ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ជា​ធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​វ័យ​២៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មក​រា ២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌមានជ័យ ពាក់ព័ន្ធ​នឹង​ករណី​បរិហារកេរ្តិ៍ និង​ជេរ​ប្រមាថ​សម្តេច​តេ​ជោ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ នារី​រូប​នេះ​ឈ្មោះ​ដែ​ត ម៉េ​ង​គាង អាយុ​២៥​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ធនាគារ បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខបាន​បើក​ការ​តាមដាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​រូប​នាង​មក​ជា​យូរហើយ បន្ទាប់​ពី​នាង​តែងតែបាន​បង្ហោះ​ជា​រូបភាព និង​សរសេរ​ជា​ឃ្លោងឃ្លា​ពាក្យ​ពេ​ជច​ន៍​មើលងាយ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ក៏​ដូច​ជាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​ជា​រឿយ​កាលពី​ពេល​កន្លង​ទៅ ។ ទើប​រហូត​មក​ទល់​នឹង​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែ​ឆ្នាំ​ដដែល ដោយ​សមត្ថកិច្ច​ទទួល​ដំណឹង​ថា ជន​រូប​នេះ​បាន​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ទីតាំង​កើតហេតុ​ខាងលើ ទើប​សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែ​ម្តង​ទៅ ។ ក្រោយ​ការ​ឃាត់ខ្លួន​នារី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ភ្លាម​ៗ​ទៅ​កាន់​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម និង​ត្រៀម​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​។

មន្ត្រី​នគរបាល​ថ្លែង​ថា ការ​ចាប់ខ្លួន​នារី​ជើងឆើត​ម្នាក់​នេះ ពេល​នេះ​គឺជា​បទ​ពិសោធន៍​ល្អ​មួយ​សម្រាប់​ធ្វើការ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ត្រូវ​លេង​ប្រកបដោយ​ក្រមសីលធម៌ និង​ត្រឹមត្រូវ​ចៀសវៀង​ការ​តិះដៀល ជេរ​ប្រមាថ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្តិ​ស័ព្ទ​អ្នក​ដទៃ មិន​ថា បុគ្គល​ណា ឬ នរណា​ម្នាក់​ឡើយ ជា​ពិសេស​ដូច​ករណី​ខាងលើ​នេះ​ជាដើម​៕