សមត្ថកិច្ច កងរាជអាវុធហត្ថ បញ្ជូនមនុស្ស ៤៥នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខយុវជន ប្រើប្រាស់គ្រឿងញៀន ៣៩នាក់ និងបញ្ជូនក្រុមចោរលួចគាស់ផ្ទះ យ៉ាងសកម្ម ចំនួន០៥នាក់ ទៅតុលាការ។

យោងតាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនញៀនថ្នាំ ៣៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់ម៉ោង ២១និង០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលពួកគេនាំគ្នា ចូលទៅសម្ងំជក់គ្រឿងញៀន ក្នុងតំបន់នោះ ហើយយុវជនទាំងនោះ គឺសុទ្ធតែមានអាយុចន្លោះពី ១៦ទៅ៣០ឆ្នាំ ។

សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានី ភ្នំពេញបានបន្តទៀតថា កន្លងមកក្នុងតំបន់ត្រពាំងឈូកនេះ គឺសមត្ថកិច្ចបានចុះ បង្រ្កាបជាញឹកញាប់ និងឃាត់ខ្លួនអ្នកលក់ និងអ្នកជក់គ្រឿងញៀន រាប់រយនាក់មកហើយ តែដោយតំបន់នេះជាតំបន់អានាធិបតេយ្យ ព្រមទាំងមានភូមិសាស្ត្រ ស្មុគ្រស្មាញ ទើបធ្វើឲ្យយុវជនញៀនថ្នាំ ទាំងនោះ ចេះតែចូលទៅប្រមូលផ្តុំគ្នា ជក់ គ្រឿងញៀន ដោយមិនខ្លាចក្រែងអ្វីឡើយ។

បច្ចុប្បន្នយុវជន ទាំង ៣៩នាក់ កំពុងត្រូវសមត្ថកិច្ចសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ។

ទន្ទឹមគ្នានោះដែរ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បង្ក្រាប បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូន ក្រុមចោរដើរលួច និងគាស់ផ្ទះយកសម្ភារៈយ៉ាងសកម្ម ០៥នាក់ ទៅតុលាការផងដែរ បន្ទាប់ពីក្រុមនេះបានលួចគាស់ ផ្ទះមន្ត្រីយោធា ម្នាក់ស្ថិតនៅ ផ្ទះលេខ៤៩១A ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយយកបាន កាំភ្លើងខ្លី០១ដើម ទូរស័ព្ទ I-Phone6 មួយគ្រឿង ហើយត្រូវសមត្ថកិច្ចជំនាញ របស់ការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការណ៍ជាមួយ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួនបានជា បន្តបន្ទាប់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ព្រមទាំងចាប់យក វត្ថុតាង ដែលពួកគេបានលួច ប្រគល់ជូនម្ចាស់ដើមវិញ។

តាមចម្លើយ សារភាពរបស់ពួកគេ បានឲ្យដឹងថា កន្លងមកពួកគេ គឺដើរលួច និងគាស់ផ្ទះ ជាច្រើនដងផងដែរ។

សមត្ថកិច្ច កងរាជអាវុធហត្ថ បញ្ជូនមនុស្ស ៤៥នាក់ ទៅតុលាការ

សមត្ថកិច្ច កងរាជអាវុធហត្ថ បញ្ជូនមនុស្ស ៤៥នាក់ ទៅតុលាការ

សមត្ថកិច្ច កងរាជអាវុធហត្ថ បញ្ជូនមនុស្ស ៤៥នាក់ ទៅតុលាការ