បក្សកាន់អំណាច និងបក្សប្រឆាំង ហាក់មានកំដៅ នយោបាយឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ បានចេញគោលការណ៍ថ្មី ដោយហាមឃាត់មិនឲ្យ មន្រ្តីក្រោមឱវាទ តបត ទៅភាគី ម្ខាងទៀតលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកកាលពីពេលថ្មីៗ។

ប៉ុន្តែអ្វីដែលគួរចាប់ អារម្មណ៍ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺកំដៅនយោបាយ រវាងគណបក្ស កាន់អំណាច និងគណបក្សប្រឆាំង កំពុងតែបន្តកើតឡើង សាជាថ្មីម្តងទៀតហើយ ។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ក្នុង "វេទិកាសកម្ម ជនមូលដ្ឋាន" នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិបានថ្លែង តាមរយៈ វីដេអូ Conference ថា គណបក្សសង្រ្គោះជាតិ គ្មានថ្ងៃបែកបាក់គ្នាឡើយ បើទោះបីជាមាន មនុស្សមួយចំនួនមាន គំនិតមិនល្អ ហើយញុះញង់ ក្នុងគោលបំណង បំបែកយ៉ាងណាក៏ដោយ។

តែសម្រាប់អ្នកវិភាគសង្គមវិញ បានលើកឡើងថា ឯកឧត្តម សម រង្ស៊ី មិនគួរមានភាព ភ្ញាក់ផ្អើលនោះទេ ពីព្រោះគណបក្សតូចៗ ដែលទើបតែបង្កើតថ្មី ក៏មានចំណែកក្នុងការទាញ សំឡេងពីគណបក្ស កាន់អំណាច និងគណបក្សប្រឆាំងផងដែរ។

បើទោះបីជាឯកឧត្តម មិនបានបញ្ចេញឈ្មោះ ចំបុគ្គលណាក៏ដោយ ប៉ុន្តែគ្រប់គ្នាពិតជា បានដឹងច្បាស់ហើយ ថា គឺឯកឧត្តមសំដៅ ទៅលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សម រង្ស៊ី បន្តថា “គេចង់បំបែកយើង តែយើងអត់បែកទេបងប្អូន ដាច់ខាត់យើងត្រូវតែរួមគ្នា មានតែគណបក្សសង្រ្គោះជាតិ តែមួយគត់ដែលអាច ដែលត្រូវ ដែលយើងត្រូវស្រោចស្រង់ ប្រទេសកម្ពុជា យើងទាំងអស់គ្នា។ មានតែគណបក្ស សង្រ្គោះជាតិតែមួយទេ ដែលអាចការពារទឹកដីយើង ឲ្យបានគង់វង្ស ការពារទ្រព្យសម្បត្តិជាតិ វប្បធម៌ ព្រៃឈើ បឹងបួរ ទន្លេ រ៉ែ ហើយសូមឲ្យបងប្អូន ដែលស្រឡាញ់ជាតិ ត្រូវរួមគ្នាធ្លុងមួយ ដើម្បីសង្រ្គោះជាតិ យើងឲ្យបានក្នុងពេល ឆាប់ខាងមុខនេះ”។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថា គ្មានអ្នកណាទៅ បំបែកគណបក្ស របស់ឯកឧត្តម សម រង្ស៊ីនោះទេ គឺគណបក្សប្រឆាំងនេះ បែកបាក់ដោយខ្លួនឯង។

លោកបានលើក ជាឧទាហរណ៍ថា ជាក់ស្តែង លោកស្រី ឡាក់សុភាព និងលោកអ៊ុក ស៊ុយ សុទ្ធតែជាមន្រ្តីជាន់ខ្ពស់ របស់បក្សបានដើរចេញ ហើយទៅចុះចូលជាមួយបក្សផ្សេង និងបង្កើតគណបក្សផ្ទាល់ខ្លួន ដោយសារតែពួកគេអស់ ជំនឿទុកចិត្តទៅលើថ្នាក់ដឹកនាំ។

លោកបញ្ជាក់ថា “ការលើកឡើងបែបនេះ គ្រាន់តែបិទបាំងភាពបែក បាក់របស់បក្សប៉ុណ្ណោះ ។ តាមពិតគ្មានអ្នកណា គេបំបែកបំបាក់ទេ ការបែកបាក់នាពេល កន្លងមកដោយសារតែ បញ្ហាផ្ទៃក្នុងរបស់ បក្សគាត់មិនល្អ ចឹងបានជាមានគេរត់ចេញ”។

សម្រាប់ករណីនេះ លោក មាស នី អ្នកវិភាគសង្គមបានថ្លែងថា “រឿងនេះ ឯកឧត្តម សម រង្ស៊ីក៏មិនគួរភ្ញាក់ផ្អើលដែរ ព្រោះបើយើងសង្កេត ឃើញគណបក្សតូចៗ សុទ្ធតែជាបំណែកមួយ ក្នុងការចូលរួមទាញ យកសំឡេងទាំងបក្ស កាន់អំណាច និងបក្សប្រឆាំង។ ខ្ញុំគិតគណបក្សសង្រ្គោះជាតិ មិនគួរភ័យអីខ្លាំងពេក ទៅលើរឿងនេះ”។

លោកបន្តថា សំខាន់ ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ត្រូវតែរួមគ្នាពង្រឹងផ្ទៃ ក្នុងរបស់បក្សឡើងវិញ ពីព្រោះតាមដំណើរ ការលទ្ធិប្រជាធិបតេយ្យ គឺជារឿងធម្មតាក្នុងការ បំបែកសំឡេងឆ្នោត ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង។ ចំណែកបក្សតូចៗ ក៏ដណ្តើមសំឡេងឆ្នោតពី គណបក្សតូចៗដូចគ្នាតែគ្នា គ្មានអ្វីខុសប្លែកឡើយ។
អ្នកវិភាគសង្គមរូបនេះ បានទស្សន៍ទាយទុកជាមុនថា នៅក្នុងការបោះឆ្នោតអាណត្តិទី៦ ខាងមុខ គណបក្សធំៗទាំងពីរនេះ ប្រហែលជាមិនអាចដណ្តើម សន្លឹកឆ្នោត ៥០បូក១នោះទេ៕

បក្សកាន់អំណាច និងបក្សប្រឆាំង ហាក់មានកំដៅ នយោបាយឡើងវិញ