សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង ដែល​ជា​រោងចក្រ​ស៊ីម៉ង់ត៍​ក្រោម​ការ​វិនិយោគ​ជាមួយ​វិនិយោគិន​ចិន នៅ​ក្នុង​ខេត្តកំពត​តាំងពី​ជាង​៦០​ឆ្នាំ​មុន លើ​ការ​ផលិត​ស៊ីម៉ង់ត៍​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​សាងសង់​សំណង់​តូច​ធំ និង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្រៅ​ដែរ​នោះ កាលពី​ថ្ងៃ​ទី​១៧ មក​រា ២០១៦ បាន​អញ្ជើញ​អតីត​បុគ្គលិក​ដែល​ធ្លាប់​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ​នេះ តាំងពី​សម័យ​សង្គមរាស្ត្រនិយម សម័យ​លន់ ន​ល់ និង​សម័យ​ប៉ុ​ល​ពត ទៅ​ទស្សនកិច្ច​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​ម្ដងទៀត ។

លោក​Jing Changxi ប្រធាន​គ្រប់គ្រង​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​រៀបចំ​ឱ្យ​មានដំណើរ​ទស្សនកិច្ច​របស់​អតីត​បុគ្គលិក​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​នា​ពេល​នេះ គឺ​ចង់ឱ្យ​ពួក​គាត់​បានឃើញ​ពី​ការ​ប្រែប្រួល​អ្វីខ្លះ​បើ​ធៀប​នឹង​អំឡុង​ពេល​ដែល​ពួក​គាត់​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាលពី​សម័យ​មុន ។

លោក​បន្ត​ថា រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​បាន​បង្កើត​ឡើង​ដោយ​មានការ​សហការ​គ្នា​រវាង​ភាគី​កម្ពុជា មាន​សម្ដេចព្រះ​នរោត្តម សីហ​នុ និង​ភាគី​ចិន​ក្នុង​អំឡុង​ឆ្នាំ​១៩៦០ ហើយ​រហូត​ដល់​សម័យ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​បាន​វិនិយោគ​១០០​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​បង្កើន​ការ​ផលិត​កាន់តែ​ច្រើន​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំ​ចេញ ។ ដោយ​កាលពី​ជិត​៦០​ឆ្នាំ​មុន ការ​ផលិត​របស់​រោងចក្រ​នេះ​មាន​តែ​ជាង​៥០​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​១,២​លាន​តោន​ក្នុង​មួយ​ថ្ងៃ និង​ប្រើប្រាស់​ម៉ាស៊ីន​ផលិត​ស្វ័យប្រវត្តិ​ដោយ​កាត់​បន្ថយ​កម្លាំង​មនុស្ស​បាន​មួយ​ចំនួន ។

អតីត​បុគ្គលិក​មួយ​រូប​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នេះ ក្នុង​សម័យ​ប៉ុ​ល​ពត បានឱ្យ​ដឹង​ថា លោក​បាន​ធ្វើការ​ក្នុង​មួយ​ថ្ងៃ​២០​ម៉ោង​។ ក្រៅពី​ការងារ​ផលិត​ស៊ីម៉ង់ត៍ លោក​ត្រូវ​បាន​គេ​ប្រើ​ឱ្យ​ដាំ​បន្លែ ធ្វើ​កសិកម្ម​ផ្សេង​ទៀត តែ​នៅ​ក្នុងអំឡុងពេល​នោះ​ដោយសារ​តែ​បុគ្គលិក​នៅ​ក្នុង​រោងចក្រ​ស៊ីម៉ង់ត៍​នេះ​ធ្វើការ​ច្រើន និង​ជា​ការងារ​សំខាន់​សម្រាប់​បម្រើ​ឱ្យ​អង្គការ ថ្នាក់ដឹកនាំ​សម័យ​នោះ បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ហូប​ឆ្អែត តែ​ប្រពន្ធ​កូន និង​គ្រួសារ គឺ​នៅ​តែ​អត់ឃ្លាន​ដដែល ។

លោក​និយាយ​ថា នៅ​ពេល​មួយ​ជា​ទិវា​កំណើត​អង្គការ គេ​បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​នាំ​សមាជិកគ្រួសារ​មក​ចូលរួម និង​ពិសា​អាហារ​នៅ​ទីនោះ ។ តែ​ដោយសារ​តែ​សមាជិកគ្រួសារ​របស់​យើង​ទាំងអស់​ធ្វើការ​នៅ​ខាងក្រៅ​ធ្ងន់​ៗ និង​មិន​បាន​ហូប​ឆ្អែត ទើប​មាន​អ្នកខ្លះ​ហូប​រហូត​ដល់​ដើរ​លែង​រួច គឺ​នៅ​ពេល​នោះ គេ​រៀបចំ​បាយ​ម្ហូប​ឱ្យ​ហូប​ឆ្អែត​ៗ ។ នឹកឃើញ​ដល់​រឿង​នេះ​ពិតជា​អាណិត​ដល់​ប្រជាជន​កម្ពុជា ដែល​រង​ទុក្ខ​និង​ស្លាប់​ដោយសារ​តែ​អត់ឃ្លាន ព្រោះតែមហិច្ឆតា​របស់​អង្គការ​មហាលោតផ្លោះ មហា​អស្ចារ្យ ។ លោក​បន្ថែម​ទៀត​ថា បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ពេល​បច្ចុប្បន្ន​នេះ ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ផលិត​ស៊ីម៉ង់ត៍​ដែល​មាន​គុណភាព​សម្រាប់​ទ្រទ្រង់​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

បើ​តាម​តំណាង​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង បញ្ជាក់​ថា សមិទ្ធផល​នៃ​អគារ​សំណង់​ធំ​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ជា ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ផ្សារ​ធំ​ថ្មី និង​អគារ​កា​ណា​ឌី​យ៉ា គឺ​បាន​យក​ផលិតផល​ស៊ីម៉ង់ត៍​នៃ​រោងចក្រ​ចក្រី​ទីង​សម្រាប់​សាងសង់ ។ ហើយ​សព្វ​ថ្ងៃនេះ​រោងចក្រ​ស៊ីម៉ង់ត៍​នេះ​បាន​ផលិត​ស៊ីម៉ង់ត៍​ពីរ​ប្រភេទ មាន Huaxin និង Kingdom ៕