សម្តេចក្រុមព្រះ ប្រកាសថា ព្រះអង្គ​គ្មាន​បំណង​ដេញ​សមាជិក​ណា ចេញពី​គណបក្ស​ទេ​

ភ្នំពេញ: ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ព្រះអង្គ​គ្មាន​បំណង​ដេញ​សមាជិក​ណា​ចេញពី​គណបក្ស​ទេ​។ ក៏ប៉ុន្តែ​ចំពោះ​សមាជិក​ណា ដែល​បំបះបំបោរ​អូសទាញ​បំបែក​កម្លាំង​រាជានិយម ព្រះអង្គ គ្មាន​ជម្រើស ក្រៅពី​អញ្ជើញ​ឲ្យ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះឡើយ​។​

​សម្តេចក្រុមព្រះ បានលើកឡើង​ក្នុ​លិខិត​ចុះ​ថ្ងៃទី​២៥​មករា បញ្ជាក់ថា “​ខ្ញុំ​ក៏​គ្មាន​បំណង​ផងដែរ ឲ្យ​ឯកឧត្តម សហជីវិន​ណាក៏ដោយ ទៅ​លូកដៃ លូក​ជើង ក្នុង​ក្រុមការងារ​បោះឆ្នោត នៅ​ខេត្ត​ផ្សេងៗ​។ ខ្ញុំ​សូម​ឲ្យ​ប្រធាន​ក្រុមការងារ​ខេត្ត​និ​មួយៗ បន្ត​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​រចនាសម្ព័ន្ធ​តាម​មូលដ្ឋាន រាជធានី​ខេត្ត របស់ខ្លួន​"​។​
 
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បន្តថា "​ខ្ញុំ​សង្ឃឹមថា សហជីវិន សហជីវិនី ថ្នាក់​ដឹកនាំ និង​សមាជិក សមាជិកា ទាំងអស់ នឹង​ប្រកាន់យក​ឥរិយាបថ​អ្នក​រាជា​និយម អ្នក​សីហនុ​និយម​ពិតប្រាកដ ហើយ​តាំងចិត្ត​សាមគ្គី​សហការគ្នា​ជិតស្និទ្ធ ក្នុងការ​បម្រើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឈានទៅរក​ភាពជោកជ័យ​ជា​ស្ថាពរ​ក្នុងការ​បោះឆ្នោត​ឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ឆ្នាំ​២០១៧.២០១៨ ខាងមុខ​”៕​

សម្តេចក្រុមព្រះ ប្រកាសថា ព្រះអង្គ​គ្មាន​បំណង​ដេញ​សមាជិក​ណា ចេញពី​គណបក្ស​ទេ​