ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​សង្ស័យ​ពុល​ស្រាស​ផឹក​លាយ​ជាមួយ​ឫស​ឈើ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​អ្នក​ជិតខាង​ប្រាប់​ថា បើ​ចង់​ទម្លា​ក់កូនត្រូវ​យក​ស្រាស​បុក​លាយ​ជាមួយ​ឫស​ឈើផឹក ​​ក្រោយ​ពី​ពី​ផឹក​រួច ស្រាប់តែ​​ត្រជាក់​ដៃជើង ឈឺក្បាល វិលមុខ និង​ក្អួតចង្អោរ​​ស្ទើរ​ស្លាប់​ស្ទើរ​រស់​​កាលពី​វេលា​ម៉ោង​១២និង​៥០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​​ផ្ទះ​របស់​ខ្លួន ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ ​ឈ្មោះ សាយ សុ​ន​សុ​ម៉ា​លី អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​មួយ​នៅ​ក្រុងប៉ៃលិន មានកូន​បី​នាក់ (ប្រុស​២នាក់​)​ ​និង​ប្តី ឈ្មោះ សឿ​ម សិទ្ធិ អាយុ​៤០​ឆ្នាំ មានស្រុក​កំណើ​ត​រស់នៅ​ភូមិ​តា​អី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​អង្គរ ខេត្តសៀមរាប បច្ចុប្បន្ន​រស់នៅ​ភូមិ​​សង្កាត់​ខាងលើ ។

​​បុរស​ជា​​ប្តីស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រពន្ធ​​គាត់​បាន​រាំង​​រដូវ​ជិត​កន្លះ​ខែ ដោយ​សង្ស័យ​ថា​មានកូន​ក៏​ទៅ​​ទិញ​ប្រដាប់​ពិនិត្យ​ទឹកនោម​យក​មក​ដាក់​​មើល ​​ឃើញ​​​មាន​ផ្ទៃពោះ​​ ។ ប្រភព​បន្ត​​ថា ​ដោយ​​ប្រពន្ធ​គាត់​ជាប់រវល់​ធ្វើ​ការងារ​នៅ​​សណ្ឋាគារ​មួយ​នៅ​ក្រុងប៉ៃលិន ដូច្នេះ​​នាង​មិន​ទាន់​ចង់​បានកូន​បន្ថែម​ទៀត​ទេ​ ស្រប​ពេល​អ្នក​ជិតខាង​ប្រាប់​ថា បើ​ចង់​ទម្លាក់​កូន ត្រូវ​យក​ស្រាស​បុក​ដាក់​លាយ​ជាមួយ​ឫស​ឈើ​(​ញ​) និង​ឫស​ឈើ​ផ្សេង​មួយទៀត ហើយ​ផឹកនឹង​ធ្លាក់​កូន​​ជា​មិន​ខាន តែ​ត្រូវ​ផឹក​១​ថ្ងៃ ត្រឹម​១​ស្លាបព្រា​បាយ​ប៉ុណ្ណោះ ។ 

​បុរស​ជា​ប្តី​​បាន​បន្ត​ទៀត​ថា ក្រោយមក​​គាត់​ក៏​រត់​ទៅរ​កឫស​ឈើ​ទាំងនោះ​​បាន​គ្រប់​ចំនួន​ ហើយ​​ប្រពន្ធ​​​គាត់​បាន​ទៅ​ទិញ​ស្រាស​​​តម្លៃ៥០០​រៀល​យក​មក​បុក​​ដាក់​លាយ​ផឹក​ប្រហែល​មួយសន្ទុះ​ក្រោយមក ក៏​ចាប់ផ្តើម​ក្អួតចង្អោរ​ពុល​តែ​ម្តង ។

ចំណែក​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​រាំងរដូវ​មួយ​រយៈពេល ត្រូវ​ទៅពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​បើ​ចង់បាន​កូន ​ឬ​មិន​ចង់បាន ​ក៏​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ មិន​ត្រូវ​ជឿ​​​អ្នក​ជិតខាង​ផ្តេសផ្តាស​នោះ​ទេ ព្រោះ​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ​ព្រោះ​ស្រាស​​​ដាក់​លាយ​ជា​មួយ​​ឫស​ឈើអាច​ទៅ​ជា​ថ្នាំពុល​​ក៏​អាច​ថា​បាន ។ ម្យ៉ាង​វិញ​ទៀត ​ស្រាស​បច្ចុប្បន្ន​នេះ អ្នក​ផលិត​អាច​ដាក់​លាយ​អង់​ទ្រី​ន​ដើម្បី​ឱ្យ​ខ្លាំង បន្ទាប់​ពី​ផឹក​រួច​ក៏​ធ្វើ​ឱ្យ​ពុល​ផង​ដែរ ។ ​នេះ​សំណាង​ហើយ​ ​​​​​បញ្ជូន​មក​មន្ទីរ​ពេទ្យ​សង្គ្រោះ​ទាន់​ពេល​វេលា ​បើ​សង្គ្រោះ​មិន​ទាន់​វិញ​​​​​​អាច​នឹង​​ស្លាប់​​​​​ ៕