តើ​លោក ច​ន ឃើ​រី ជា​នរណា​?

ភ្នំពេញ: កើត​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​១៩៤៣ លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែលមាន​ឈ្មោះ​ជា​អក្សរ​ឡាតាំង John Forbes Kerry​។ ជា​អ្នកនយោបាយ​អាមេរិក លោក ច​ន ឃើ​រី បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣ ជំនួស​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។​

​លោក ឃើ​រី ធ្លាប់ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​អតីត​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​កិច្ចការបរទេស របស់​សហរដ្ឋអាមេរិក​។ លោក ច​ន ឃើ​រី ក៏​ធ្លាប់ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក របស់​គណបក្ស​ប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ឆ្នាំ​២០០៤​។ កាលណោះ លោក ច​ន ឃើ​រី ប្រជែង​ចាញ់ឆ្នោត​ជាមួយនឹង​លោក George W. Bush​។​

​កើត​ក្នុង​តំបន់ Aurora ក្នុង​រដ្ឋ Colorado លោក ច​ន ឃើ​រី បាន​សិក្សា​នៅ សាលា​ក្នុង​រដ្ឋ Massachusetts និង New Hampshire​។ លោក ច​ន ឃើ​រី បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកលវិទ្យាល័យ Yale University នៅ​ឆ្នាំ​១៩៦៦​។​

​លោក ច​ន ឃើ​រី ក៏​ធ្លាប់ជា​អតីត​ទាហាន​អាមេរិក មក​បម្រើ​ការងារ​នៅក្នុង​ប្រទេស​វៀតណាម ខាងត្បូង កាលពី​អំឡុង​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៦៩​។ ក្នុង​ការងារ នៅក្នុង​សង្គ្រាម​នៅ​វៀតណាម លោក ច​ន ឃើ​រី ទទួលបាន​មេដាយ​ជាច្រើន​។ បន្ទាប់ពី​វិល​ត្រលប់​ទៅ​អាមេរិក លោក ច​ន ឃើ​រី ក៏បាន​ចូលរួម​ក្នុង​អង្គការ​មួយ ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​វៀតណាម​។

​ក្រោយមក លោក ច​ន ឃើ​រី ក៏បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា អាមេរិក នៅ​ឆ្នាំ​១៩៨៤​។  

​នៅ​ឆ្នាំ​២០០៤ ក្នុង​យុទ្ធនា​ការឃោសនា​ការបោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក លោក ច​ន ឃើ​រី បាន​បរិហារ​រិះគន់​លោក George W. Bush អំពី​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ ប៉ុន្តែ​ក្នុងការ​បោះឆ្នោត​នោះ លោក ច​ន ឃើ​រី បាន​ចាញ់ឆ្នោត​។

​នៅ​ឆ្នាំ​២០០៩ លោក ច​ន ឃើ​រី បាន​ក្លាយជា​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​អន្តរជាតិ របស់​ព្រឹទ្ធសភា អាមេរិក​។ លោក ច​ន ឃើ​រី ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក បោះឆ្នោត​ជ្រើសតាំង​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក ជំនួស​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដោយ​សំឡេងគាំទ្រ ៩៤ ទល់នឹង ៣ សំឡេង នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៣​។ លោក ច​ន ឃើ​រី បាន​ចូលកាន់​តំណែង ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៣។

តាមគម្រោង លោក ចន ឃើរី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាម៉ោង ៦ ល្ងាច ថ្ងៃទី២៥មករានេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ នៅកម្ពុជា។ នៅព្រឹកថ្ងៃទី២៦មករា លោកចនឃើរី នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស​កម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ព្រមទាំងជួប​លោកកឹមសុខា មុនពេល​លោក ធ្វើសន្និសីទ​ នៅម៉ោង ១២ និង ៣០ នាទី រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ រ៉ាហ្វ័រ ឡឺ រ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ៕

តើ​លោក ច​ន ឃើ​រី ជា​នរណា​?

លោក ចន ឃើរី រដ្ឋមន្ត្រី​ការ​​បរទេស​​អាមេរិក