ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​​​​​​ស៊េរី​ទំនើប​មួយគ្រឿង​​​​ចត​នៅ​​លើ​ចិញ្ចើម​ផ្លូវ​ ត្រូវ​រ៉ឺ​ម៉ក​ដឹក​សា​ឡុ​ង​ឈើ​មួយ​គ្រឿង​ដឹក​ធ្ងន់​​ព្យាយាម​បើក​ឡើង​ចំណោត​​​ជ្រុល​ចង្កូត​ទៅ​​កៀរ​​​​ធ្វើ​ឱ្យ​​ក្រពឹត​មួយ​ចំហៀង​ ​​កាលពី​វេលា​ម៉ោង១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៥ ​មករា ​នៅ​ខាង​មុខ​ហាង​ថតរូប​​មួយ​ តាម​បណ្តោយ​​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ ។

​សាក្សី​នៅ​​​កន្លែង​កើតហេតុ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​​ឃើញម៉ូតូ​​រ៉ឺ​ម៉ក​មួយ​គ្រឿង​​​ដឹក​សា​ឡុ​ង​ឈើ​​​តាម​បណ្តោយ​ផ្លូវ​លេខ៤៨៨ ​ពី​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ លុះ​មក​ដល់​ចំណុច​កើតហេតុ ព្យាយាម​បើក​ឡើង​​ចំណោត​ផ្លូវ​លេខ​២៧១ ក៏​​​ជ្រុល​ចង្កូត​ទៅ​​​កៀរ​​​រថយន្ត​​ទំនើប​ម៉ា​កកូ​រ៉ូ​ឡា ស៊េរី​ឆ្នាំ​២០១៥ ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AC-៦២២១ មួយ​គ្រឿង​ ដែល​ចត​នៅ​​​លើ​ចិញ្ចើម​ផ្លូវ​​ ​​បណ្តាល​​ឱ្យ​ក្រពឹត​​​អស់​មួយ​ចំហៀង​ ។​

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​​​សមត្ថកិច្ច​​​ខណ្ឌចំការមន​ ​​ចុះ​មក​សម្របសម្រួល​​ ដោយ​ភាគី​ម្ចាស់​រថយន្ត​​​ទាមទារ​សំណង​ចំនួន​២.១០០​ដុល្លារ តែ​ត្រូវ​ភាគី​​​រ៉ឺម៉ក​ដឹក​សា​ឡុ​ង​ឈើ​​សុំ​យក​ទៅ​ជួសជុលឱ្យ​​ ​ប៉ុន្តែ​ចរចាអស់​ជា​ច្រើន​ម៉ោង​មិន​ត្រូវ​គ្នា ​ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​​​ដោះស្រាយ​​​​បន្ត​ ៕