ត្រសក់ផ្អរ និងចេកអំបូង អាចក្លាយជា គ្រឿងសំអាងធម្មជាតិ

- ត្រសក់ផ្អរ
មាន២ប្រការ ដែលស្រ្តីខ្លាចបំផុតក្នុងជីវិត គឺជាជរាភាព និងស្បែកជ្រីវជ្រួញមុនវ័យ។ តែបញ្ហា ទាំង២នេះ ពុំមែនជាករណីដែលយើង ពុំអាចកែខៃបាននោះទេ។ អ្វីដែលសំខាន់បំផុតស្រ្តី ត្រូវរក្សាសុខភាពឲ្យបានរឹងមាំ និងធ្វើឲ្យស្បែកស្រស់ថ្លា ជានិច្ច ដោយការបរិភោគអាហារ ឲ្យបានគ្រប់គ្រាន់ជាពិសេសបន្លែ និងផ្លែឈើ។

ក្រៅពីធ្វើជាអាហារ បន្លែ និងផ្លែឈើអាចធ្វើជាគ្រឿងសំអាង លើកសម្រស់ខាងក្រៅ ឲ្យរឹតតែស្រស់ស្អាត ថែមទៀតផង។ ការយកបន្លែ និងផ្លែឈើធ្វើជាគ្រឿងសំអាងនេះ គ្មានអ្វីដែលគួរឲ្យ ស្មុគស្មាញនោះទេ ហើយបើអ្នកត្រៀមខ្លួនរួចរាល់ សូមចាប់ផ្តើមជាមួយយើងដូចតទៅៈ ចាប់ផ្តើមការផលិត គ្រឿងសំអាងថែទាំ សុខភាព ដោយប្រើត្រសក់ផ្អរ ដែលជាបន្លែមាន តម្លៃថោក និងងាយស្រួលនៅក្នុងការរកទិញ។

អ្នកគួរជ្រើសរើសយកត្រសក់ផ្អរចំនួន ៦ផ្លែ លាងទឹកឲ្យស្អាត ហើយកាត់ក្បាលកន្ទុយចេញ ដោយមិនបាច់ចិតសំបកចេញនោះឡើយ។ បន្ទាប់មកហាន់វាជាចំណិតៗតូចៗ រួចយកទៅកិនឲ្យល្អិត ហើយយកវាមកបិទនៅលើមុខ លើកលែងតែមាត់ និងប្រឡោះភ្នែក។ អ្នកគួរតែទុកវាចោលចំនួន ២០ ទៅ ២៥នាទី សឹមលាង សំអាតចេញដោយទឹកស្អាត។ វីធីនេះប្រើបានល្អប្រសើរ សម្រាប់អ្នកដែល ជាំមុខស្រាលៗ ឬផ្ទៃមុខខ្មៅដោយសារតែកម្តៅថ្ងៃ។

អ្នកគួរតែសាកល្បងមើល ព្រោះវាមិនលំបាកអ្វីនោះទេ ហើយប្រសិនបើអ្នកធ្វើវាជាប្រចាំ អ្នកនឹងមានស្បែកមុខស្រស់ថ្លា គួរឲ្យគយគន់ជាក់ជាមិនខាន។

-ចេកអំបូង
ចេកអំបូង ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបគួរឲ្យចូលចិត្ត វាក៏ជាផ្លែឈើ ដែល អាចជួយផ្តល់សំណើម ដល់ស្បែកតាមធម្មជាតិ និងជួយធ្វើឲ្យស្បែកស្អាតស្រស់ថ្លាទៀតផង។

អ្នកត្រូវយកចេកអំបូងមួយផ្លែ មកកិនឲ្យម៉ដ្ឋ លាយជាមួយនឹងទឹកឃ្មុំសុទ្ធ ២ស្លាបព្រាបាយ ហើយលាបនៅលើមុខនឹងក។ បន្ទាប់មកអ្នកត្រូវទុក វាចោលចំនួន ២០ ទៅ ៣០នាទី ឬទុកឲ្យ វាស្ងួតក្រៀមដោយឯកឯង មុននឹងលាងសម្អាតចេញដោយទឹកក្តៅឧណ្ហៗ និងបន្តដោយទឹក ត្រជាក់តាមក្រោយ។

សម្រាប់ករណីបុគ្គល ដែលមានស្បែកមុខសម្បូរដោយជាតិខ្លាញ់ អ្នកគួរតែច្របាច់ក្រូចឆ្មារមួយផ្លែ ដាក់លាយជាមួយផង ដើម្បីឲ្យកាន់តែមាន ប្រសិទ្ធភាពល្អ ។ បន្ទាប់ពីធ្វើបែបនេះរួច ហើយ អ្នកនឹងមានអារម្មណ៍ថា ស្បែកមុខរបស់អ្នកស្រស់ថ្លាជាងមុន៕

ត្រសក់ផ្អរ និងចេកអំបូង អាចក្លាយជា គ្រឿងសំអាងធម្មជាតិ

ត្រសក់ផ្អរ និងចេកអំបូង អាចក្លាយជា គ្រឿងសំអាងធម្មជាតិ