រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក ចន ឃើរី ធ្វើដំណើរមកដល់ កម្ពុជាហើយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក ចន ឃើរី បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃចន្ទ ទី២៥ ខែ មករា ឆ្នាំ២០១៦ ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ច ជាផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា (២៥-២៦) ប្រយោជន៍ត្រួសត្រាយផ្លូវ មុនចាប់ផ្តើមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នាខែកុម្ភៈ ខាងមុខនេះ នៅសហរដ្ឋអាមេរិក។

លោក អ៊ុច ប៊ូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់ នូវដំណើរមកដល់របស់លោក ឃើរី។

យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងថា តាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ចន ឃេរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិក ដឹកនាំគណប្រតិភូមួយ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ ២៦ ខែមករា ឆ្នាំ២០១៦ ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។

ប្រភពដដែល ឲ្យដឹងថា “ក្នុងឱកាសទស្សនកិច្ចនេះ លោក ចន ឃេរី នឹងជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងជួបចរចារផ្លូវការជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង”។

មុនធ្វើដំណើរមកដល់កម្ពុជា លោករដ្ឋមន្រ្តី បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួន នៅអឺរ៉ុប អាស៊ីកណ្តាល និងឡាវ ។ បន្ទាប់ពីកម្ពុជា លោកក៏នឹងទៅធ្វើទស្សនកិច្ច នៅចិនផងដែរ។

ដោយឡែកបើយោងតាមទូរលេខពីស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃចន្ទនេះ ផងដែរថា ក្នុងឱកាសនៃការមកដល់កម្ពុជានេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក នឹងជួប សំដែង ការគួរសមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង ស្របពេល ដែលកិច្ចពិភាក្សាស្តី Sunnylands នឹងស្ថិតក្នុងរបៀបវារៈ នៃកិច្ចប្រជុំ។

កិច្ចពិភាក្សា ក៏នឹងផ្តោតសំខាន់ថែមទៀត ទៅលើបញ្ហាសេដ្ឋកិច្ច ក៏ព្រោះតែ អាមេរិក និង កម្ពុជា កន្លងមក បានសម្រេចលទ្ធផលគាប់ប្រសើរបំផុត គឺទំនាក់ទំនងផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងក្លា ស្របពេលដែលកម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានសេដ្ឋកិច្ច រីកចំរើនលឿនបំផុត នៅក្នុងតំបន់ អាស៊ី ផងដែរ។

ទូរលេខ ដដែលបន្តថា “ប៉ុន្តែនៅតំណាលគ្នានោះ យើងមានការព្រួយបារម្ភចំពោះ ការវិវឌ្ឍបញ្ហានយោបាយ។ បើទោះ បីជាមានការប្រើប្រាស់ឥទ្ធិពលនៃអំណាច ទៅលើដំណើរការនយោបាយ ក្នុងអំឡុងពេល ជាងពីរឆ្នាំចុងក្រោយនេះក៏ដោយ ក៏លទ្ធផលដែលចេញក្រោយការបោះឆ្នោត បានបង្ហាញពី ការកើតឡើងនៃអាសនៈ ដ៏គួរឲ្យកត់សំគាល់បំផុត ចំពោះបក្សប្រឆាំងនៅក្នុងសភា”។

ទោះបីជាបែបនេះ វាក៏មាននូវបញ្ហាមួយចំនួន ជះត្រឡប់មកវិញដែរ។ ជាក់ស្តែងទំនាក់ទំនង រវាងរវាងគណបក្សកាន់អំណាច និង គណបក្សប្រឆាំង បានកកស្ទះទៅហើយ ឥឡូវនេះ។ មេដឹកនាំបក្សប្រឆាំង កំពុងស្នាក់នៅក្រៅស្រុក ដូច្នេះលោករដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនជួបពិភាក្សាតែជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ដោយលោកនឹងជួបផងដែរជាមួយ នឹងគណបក្សប្រឆាំង។ នេះបើតាមប្រភពដដែល។

បន្ថែមពីនេះទៀត លោក ចន ឃើរី នឹងជួបពិភាក្សាជាមួយសមាជិកនៃអង្គការសង្គមស៊ីវិល ដើម្បីគូសបញ្ជាក់អំពីការគាំទ្ររបស់អាមេរិក ចំពោះប្រជាធិបតេយ្យនៅកម្ពុជា ព្រមជាមួយនឹង ការគាំទ្រយ៉ាងសំខាន់បំផុត ទៅលើផ្នែកសិទ្ធិមនុស្ស, សិទ្ធផ្នែកស៊ីវិល, និង ការបើក ចំហផ្នែកនយោបាយ តែម្តង៕

រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក ចន ឃើរី ធ្វើដំណើរមកដល់ កម្ពុជាហើយ

រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក ចន ឃើរី ធ្វើដំណើរមកដល់ កម្ពុជាហើយ

រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក ចន ឃើរី ធ្វើដំណើរមកដល់ កម្ពុជាហើយ