ពលរដ្ឋ​ចំណុះ​ជើង​វត្ត​បាលិលេយ្យ​បារម្ភ​ខ្លាច​បាត់​ដី​វត្ត​ដោយសារ​អាជ្ញាធរ​ឲ្យ​បង្ខិត​របង

ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត​បាលិលេយ្យ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​វត្ត​មួយ​ចំនួន​ទៅ​ជា​កម្មសិទ្ធិ​ឯកជន។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​អាជ្ញាធរ​ក្រុង តម្រូវ​ឲ្យ​គណៈកម្មការ​អាចារ្យ​វត្ត បង្ខិត​ចូល​របង​វត្ត​ដែល​សង់​ថ្មី​ខុស​ពី​គំរូ​ដើម។ ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ការ​ឲ្យ​បង្ខិត​បង្គោល​របង​នោះ ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ។

ពុទ្ធបរិស័ទ​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ស្រដៀង​គ្នា​ថា អាជ្ញាធរ​គួរ​សិក្សា​ឡើង​វិញ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សង់​របង​វត្ត ដើម្បី​កុំ​ឲ្យ​បាត់បង់​ដី​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​សាសនា។

ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​បាលិលេយ្យ មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មករា ថា ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង​ការ​សាងសង់​របង​វត្ត​ថ្មី​នោះ​ទេ ពីព្រោះ​ការ​សាងសង់​នេះ ធ្វើ​ឲ្យ​បាត់បង់​ដី​ទទឹង​ជាង ១​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ៥០​ម៉ែត្រ​ដោយ​ស្វ័យ​ប្រវត្តិ។ អ្នក​ស្រុក​អះអាង​ថា ប្រសិន​បើ​របង​វត្ត​សង់​រួច​រាល់ នឹង​ចំណេញ​ដី​ទៅ​ម្ចាស់​សណ្ឋាគារ​កំពុង​សាងសង់​ថ្មី​កម្ពស់ ៧​ជាន់ នៅ​ក្បែរ​របង​វត្ត ប្រើប្រាស់​ជា​ចំណត​រថយន្ត និង​បាន​ដី​ធំ​ទូលាយ ច្រើន​ជាង​ប្រយោជន៍​សាធារណៈ៖ «បាទ! ខ្ញុំ​ស្ដាយ​ដី​វត្ត ព្រោះ​ខ្លាច​បើ​ម្នាក់​ឲ្យ​បង្ខិត​របង​ចូល​ដី​បន្តិច​ម្ដងៗ​យូរ​ទៅ វា​នឹង​ហិនហោច​អស់​ដី​វត្ត​គ្មាន​សល់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុង​ប៉ោយប៉ែត លោក ប្រាក់ ប៉ូលិន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ក្រុង​ពិត​ជា​បាន​ណែនាំ​ឲ្យ​គណៈកម្មការ​វត្ត​បាលិលេយ្យ បង្ខិត​ចូល​របង​វត្ត​សង់​ថ្មី​ប្រាកដ​មែន។ លោក​ថា ការ​ឲ្យ​បង្ខិត​របង​វត្ត​នេះ ពុំ​មែន​ធ្វើ​ទៅ​តាម​អំពើ​ចិត្ត​នោះ​ឡើយ៖ «បាទ! អត់​ទេ យើង​ធ្វើ​នេះ​យោង​ទៅ​តាម​ការ​វាស់​ចេញ​ពី​អ័ក្ស​ផ្លូវ​ទៅ​ឃើញ​ថា មាន​ការ​ប៉ះពាល់​ផ្លូវ​សាធារណៈ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា វត្ត​បាលិលេយ្យ សាងសង់​ជា​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺ​តាំង​ពី​ក្រុង​ប៉ោយប៉ែត ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ។ លោក​ចាត់​ទុក​អាជ្ញាធរ​ក្រុង បង្ខំ​គណៈកម្មការ​វត្ត​សង់​របង​ថ្មី​ចូល​ដី​វត្ត​ជាង ១​ម៉ែត្រ​នេះ ថា​ជា​រឿង​ខុស​ច្បាប់ និង​រំលោភ​លើ​ដី​របស់​ព្រះពុទ្ធ​សាសនា៖ «អាជ្ញាធរ​មិន​គួរ​រៀបចំ​ប្លង់​គម្រោង​ដោយ​កាត់​ក្បាល​តម្រូវ​មួក​នោះ​ទេ គឺ​មាន​ន័យ​ថា អាជ្ញាធរ​ត្រូវ​អភិវឌ្ឍ​ទៅ​តាម​គំរូ​ចាស់​ដែល​មាន​ស្រាប់​ជា​ការ​ល្អ»

វត្ត​បាលិលេយ្យ ស្ថិត​ជាប់​ផ្លូវ​ជាតិ​លេខ​៥ នៅ​សង្កាត់​ប៉ោយប៉ែត មាន​ចម្ងាយ​ប្រហែល ៨០០​ម៉ែត្រ​ពី​ជាយ​ដែន​កម្ពុជា-ថៃ។ វត្ត​នេះ គណៈកម្មការ​អាចារ្យ​វត្ត បាន​បើក​ការដ្ឋាន​សាងសង់​របង​ថ្មី​ជិត ១០​ថ្ងៃ​ហើយ។ ពលរដ្ឋ​អះអាង​ថា របង​ចាស់​ដែល​មាន​ក្បាច់​រចនា​ស្រស់​ស្អាត មិន​ទាន់​ខូចខាត​ទាំង​ស្រុង​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​គេ​រំលាយ​ចោល ហើយ​សង់​របង​ថ្មី​ជំនួស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។