ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page​ ផ្លូវការរបស់សម្តេច​បង្ហោះ​នៅរសៀល​ថ្ងៃទី២៥ ​មករានេះមានខ្លឹមសារទំាងដូចតទៅ​ ៖ "ជនរួមជាតិជាទីគោរពស្រឡាញ់

ទន្ទឹមនឹងការកើនឡើងនៃ​ចំនួនអ្នកគាំទ្រខ្ញុំជាងមួយម៉ឺននាក់ក្នុងមួយថ្ងៃនៅក្នុង​​ Facebook គឺខ្ញុំកាន់តែមានអារម្មណ៍ថា ​ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ​បានបង្កើននូវ​ជំនឿ​​ទុកចិត្តកាន់តែខ្លាំងមកលើសមត្ថភាព​ដឹកនាំកសាងប្រទេសរបស់ខ្ញុំដែល​បាននាំមកនូវសន្តិភាព​ និង ការរីកចម្រើនពិតប្រាកដដល់ជាតិ ​។ តាមរយះទំនាក់ទំនងរវាងខ្ញុំ និង​ពលរដ្ឋដោយផ្ទាល់ក្នុង Facebook ​គឺខ្ញុំមានឱកាសដោះស្រាយ​ផលប្រយោជន៍ជូនជាតិ​ និងប្រជាជនបានកាន់តែច្រើនឡើងៗ។

សូមអរគុណដែលប្រជាពលរដ្ឋ ​និងយុវជនប្រើប្រាស់ ​Facebook​ ក្នុងការទំនាក់ទំនងមកកាន់ខ្ញុំ។

ដំណោះស្រាយរបស់ខ្ញុំគឺ​សម្រាប់ផលប្រយោជន៌ប្រជាជនរួមទូទៅ​ ដោយមិនប្រកាន់និន្នការនយោបាយ ​។ ប៉ុន្តែ ទោះបីខ្ញុំខិតខំបម្រើជាតិ​ និងប្រជាជន ​ហើយខិតខំលើក​ទឹកចិត្តយុវជនអោយធ្វើអំពើល្អ​ ក៏នៅមានមនុស្សដែលមាន​សារជាតិជ្រុលនិយមមួយចំនួនតូចមិនពេញចិត្ត ​បែរជាវាយប្រហារចំពោះទឹកចិត្ត ​និងអំពើល្អរបស់​ខ្ញុំទៅវិញ។ ពួកគេពិតជាទំនេរច្រើន​ ហើយអស់អីលេងហើយនៅពេលនេះ​ ដែលផ្ទុយនឹងខ្ញុំដែលមានងារ​ជាច្រើនត្រូវបំពេញ​ដើម្បីផលប្រយោជន៌ជាតិ។

មុននោះគេតែងស្តីបន្ទោស​គណះកម្មាការបោះឆ្នោតនៅ​ពេលគេចាញ់ការបោះឆ្នោតម្តងៗ។​ លើកនេះប្រសិនគេច្រណែន​និងប្រជាជនចូលចិត្តហើយ​ Likes ឱ្យ Facebook ខ្ញុំសង្ឃឹមថាពួគេមិន​ទៅរករឿងក្រុមហ៊ុន Facebook ​នោះទេ ហើយក៏មិនចោទខ្ញុំថាយកសារ៉ុង ​ប៊ីចេងទៅទិញទឹកចិត្តប្រជាជន ​ ឬគំរាមប្រជាជនឱ្យចុច​ Like ឱ្យខ្ញុំនោះដែ​រ​។​សង្ឃឹមថារៀមច្បង​ដែលអួតអាងនិងតាំងខ្លួនជាស្តេច ​Facebook ​នៅកម្ពុជាមេត្តាយោគយល់ ​ព្រោះខ្ញុំជាអ្នកចំណូលថ្មីទើបបានប្រមាណ៤ខែប៉ុណ្ណោះ។ ​ប្រសិនប្រជាជន Like ឱ្យខ្ញុំច្រើនជាង ​សូមកុំជេរខ្ញុំ ​កុំជេរប្រជាជន​ និងកុំជេរក្រុមហ៊ុន​ Facebook ។

ខ្ញុំសូមជនរួមជាតិ ​និងយុវជនទូទាំងប្រទេសចូលរួមជាមួយខ្ញុំ ​ដើម្បីកសាងសង្គមជាតិ​យើងអោយកាន់តែរីកចម្រើនខ្លាំងឡើង៕