គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា មិនមាន​គោលការណ៍ ឬ​ផែនការ ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច​ហ៊ុនសែន ទេ​

ភ្នំពេញ: ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​ប្រកាស នៅ​យប់​ថ្ងៃទី​២៥​មករា​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំមាន​គោលការណ៍ ឬ​ផែនការ​ឲ្យ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក ឬ​ប្រទេស​កាណាដា រៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​សហរដ្ឋអាមេរិក នា​ខែកុម្ភៈ​ខាងមុខនេះ​ទេ​។​

​សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​។​

​ក្នុង​សេចក្តីប្រកាស គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា "​គណបក្ស​ពុំមាន​គោលការណ៍ ឬ​ផែនការ​ឲ្យ​សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា រៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​សហរដ្ឋអាមេរិក នា​ខែកុម្ភៈ ខាងមុខ​នោះទេ​"​។​

​សេចក្តីប្រកាស​ដដែល បញ្ជាក់ថា "​គោលដៅ​របស់​ស​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដោយ​គ្មាន​អំពើហិង្សា​"​។​

​សូម​រម្លឹកថា សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​២៥​មករា នៅមុន​ដំណើរ​ទៅកាន់​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ថា ប្រសិនបើ​មានការ​ធ្វើបាតុកម្ម នៅ​អាមេរិក ប្រឆាំង​សម្តេច នោះ​នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដោយ​ឆ្លើយតប​នឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា "​បើ​ក្មួយ​យល់ថា បាតុកម្ម​ប្រឆាំង​ពូ មាន​ប្រយោជន៍ ក៏​សុំ​ធ្វើតាម​ចិត្ត​ចុះ ព្រោះ​វា​ជា​មុខជំនាញ​របស់​ពួក​ក្មួយ​ទៅហើយ​។ អ្វីដែល​ក្មួយ​ត្រូវ​ចាំ ហើយ​ប្រាប់ត​គ្នា ទៅ​មេ​ក្មួយ ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​នោះ គឺ​ត្រូវ​ទទួលស្គាល់​សិទ្ធិ​បាតុកម្ម​របស់​អ្នកគាំទ្រ​ពូ ប្រឆាំង​មេដឹកនាំ​ក្មួយ នៅក្នុង​ប្រទេស​វិញ​ដែរ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​មេដឹកនាំ​បក្សប្រឆាំង បាន​បដិសេធន៍​ថា មិន​ពាក់ព័ន្ធ​ជាមួយ​បាតុកម្ម​នៅ​ញី​វ​យ៉​ក​ទេ តែ​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​បក្សប្រឆាំង នៅ​រដ្ឋ​មួយ បាន​បញ្ជាក់ថា បាន​ចំណាយ​ធ្វើបាតុកម្ម ថ្ងៃ​២៦ កញ្ញា ២០១៥ នៅ​ញី​វ​យ៉​ក​។ លាក់​ក្បាល តែ​ចេញ​កន្ទុយ​។ ដូចនេះ បាតុកម្ម​នៅក្នុង​ស្រុក ជា​លទ្ធភាព អាច​កើតមាន ដើម្បី​ប្រឆាំង​មេដឹកនាំ​បក្សប្រឆាំង​"​។​

​ការលើកឡើង​ខាងលើនេះ ត្រូវបាន​សម្តេច​ហ៊ុនសែន ឆ្លើយតប​នឹង​សកម្មជន​របស់​គណបក្ស​ប្រឆាំង នៅ​សហរដ្ឋអាមេរិក ដែល​បានប្រកាស​រៀបចំ​ធ្វើបាតុកម្ម ដើម្បី​ប្រឆាំង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នៅពេលដែល​សម្តេច​ហ៊ុនសែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។

​សកម្មជន​បក្សប្រឆាំង បាន​សរសេរ​នៅលើ Facebook ថា "​សួស្តី​សម្តេច​, ខ្ញុំ​ចង់​ជំរាប​សំ​ដាច់​ថា​.. ពួកយើង​ជា​ខ្មែរ​អាមេរិកកាំង បានរៀបចំ​បាតុកម្ម​អហឹ​ង្សា សម្រាប់​ទទួល​ស្វាគមន៍​វត្តមាន​សំ​ដាច់​នៅ Palm Springer, Ca"៕​

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា មិនមាន​គោលការណ៍ ឬ​ផែនការ ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច​ហ៊ុនសែន ទេ​