ប៉ូលិស​ខេត្តស្វាយរៀង ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ​

: ​បុរស​ម្នាក់ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ឃាត់ខ្លួន​។ បុរស​នោះ ត្រូវបាន​ប៉ូលិស​អះអាងថា បាន​ប្រឌិត​រឿង ហើយ​ដាក់ពាក្យ​ប្តឹង​ដល់​ស្ថានទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ដោយ​អះអាងថា បងថ្លៃ បាន​យកប្រពន្ធ​របស់ខ្លួន ទៅ​លក់​ឲ្យ​ថៅកែ​ជនជាតិ​ថៃ​។

​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា បុរស​នោះ ត្រូវបានធ្វើ​ការឃាត់ខ្លួន ក្រោម​បទចោទប្រកាន់​ពី​ប​ទៈ ហិង្សា​ដោយ​ចេតនា ក្លែង​ឯកសារ​សាធារណៈ ប្រើ​ឯកសារ​ក្លែងក្លាយ និង​ផ្តល់​ព័​ត៌​ម​នន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។​

​លោក​វរៈសេនីយ៍ទោ នេ​ត សារឿន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មានឈ្មោះ ឃុ​ត សម្បត្តិ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​ចុងភៅ នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ ក្នុងករណី​បាន​ប្រព្រឹត្ត​បទ បរិហា​បង្កាច់​កេរ្តិ៍ ប្រើ​អំពើហិង្សា​ដោយ​ចេតនា ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ផ្តល់ព័ត៌មាន​មិន​ពិត​ដល់​សមត្ថកិច្ច ដើម្បី​ចោទប្រកាន់​បងថ្លៃ​ថា បាន​យកប្រពន្ធ​របស់ខ្លួន ទៅ​លក់​ឲ្យ​ថៅកែ​ជនជាតិ​ថៃ បង្ខំ​ឲ្យ​ធ្វើការ​ខុសច្បាប់​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ឈ្មោះ ឃុ​ត សម្បត្តិ មាន​ប្រពន្ធ​ឈ្មោះ នាង រចនា អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ទ្រា ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​រៀបការ​ជាមួយគ្នា បានកូន​ស្រី ហើយ​រស់នៅ​មិន​ចុះសំរុង​នឹង​គ្នា តែង​តែបើ​អំពើហិង្សា​ដាក់​ប្រពន្ធ ជេរប្រមាថ វ៉ៃ​ដំ​។ ប្រពន្ធ ទ្រាំ​ពុំបាន ក៏​សុំ​ម្តាយក្មេក ទៅ​នៅ​ស្រុកកំណើត​វិញ ហើយ​នាង​រចនា បាន​នាំ​បុរស​ជា​ប្តី ទៅ​សាលាឃុំ​ស្វាយ​ធំ ដើម្បី​សុំ​លែងលះ​។ ប៉ុន្តែ​ប្តី​របស់ខ្លួន មិន​ព្រម​លែង​នោះទេ ក៏​សុំ​កូនស្រី យកទៅ​ភ្នំពេញ​វិញ​។​

​ក្រោយមក បុរស​នោះ បាន​មកដល់​ស្រុក បាន​ជួបនឹង​ឪពុកម្តាយ​ខាង​ស្រី សួរនាំរ​កនាង​រចនា (​ដែលជា​ប្រពន្ធ​) ដោយ​ពួកគាត់​បាន​ប្រាប់ថា កូន​របស់គាត់ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ហើយ​។ ក៏​ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ឃុ​ត សម្បត្តិ ខឹង​រករឿង ដើរ​ដាក់ពាក្យ​បណ្តឹង​គ្រប់​ស្ថាប័ន រហូត​ទៅដល់​ស្ថានទូត​ខ្មែរ នៅ​ប្រទេស​ថៃ ដោយ​ចោទប្រកាន់​បងថ្លៃ​ថា យកប្រពន្ធ​របស់ខ្លួន ទៅ​លក់​ឲ្យ​ថៅកែ​ថៃ បង្ខំ​ឲ្យ​ធ្វើការ​ខុសច្បាប់ ក្លែង​ស​សេរ​សំបុត្រ​ថា ប្រពន្ធ​បាន​ផ្ញើ​តាមរយៈ​ក្មួយ​ថ្លៃ សុំ​ឲ្យ​រូប​ខ្លួន​ជា​ប្តី រំដោះ​ផង ព្រោះ​គេ​យកមក​លក់​នៅ​ប្រទេស​ថៃ ហើយ​ឈ្មោះ ឃុ​ត សម្បត្តិ នេះ បានដាក់​បណ្តឹង​គ្រប់​ស្ថាប័ន រហូតមកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ហើយ​ថ្នាក់លើ បានដាក់​បទបញ្ជា​ឲ្យ​ខាង​ជំនាញ ចុះ​ស្រាវ​ជ្រាយ​ដោយ​សមត្ថកិច្ច​យើង មានការ​សង្ស័យ​បាន​ហៅ​ឈ្មោះ ឃុ​ត សម្បត្តិ មក​សាកសួរ​ក្រោយពី​ធ្វើការ​សាកសួរ រួចមក ជនសង្ស័យ​ឈ្មោះ ឃុ​ត សម្បត្តិ បាន​សារភាពថា រឿងនេះ ខ្លួន​បាន​ប្រឌិត​ឡើង​ទាំងអស់ ដោយ​ខឹង​នឹង​ក្រុមគ្រួសារ​ខាង​ប្រពន្ធ​។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើ​សាកសួរ​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​សារភាព​រួចមក សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ឈ្មោះ ឃុ​ត សម្បត្តិ ទៅ​សាលាដំបូង ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦៕​

ប៉ូលិស​ខេត្តស្វាយរៀង ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ​

ប៉ូលិស​ខេត្តស្វាយរៀង ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ​