សម្តេចតេជោ អនុញ្ញាតឲ្យលោក Kenji Kitahashi អភិបាលក្រុងគីតាគ្យូស៊ូ នៃប្រទេសជប៉ុន ជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យលោក Kenji Kitahashi អភិបាលក្រុង គីតាគ្យូស៊ូ នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងប្រាប់អ្នកកាសែត ក្រោយជំនួបនោះថា លោកKenji បានគោរពជម្រាបជូនសម្ដេចតេជោ ថា លោកបានធ្វើការយ៉ាងជិតស្និតជាមួយសាលារាជធានីភ្នំពេញ ដើម្បីរៀបចំការចងសម្ព័ន្ធមេត្រីរវាងទីក្រុងគីតាគ្យូស៊ូ ជាមួយរាជធានីភ្នំពេញ ហើយការពិភាក្សាគឺដំណើរទៅដោយល្អ ដែលអាចឈានទៅការចុះកិច្ចសន្យានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។ 

លោក Kenji Kitahashi បានគោរពជម្រាបជូនសម្ដេចតេជោបន្ដ ថា ទំនាក់ទំនងរវាងសាលារាជធានីភ្នំពេញ ជាមួយទីក្រុងគីតាគ្យូស៊ូ មានជាយូរលង់ណាមកហើយ ជាពិសេសក្នុងការសហការលើបញ្ហាទឹកស្អាត ប៉ុន្ដែនាពេលអនាគត លោកនឹងជួយដល់សាលារាជធានីភ្នំពេញ លើការងារបរិស្ថាន,បញ្ហាចម្រោះទឹកកង្វក់ជាដើម។ ក្នុងន័យនេះដែរលោកបានគោរពស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្ដី មេត្ដាជួយគាំទ្រលើគម្រោងទាំងអស់នេះផង។

បើតាមលោក អ៊ាង សុផល្លែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា "ទំនាក់ទំនងរវាងសាលារាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស៊ូ កន្លងមក គឺផ្តោតការយកចិត្ដទុកដាក់ទៅលើបញ្ហាទឹកស្អាត ប៉ុន្ដែប្រធាននេះ គឺត្រូវបានផ្លាស់ប្ដូរបន្ដិចហើយ ព្រោះពេលនេះរាជធានីភ្នំពេញ មានបញ្ហាទឹកស្អាតផង ក៏ដូចជាបញ្ហានៃការបង្ហូរទឹកកង្វក់ចេញទៅទន្លេបឹងបួងផងដែរ។ ក្នុងន័យនេះសម្ដេចតេជោហ៊ុន សែន បានស្នើសុំ ឲ្យមានការពិនិត្យស្វែងរកដំណោះស្រាយ ទៅលើបញ្ហាការជម្រ្លៀសទឹកចេញពីរាជធានីភ្នំពេញ កុំឲ្យបញ្ហាទឹកជំនន់ និងការធ្វើយ៉ាងសម្អាតទឹកកង្វក់មុននឹងបង្ហូរចេញទៅទន្លេ ឬក៏ទៅក្នុងបឹង"។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Kenji Kitahashi ក៏ដូចជារដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយគាំទ្រដល់ទំនាក់ទំនងរវាងរាជធានីភ្នំពេញ ជាមួយទីក្រុងគីតាគ្យូស៊ូ ជាពិសេសជួយទៅលើបញ្ហាទឹកស្អាត ហើយសម្ដេចសង្ឃឹមថា ទីក្រុងគីតាគ្យូស៊ូ នឹងបន្ដជួយរាជធានីភ្នំពេញ លើបញ្ហាដទៃទៀត៕