យុវតី ដែល​ប្រមាថ​សម្តេច​ហ៊ុនសែន តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ប៉ូលិស​ដោះលែង​វិញ​ហើយ​

ភ្នំពេញ: ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ បាន​ឲ្យ​ដឹងថា យុវតី ដែល​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៥​មករា​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​២៥​មករា​នេះ បន្ទាប់ពី​សាកសួរ​រួច​។

ប៉ូលិស​បញ្ជាក់ថា យុវតី​រូបនោះ ក៏បាន​សារភាពថា ខ្លួន​ក៏បាន​រងគ្រោះ​ក្នុង​រឿងនេះ​ដែរ ដោយសារតែ​គេ​យក​រូបថត​នាង​ទៅប្រើ ហេតុនេះ សមត្ថកិច្ច​បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ និង​ស្វែងរក​អ្នក ដែល​បាន​ប្រព្រឹត្ត​ពិតប្រាកដ​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​២៥​មករា ឆ្នាំ​២០១៦ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្រី​ស្អាត​ម្នាក់ ដែល​បាន​ខាង​រិះគន់​រដ្ឋាភិបាល និង​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ប្រមាថ​ដល់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន​។ ស្ត្រី​នោះ ត្រូវបាន​ឃាត់ខ្លួន ក្នុង​ទឹកដី​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា អំឡុងពេល​សម្តេច​ហ៊ុនសែន ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​សឹង្ហ​បុរី កាលពី​សប្តាហ៍​មុន យុវតី ដែល​ដាក់ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​កថា "Kim Bopha" បាន​សរសេរ​បង្ហោះ​ដំណឹង​ថា សម្តេច​ហ៊ុនសែន ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ នៅ​ប្រទេស​សឹង្ហ​បុរី​៕