រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃើ​រី មកដល់​ភ្នំពេញ នៅ​ម៉ោង ៦ ល្ងាច ថ្ងៃ​ចន្ទ ទី​២៥​មករា​

ភ្នំពេញ: តាម​គម្រោង រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃើ​រី ( John Kerry ) នឹងធ្វើ​ដំណើរ​តាម​យន្តហោះ មកដល់​ភ្នំពេញ នា​ម៉ោង ៦ ល្ងាច ថ្ងៃ​ចន្ទ ទី​២៥ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច ផ្លូវការ​រយៈពេល ២ ថ្ងៃ នៅ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការទូត​អាមេរិក នៅ​កម្ពុជា គឺ​ដើម្បី​ជំរុញ និង​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​អាមេរិក​។​

​តាម​កម្មវិធី ដែល​បាន​គ្រោងទុក បន្ទាប់ពី​ចុះចត​នៅ​ភ្នំពេញ លោក ច​ន ឃើ​រី (John Kerry) រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក នឹង​ទៅ​ទស្សនកិច្ច​សារមន្ទីរ​ជាតិ នា​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​២៦​មករា មុនពេល​លោក ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា​។ បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា លោក ច​ន ឃើ​រីនឹង​ជួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ព្រមទាំង​ជួប​លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​នៅ​ម៉ោង ១២ និង ៣០ នាទី លោក ច​ន ឃើ​រី នឹងធ្វើ​សន្និសីទកាសែត ស្តីពី ដំណើរ​ទស្សនកិច្ច​រប​ស់លោក នៅ​សណ្ឋាគារ រ៉ា​ហ្វ័​រ ឡឺ រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការទូត​អាមេរិក​នៅ​កម្ពុជា នាពេលនេះ គឺធ្វើឡើង មុន​ដំណើរ​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​អាមេរិក និង​មេដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សហរដ្ឋអាមេរិក​៕​