ប្រសាសន៍​ថា នា​ឱកាស​នៃ​ទស្សនកិច្ច​នេះ យើង​នឹង​ឆ្លងកាត់​ដំណាក់កាល​មួយទៀត ហើយ​យើង​សង្ឃឹមថា ឥណ្ឌា​នឹង​បាន​ទទួល​យន្តហោះ​ចម្បាំង​ធុន RAFALE ទាំង​៣៦​គ្រឿង​នេះ ។

លោក​ហូ​ឡង់ បន្ត​ថា ការ​លក់​នេះ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​មួយ មុន​រាល់​កុងត្រា​ពាណិជ្ជកម្ម ដែល​នឹង​ត្រូវ​ចរចា​ជាមួយ​ក្រុមហ៊ុន DASSAULT ដែល​បែប​នេះ​អាច​ចៀសវាង​ការ​លក់​ដោយ​ឆាប់រហ័ស​នូវ​យន្តហោះ​ដែល​ក្រុមហ៊ុន​បារាំង​នេះ​បាន​ធ្វើ​ពាណិជ្ជកម្ម​រួច​ហើយ កាលពី​ឆ្នាំទៅ​មិ​ញ​នៅ​អេ​ហ្ស៊ី​ប និង​កា​តា ។

តម្លៃ និង​ឧបករណ៍​ថ្មី​របស់​យន្តហោះ​ទាំងនេះ​ជា​ចំណុច​សំខាន់​២​នៃ​ការ​ចរចា​គ្នា​រយៈពេល​យ៉ាង​យូរ ។ ការ​មិន​ចុះសម្រុង​គ្នា​លើ​ការ​លក់​យន្តហោះ​ប្រយុទ្ធ​បារាំង​ឱ្យ​ឥណ្ឌា​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ។ បន្ទាប់​ពី​សំណើ​ទិញ​កាលពី​ឆ្នាំ​២០០៧ ក្រុង​ញូ​វ​ដែ​ល្លី​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១២​មក នូវ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន DASSAULT ADVIATION សម្រាប់​កុងត្រា​ដ៏​ធំ​ទិញ​យន្តហោះ​ដល់​ទៅ​១២៦​គ្រឿង ក៏​ប៉ុន្តែ​ការ​ប៉ុនប៉ង​លើក​ដំបូង​នេះ​ត្រូវ​បរាជ័យ ។ ក្នុង​ការ​ចរចា​ដែល​កំពុង​ប្រព្រឹត្ត​ទៅ ឥណ្ឌា​ស្នើ​ដល់​ក្រុមហ៊ុន DASSAULT ឱ្យ​វិនិយោគ​រហូត​ដល់​៥០% នៃ​ទឹកប្រាក់​ក្នុង​កុងត្រា​នៅ​លើ​ទឹកដី​ឥណ្ឌា ។ ប្រសិនបើ​កុងត្រា​រឿង​យន្តហោះ RAFALE ពិបាក​ពេក​នោះ​ក្រុមហ៊ុន AIRBUS ហាក់​មាន​ទំនុកចិត្ត​លើ​ការ​រកស៊ី​រួម​គ្នា​របស់​ក្រុមហ៊ុន​នេះ​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា MAHINDRA សម្រាប់​ផលិត​ឧទ្ធម្ភាគចក្រ​យោធា​នៅ​ឥណ្ឌា ។ ក្រុមហ៊ុន​ទាំង​២​បាន​ចុះហត្ថលេខា​រួច​លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ៕