អ្នកជំនួញបង្ហាញ ក្តីកង្វល់ក្រោយពី សម្តេចតេជោ ឲ្យបង្វែរការដឹក ទំនិញតាមផ្លូវដែក

-តម្លៃសេវាដឹកជញ្ជូន តាមផ្លូវដែកថ្លៃជាង ផ្លូវគោកនិងផ្លូវទឹក

ភ្នំពេញ៖ បន្ទាប់ពីនាយក រដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យបង្វែរការ ដឹកទំនិញធ្ងន់ៗ តាមផ្លូវជាតិលេខ៤ មកដឹកតាម ផ្លូវដែកវិញនោះ អ្នកជំនួញបានបង្ហាញថា ការដឹកទំនិញតាម រថភ្លើងមានតម្លៃថ្លៃ និងមានសភាពយឺតយ៉ាវ ជាងដឹកតាមផ្លូវគោក។

ថ្លែងប្រាប់មជ្ឈ មណ្ឌលដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia បានលើកឡើងថា ការសម្រេច របស់សម្តេចតេជោ គឺជារឿងត្រឹមត្រូវ ហើយក្រុមហ៊ុនជាច្រើនគិតថា គាំទ្រទៅនឹងការសម្រេចនេះ ព្រោះកន្លងមកក្រុមហ៊ុន AMRU Rice ក៏ធ្លាប់បានស្នើទៅ កាន់សម្តេចផងដែរ ក្នុងការអភិវឌ្ឍផ្លូវ ដែកឲ្យបានលឿន។

លោក បានបន្តថា “ចំពោះបញ្ហាប្រឈមវិញ គឺខកនឹងថ្លៃដើម ដែលយើងតាមដាន ឃើញផ្លូវរថភ្លើងវា ថ្លៃខ្លាំងជាងយើង ប្រើតាមផ្លូវគោក តាមឡាន នឹងជាបញ្ហាប្រឈម ដែលយើងមិនមាន លទ្ធភាពទៅប្រើគាត់។ អីចឹងបើរដ្ឋាភិបាល គាត់ចង់ឲ្យមានការ ប្រើប្រាស់ផ្លូវហ្នឹង គួរតែពិចារណាធ្វើ យ៉ាងណាផ្លូវដែក តាមនិយមន័យ ឬតាមអនុវត្តន៍តាម ប្រទេសផ្សេងៗ តែងតែថោកជាង ផ្លូវគោកហើយ”។

អគ្គនាយកដ្ឋានក្រុមហ៊ុន AMRU Rice Cambodia ដដែលបានបន្ថែមថា ដឹកទំនិញតាមផ្លូវ រថភ្លើងអស់ប្រហែល ២៣០ដុល្លារ ក្នុងមួយទូរកុងតឺន័រ ហើយតាមផ្លូវគោក ដែលក្រុមហ៊ុនដាក់រថយន្ត អស់តែពី ១៨០ ទៅ២០០ដុល្លារ គឺខុសគ្នាពី ៣០ ទៅ៥០ដុល្លារ ដូច្នេះលោកជំរុញ ដល់រាជរដ្ឋាភិបាលជួយ ពិនិត្យពីបញ្ហានេះផង។ ស្វែងរកពីមូលហេតុអ្វី បានជាថ្លៃដឹកតាមផ្លូវរថភ្លើង ថ្លៃជាងដឹកតាមផ្លូវគោក? កន្លងមកក្រុមហ៊ុន ចង់ដឹកតាមរថភ្លើង ព្រោះការដឹករបស់ធ្ងន់ អាចចៀសវាង គ្រោះថ្នាក់ចរាចរណ៍ ឬចៀសវាងស្ទះចរាចរណ៍ តាមផ្លូវជាតិលេខ៤។

ចំពោះបញ្ហាពេលវេលាវិញ លោក សុង សារ៉ន បានលើកឡើងថា “ការប្រើប្រាស់ផ្លូវរថភ្លើង គឺប្រើបានតែនៅថ្ងៃចន្ទ អង្គារ៍ ពុធ ព្រហស្បតិ៍ទេ ពីព្រោះរាល់ថ្ងៃសោរ៍ គេផាត់អស់ហើយ កប៉ាល់គេទៅចោលហើយ អីចឹងជាទូទៅជាបញ្ហា ក្រុមហ៊ុនប្រើពេលវេលាបានតែ ៤ថ្ងៃ ដែលអាចដឹកបាន ហើយថ្លៃដើមខ្ពស់ទៀត អីចឹងហានិភ័យខ្ពស់ ជាងឡានឆ្ងាយណាស់”។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីក្នុងវេទិកា ស្រូវអង្ករកម្ពុជា លើកទី៥ នៅព្រឹកថ្ងៃទី២៥មករា នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ឲ្យបង្វែរការដឹកទំនិញធ្ងន់ៗ តាមផ្លូវជាតិលេខ៤ មកដឹកតាមផ្លូវដែកវិញម្តង៕